NEWS

ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

Published on 20 January 2021 02:32 PM Post By ៖ Apsara National Authority

ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។

តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនិងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា៖ អាជ្ញាធរជាតិអប្សរាផ្តើមគម្រោងជួសជុលដំណាក់កាលទី១នេះចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើងដែលបានរលុះធ្លាក់និងមានរហែកធំចេញក្រៅប្រឈមនឹងការរលុះធ្លាក់។ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្មដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិចនិងការរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។

ចំពោះប្រវត្តិនិងចំណុចសំខាន់នៃស្ពានបុរាណមួយនេះ លោក ពុទ្ធ សុទ្ធ បានប្រាប់ថា៖ ស្ពានតោអោងឬតាអុង មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ រន្ធត្រដេវនីមួយៗមានទទឹងប្រវែង២ម៉ែត្រនិងកម្ពស់៦ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់។ ចំពោះកាលបរិច្ឆេទនៃស្ពាននេះ គេពុំដឹងច្បាស់ថាវាចាប់ផ្តើមកសាងឡើងក្នុងរាជ្យណាទេ គឺគ្រាន់តែដឹងជាទូទៅថាស្ពាននេះសាងឡើងនាសម័យអង្គរ។ ប៉ុន្តែបើមើលលើចម្លាក់បង្កាន់ដៃនាគ គេអាចដឹងថា វាស្ថិតក្នុងរចនាបថបាយ័ន្ត (ឆ្នាំ១១៨១-១២២០នៃគ្រិស្តសករាជ)។

សូមបញ្ជាក់ថា ស្ពានបុរាណដែលមានអាយុកាលជិត៩០០ឆ្នាំនេះ បានប្រារព្ធពិធីប្រុងពលីសែនបួងសួងសុំសេចក្តីសុខចម្រើននិងជោគជ័យក្នុងការជួសជុលលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដែលមានឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរានិងសហការី រួមនឹងលោកអភិបាលស្រុក មន្ត្រីសាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និងប្រជាជនដែលរស់នៅក្នុងភូមិជាច្រើននាក់បានចូលរួមឱ្យពរជ័យ។ គម្រោងជួសជុលស្ពានបុរាណនេះ បានប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោងនៅខែមិថុនា ឆ្នាំ២០២១៕

















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ក្នុងន័យបង្កើនគុណភាពសេវាទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ល្អៗពីការទស្សនាប្រាសាទបន្ទាយស្រី នាយកដ្ឋានអភិវឌ្ឍន៍ វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានផ្លាស់ប្តូរផ្ទាំងព័ត៌មាន និងស្លាកសញ្ញាប្រាប់ទិសដែលចាស់ទ្រុឌទ្រោម រលុបអក្សរចេញ ដោយជំនួសមកវិញនូវផ្ទាំងព័ត៌មាននិងស្លាកសញ្ញាថ្មី ដែលមានបន្ថែមនូវព័ត៌មានអំពីរយៈចម្ងាយពីទីតាំងមួយទៅទីតាំងមួយទៀត។
ប្រជាកសិករនៃសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ដបារាយណ៍ខាងលិច កំពុងរីករាយជាមួយនឹង ទិន្នផលស្រូវនៅក្នុងរដូវនេះ ដែលតាមការអះអាង ឆ្នាំនេះមានការកើនឡើងជាងឆ្នាំទៅ។ ប្រជាកសិករទាំងនោះអះអាងថា កំណើនទិន្នផលស្រូវឆ្នាំនេះ ក៏ដោយសារការទទួលទឹកពីបារាយណ៍ខាងលិចដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានទាន់ពេលវេលា និងក្នុងបរិវេណគ្រប់គ្រាន់សម្រាប់បំពេញស្រែរាប់សិបហិកតារបស់ពួកគេ។
នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារបានចុះពិនិត្យនិងជួយ សម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅ ដ្ឋាននិងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៤៧០គ្រួសារ។
ក្រុមអ្នកជំនាញជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យារួចរាល់ហើយ ព្រមទាំងបានជួសជុលច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០០០០ម៉ែត្រគូប។ ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅផ្តិតរូបភាពប្រាសាទអង្គរវត្តពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុលនិងលើកតម្លៃរចនាសម្ពន្ធស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។
FirstPrev12345...395396NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
66216
Yesterday
:
70889
This Week
:
137105
This Month
:
0137105
Total
:
015206908