ព័ត៌មានថ្មីៗ

អ្នកជំនាញអាជ្ញាធរជាតិអប្សរាចូលរួមកម្មវិធីពិភាក្សាផ្លាស់ប្តូរបទពិសោធនៃការរៀបចំខ្សែសៀគ្វីទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកសំបូរព្រៃគុក

បានផ្សាយនៅ ថ្ងៃទី 18 ខែ កុម្ភៈ ឆ្នាំ2021 01:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងគោលដៅរៀបចំនិងដាក់ចេញនូវខ្សែសៀគ្វីទស្សនារមណីយដ្ឋានសំបូរព្រៃគុក អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំកម្មវិធីកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការរៀបចំខ្សែសៀគ្វីទេសចរណ៍រយៈពេល៣ថ្ងៃ និងបានអញ្ជើញមន្រ្តីបុគ្គលិកជំនាញផ្នែករៀបចំខ្សែសៀគ្វីទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាចូលរួមដើម្បីចែករំលែកបទពិសោធន៍ការងាររៀបចំខ្សែសៀគ្វីទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរកន្លងមក។

ជាលទ្ធផលនៃកិច្ចពិភាក្សាររវាងមន្រ្តីបុគ្គលិកជំនាញទាំងពីរស្ថាប័នដែលបំពេញការងារក្នុងចក្ខុវិស័យរួមគឺការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក គំនិតរៀបចំខ្សែសៀគ្វីទស្សនាក្រុមប្រាសាទក្នុងរមណីយដ្ឋានសំបូរព្រៃគុកចំនួន៦ត្រូវបានដាក់ចេញដើម្បីបន្តការសិក្សាស៊ីជម្រៅដែលក្នុងនោះមាន៖

១. សិក្សារៀបចំទិសដៅទស្សនាដោយកំណត់ច្រកចេញចូលច្បាស់លាស់សម្រាប់ក្រុមប្រាសាទធំៗចំនួន៣គឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ។
២. សិក្សាដាក់ចេញនូវខ្សែទស្សនាដែលភ្ជាប់ក្រុមប្រាសាទធំៗទាំងបីគឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ ជាមួយនឹងប្រាសាទដើមចាន់ ប្រាសាទអាស្រមមហាឫស្សីនិងប្រាសាទជ្រៃ ដោយមានជម្រើសរយៈពេលទស្សនាផ្សេងៗគ្នា(សៀគ្វីរយៈពេលវែង មធ្យម និងខ្លី)។ ខ្សែសៀគ្វីនេះគ្រោងតម្រូវឱ្យយានជំនិះគ្រប់ប្រភេទដាក់ភ្ញៀវនៅមុខក្រុមប្រាសាទយាយព័ន្ធខាងកើត ហើយត្រឡប់ទៅឈប់ចាំទទួលភ្ញៀវនៅម្តុំមុខប្រាសាទជ្រៃ។
៣. សិក្សាដាក់ចេញនូវខ្សែសៀគ្វីកង់ និងរទេះគោ ដែលអាចមានជម្រើសខ្សែវែង និងខ្សែខ្លី ក្រោមចំណងជើង «ទស្សនារមណីយដ្ឋានសំបូរព្រៃគុកដោយជិះកង់ឬរទេះគោ»។
៤. សិក្សាដាក់ចេញនូវខ្សែសៀគ្វីរយៈពេល១ថ្ងៃពេញដើម្បីលើកតម្លៃប្រាសាទតូចៗមួយចំនួន រួមទាំងក្រុងបុរាណ «ឦសានបុរ» ដោយភ្ជាប់ជាមួយក្រុមប្រាសាទធំៗទាំង៣។
៥. សិក្សាស៊ីជម្រៅបន្ថែមដើម្បីដាក់ចេញនូវខ្សែទស្សនាក្រោមប្រធានបទពិសេស «ស្វែងយល់ពីចម្លាក់លើប្រាសាទឥដ្ឋ» ដែលភ្ញៀវទេសចរអាចទទួលបានព័ត៌មានលម្អិតពីចម្លាក់ «ប្រាសាទអណ្តែត» និងចម្លាក់ «មេដៃយ៉ុង» ដែលទាំងនេះជាតម្លៃលេចធ្លោរជាសកល (outstanding universal value) របស់រមណីយដ្ឋានសំបូរព្រៃគុកបេតិកភណ្ឌពិភពលោក។
៦. សិក្សារៀបចំខ្សែសៀគ្វីសម្រាប់ទេសចរបែបសមាធិ ដោយក្នុងនោះអាចកំណត់យកប្រាសាទត្រពាំងរពាក់ឬប្រាសាទគក់ទ្រូងជាទីតាំងបញ្ចប់ខ្សែទស្សនា និងស្នើឱ្យទេសចរអាចធ្វើសមាធិបែបពុទ្ធសាសនា នៅទីនោះបាន។

គំនិតជំហានដំបូងទាំង៦ខាងលើនេះនឹងត្រូវសិក្សាស៊ីជម្រៅលម្អិតបន្ថែមរួមគ្នាបន្តទៀតរវាងមន្រ្តីបុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក។

























អត្ថបទ និងរូបថត ៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ក្នុងន័យបង្កើនគុណភាពសេវាទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ល្អៗពីការទស្សនាប្រាសាទបន្ទាយស្រី នាយកដ្ឋានអភិវឌ្ឍន៍ វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានផ្លាស់ប្តូរផ្ទាំងព័ត៌មាន និងស្លាកសញ្ញាប្រាប់ទិសដែលចាស់ទ្រុឌទ្រោម រលុបអក្សរចេញ ដោយជំនួសមកវិញនូវផ្ទាំងព័ត៌មាននិងស្លាកសញ្ញាថ្មី ដែលមានបន្ថែមនូវព័ត៌មានអំពីរយៈចម្ងាយពីទីតាំងមួយទៅទីតាំងមួយទៀត។
ប្រជាកសិករនៃសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ដបារាយណ៍ខាងលិច កំពុងរីករាយជាមួយនឹង ទិន្នផលស្រូវនៅក្នុងរដូវនេះ ដែលតាមការអះអាង ឆ្នាំនេះមានការកើនឡើងជាងឆ្នាំទៅ។ ប្រជាកសិករទាំងនោះអះអាងថា កំណើនទិន្នផលស្រូវឆ្នាំនេះ ក៏ដោយសារការទទួលទឹកពីបារាយណ៍ខាងលិចដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានទាន់ពេលវេលា និងក្នុងបរិវេណគ្រប់គ្រាន់សម្រាប់បំពេញស្រែរាប់សិបហិកតារបស់ពួកគេ។
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារបានចុះពិនិត្យនិងជួយ សម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅ ដ្ឋាននិងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៤៧០គ្រួសារ។
ក្រុមអ្នកជំនាញជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យារួចរាល់ហើយ ព្រមទាំងបានជួសជុលច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០០០០ម៉ែត្រគូប។ ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅផ្តិតរូបភាពប្រាសាទអង្គរវត្តពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុលនិងលើកតម្លៃរចនាសម្ពន្ធស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
67894
ម្សិលមិញ
:
70889
សប្តាហ៍នេះ
:
138783
ខែនេះ
:
0138783
សរុប
:
015208586