ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី 24 ខែ មករា ឆ្នាំ2021 11:44 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១-ការរៀបចំកិច្ចប្រជុំបច្ចេកទេលើកទី៣៤ និងកិច្ចប្រពេញអង្គលើកទី២៧របស់គណៈ កម្មាធិការអន្តរជាតិហៅកាត់អាយស៊ីស៊ី-អង្គរ (ICC-Angkor)
អាជ្ញាធរជាតិអប្សរា នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ អាយស៊ីស៊ី-អង្គរ (ICC-Angkor) នៅថ្ងៃអង្គារ និងថ្ងៃពុធ ១៣កើតនិង១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ និងទី២៧ ខែមករា ឆ្នាំ ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហប្រធានទាំងពីរ (បារាំង-ជប៉ុន)។

២-អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះត្រួតពិនិត្យការងារប្រចាំខែ នៅក្នុងរមណីយដ្ឋានអង្គរ
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំនៅតាមទីតាំងជាក់ស្តែងនៃការងារ ដើម្បីផ្តល់យោបល់បច្ចេកទេស និងដំណោះស្រាយនានា សម្រាប់កិច្ចការទាំងនោះ។ ក្នុងនោះ អង្គប្រជុំពិភាក្សាលើការបង្កើត ទីតាំងចំណតថ្មី ចៀសវាងកុំឱ្យភ្ញៀវទេសចរចតនៅមុខប្រាសាទចៅសាយទេវតា និងខាងកើតខ្លោងទ្វារជ័យ ការរៀបចំផ្លូវថ្មីដើម្បីឱ្យភ្ញៀវទេសចរអាចដើរកម្សាន្តមកកាន់រហាត់ទឹកនៅក្នុងសួនបណ្តុះកូនឈើ ស្ពានថ្មប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទបានងាយស្រួល និងលទ្ធភាពនៃការបង្កើតផ្លូវដើរឬផ្លូវកង់ចេញពីខ្លោងទ្វារជ័យទៅខ្លោងទ្វារខ្មោច និងទីតាំងចំណតនៅក្នុងក្រុងអង្គរធំ ដើម្បីពង្រីកហេដ្ឋារចនាសម្ពន្ធចំណតរថយន្តសម្រាប់បម្រើឱ្យវិស័យទេសចរណ៍។
ក្រៅពីនោះទៀត ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានស្នើយោបល់ទៅកាន់អ្នកជំនាញបុរាណវិទ្យា ដើម្បីរៀបចំស្តារស្រះនៅខាងត្បូង នៃផ្លូវចូលខាងកើតប្រាសាទបាយ័ន្តឡើងវិញ ការរៀបចំប្រព័ន្ធរំដោះទឹកចេញ និងជាចុងបញ្ចប់នៃដំណើរត្រួតពិនិត្យប្រចាំខែមករានេះ ឯកឧត្តមអគ្គនាយក បានចុះទៅពិនិត្យសំណង់អាគារសាលាបារាំងចុងបូព៌ា ដែលមានអាយុជាង១០០ឆ្នាំមកហើយនៅខាងលិចប្រាសាទបាយ័ន្ត ដើម្បីពិនិត្យមើលស្ថានភាពសំណង់ត្រៀមជួសជុលអាគារនេះឡើងវិញ សម្រាប់ទុកជាកន្លែងរក្សាទុកនូវបុរាណវត្ថុ ផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុកនិងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ។

៣-ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោកអភិបាលស្រុក មន្ត្រីសាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និងប្រជាជនដែលរស់នៅក្នុងភូមិជាច្រើននាក់ បានប្រារព្ធពិធីប្រុងពលីសែនបួងសួងសុំ សេចក្តីសុខចម្រើន និងជោគជ័យក្នុងការជួសជុលលើកដំបូង នូវស្ពានតាអោង ដែលមានអាយុកាលជិត៩០០ឆ្នាំ ស្ថិតក្នុងរចនាបថ បាយ័ន្ត (ឆ្នាំ១១៨១-១២២០នៃគ្រិស្តសករាជ)។ គម្រោងជួសជុលស្ពានបុរាណនេះ បានប្រើថវិកាមូល និធិរបស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោងនៅខែមិថុនា ឆ្នាំ២០២១។
ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណ ដែលមានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤នេះ មានសភាពទ្រុឌទ្រោមខ្លាំង បណ្ដាលមកពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។

៤-អាជ្ញាធរជាតិអប្សរាកំពុងដំណើរការរៀបចំជួសជុលអតីតអាគារសាលាបារាំងចុង បូព៌ានៅខាងលិចប្រាសាទបាយ័ន្
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារព្រៃឈើ ក្រោមការដឹកនាំរបស់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងប្រធានសាលាបារាំងចុងបូព៌ា បានចុះរៀបចំ ត្រៀមជួសជុលអតីតទីស្នាក់ការសាលាបារាំងចុងបូព៌ា ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត។ ការជួសជុលអាគារសាលាបារាំងចុងបូព៌ានេះ នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២១នេះ ក្នុងគោលបំណងសម្រាប់ធ្វើជាកន្លែងរក្សាទុកនូវបុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុក និងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ ដែលគិតមកដល់ពេលនេះ មានអាយុកាលជាង១០០ឆ្នាំមក ហើយ។

៥-ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ
នៅសប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២១ក្រុមការងារសហគមន៍ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនិងដោះស្រាយ សំណើសុំជួសជុលផ្ទះ របស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៤១សំណើ។
ករណីអនុញ្ញាតលើរួមមាន ក្រុមការងារប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងឃុំបាគង ហើយអនុញ្ញាតចំនួន៤សំណើ។ រីឯក្រុមការងារប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី បានពិនិត្យ និងដោះស្រាយនៅ ឃុំខ្នារសណ្តាយ និងឃុំព្រះដាក់ ហើយបានអនុញ្ញាតចំនួន១២សំណើ។ ចំណែកក្រុមការងារប្រចាំស្រុកពួក ដឹកនាំដោយ លោក អឿន សំអុន បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងឃុំខ្នាត ហើយបានអនុញ្ញាតចំនួន៨ សំណើ។ ដោយឡែក ក្រុមការងារប្រចាំក្រុងសៀមរាបដឹកនាំដោយ លោក នង សុវណ្ណរិទ្ធ និងលោក អ៊ឹម សុខរិទ្ធី បានពិនិត្យ និងដោះស្រាយនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ហើយបានអនុញ្ញាតចំនួន១១សំណើ។ ទន្ទឹមនឹងនោះ ក្រុមការងារសហគមន៍ប្រចាំស្រុកអង្គរធំ ដឹកនាំដោយ លោក ព្រហ្ម សំអ៊ាន បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងឃុំលាងដៃ បានអនុញ្ញាតចំនួន៦សំណើ។

៦-អាជ្ញាធរជាតិអប្សរា ផ្លាស់ប្តូរកម្រាលឈើផ្លូវចូលប្រាសាទបន្ទាយស្រី
កម្រាលឈើថ្មើជើងនៅក្នុងបរិវេណបន្ទាយស្រី ត្រង់ចំណុចគោបុរៈទី២ ឬច្រកចូលទី៣នៃប្រាសាទ ត្រូវបានក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ដែលមានការចូលរួមសហការជាមួយក្រុមភ្នាក់ងារទេសចរ រួមទាំងភ្នាក់ងារសណ្ដាប់ធ្នាប់កំពុងរៀបចំជួសជុលផ្លាស់ប្តូរកម្រាលឈើថ្មី។ ការជួសជុលនេះ ត្រូវបានអនុវត្តជាប្រចាំដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ និងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរទស្សនាប្រាសាទ។

៦-អាជ្ញាធរជាតិអប្សរាអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារនៅប្រាសាទបន្ទាយអំពិល
ដើម្បីការពារការរំលោភបំពានដីធ្លី ការបំផ្លាញលើបុរាណដ្ឋាន និងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់បានយល់ដឹងពីតំបន់ការពារ ចូលរួមការពារបុរាណដ្ឋានក្នុងមូលដ្ឋានរបស់ពួកគាត់ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលបេតិកភណ្ឌ និងភ្នាក់ងារប្រចាំការនៅប្រាសាទបន្ទាយអំពិល បានអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល១០គីឡូម៉ែត្រ។ មកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ការបោះបង្គោលបានចំនួន៣០បង្គោលហើយ អាជ្ញាធរជាតិអប្សរាក៏បានធ្វើកំណាយស្រាយជ្រាវ ដើម្បីពិនិត្យមើលទីតាំងបុរាណដ្ឋាននិងវត្ថុបុរាណ ផ្សេងៗដើម្បីសិក្សាស្រាវជ្រាវនិងការពារ។

៧-អាជ្ញាធរជាតិអប្សារារៀបចំដាំបង្គោលឈើនៅតាមដងផ្លូវនៃប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ
ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាំបង្គោលឈើនៅតាមដងផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ។ គោលបំណងនៃការរៀបចំនេះ គឺដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ធានាជូននូវសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ រក្សាសណ្តាប់ធ្នាប់នៃការចតយានជំនិះឱ្យមានរបៀបរៀបរយ ថែរក្សាសោភ័ណភាព ទេសភាពវប្បធម៌អង្គរឱ្យមានភាពស្រស់ស្អាតដើម្បីទាក់ទាញទេសចរ។ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវដល់ម្ចាស់យានយន្តមួយចំនួន សូមចូលចតនិងដាក់ភ្ញៀវចុះតាមទីតាំងកំណត់ ដែលអាជ្ញាធរជាតិអប្សរាធ្វើទីចំណតឱ្យចត ជៀសវាងឱ្យមានភាពកកស្ទះ និងគ្មានសណ្ដាប់ធ្នាប់។

៨-សកម្មភាពកាត់ក្រីមែកឈើ និងដកហូតដើមឈើមានហានិភ័យខ្ពស់ក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតុក្នុងក្រុងអង្គរធំ
ដោយពិនិត្យឃើញមានហានិភ័យខ្ពស់របស់ដើមឈើ ដែលដុះនៅក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតុ ក្រុមជំនាញនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា សហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ ដើម្បីធានាសុវត្ថិភាពជូនពុទ្ធបរិស័ទ ព្រះសង្ឃ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជិវិត និងជួយសម្រាលតួដើមការពារកុំឲ្យបាក់រលំ ខូចខាតដល់រចនាសម្ព័ន្ធរបស់ព្រះវិហារ កុដិ និងយានយន្តគ្រប់ប្រភេទ។ ដើមឈើដែលបានកាត់ក្រីមែកចំនួន៣៤មែករួមមាន ដើមស្រឡៅ១ដើម ដើមឈើទាល៩ដើម ដើមស្លែង១ដើម។ ចំណែកឯដើមឈើងាប់ដែលបានដកហូតចំនួន៤ដើមរួមមាន ដើមឈើទាល ដើមពង្រ ដើមស្រឡៅ និងដើមស្លែង។

៩-អាជ្ញាធរជាតិអប្សរាយក ចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ឧទ្យានអង្គរ
រយៈពេលពីរសប្តាហ៍នៃខែមករា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំ ដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៩៥ករណី រួមមាន៖ ក្រុងសៀមរាប ២៨ករណី ស្រុកបន្ទាយស្រី២៤ករណី ស្រុកអង្គរធំ១០ករណី ស្រុកប្រាសាទបាគង២០ករណី ស្រុកពួក ៤ករណី ស្រុកសូទ្រនិគម១ករណី។ ដោយឡែក ក្រុមការងារផ្នែកស្ថាបត្យកម្ម ក៏បានជួយរៀបចំគំនូសប្លង់បានចំនួន ២៣ ករណីរួមមាន៖ ស្រុកអង្គរធំ ៥ករណី ក្រុងសៀមរាប ៣ករណី ស្រុកប្រាសាទបាគង ៦ករណី ស្វាយលើ ៤ករណី ស្រុកពួក ១ករណី និងស្រុកបន្ទាយស្រី ៤ករណី។

ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ក្នុងន័យបង្កើនគុណភាពសេវាទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ល្អៗពីការទស្សនាប្រាសាទបន្ទាយស្រី នាយកដ្ឋានអភិវឌ្ឍន៍ វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានផ្លាស់ប្តូរផ្ទាំងព័ត៌មាន និងស្លាកសញ្ញាប្រាប់ទិសដែលចាស់ទ្រុឌទ្រោម រលុបអក្សរចេញ ដោយជំនួសមកវិញនូវផ្ទាំងព័ត៌មាននិងស្លាកសញ្ញាថ្មី ដែលមានបន្ថែមនូវព័ត៌មានអំពីរយៈចម្ងាយពីទីតាំងមួយទៅទីតាំងមួយទៀត។
ប្រជាកសិករនៃសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ដបារាយណ៍ខាងលិច កំពុងរីករាយជាមួយនឹង ទិន្នផលស្រូវនៅក្នុងរដូវនេះ ដែលតាមការអះអាង ឆ្នាំនេះមានការកើនឡើងជាងឆ្នាំទៅ។ ប្រជាកសិករទាំងនោះអះអាងថា កំណើនទិន្នផលស្រូវឆ្នាំនេះ ក៏ដោយសារការទទួលទឹកពីបារាយណ៍ខាងលិចដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានទាន់ពេលវេលា និងក្នុងបរិវេណគ្រប់គ្រាន់សម្រាប់បំពេញស្រែរាប់សិបហិកតារបស់ពួកគេ។
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារបានចុះពិនិត្យនិងជួយ សម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅ ដ្ឋាននិងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៤៧០គ្រួសារ។
ក្រុមអ្នកជំនាញជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យារួចរាល់ហើយ ព្រមទាំងបានជួសជុលច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០០០០ម៉ែត្រគូប។ ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅផ្តិតរូបភាពប្រាសាទអង្គរវត្តពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុលនិងលើកតម្លៃរចនាសម្ពន្ធស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
65983
ម្សិលមិញ
:
70889
សប្តាហ៍នេះ
:
136872
ខែនេះ
:
0136872
សរុប
:
015206675