ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី ខែវិច្ឆិការ ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ2020 10:13 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១ អគ្គនាយកអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរោគាពាធ។
ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ ក៏បានសម្តែងនូវការគោរពនិងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ ប៊ី មាលា និងក្រុមគ្រួសារចំពោះការបាត់បង់ ឯកឧត្តម អ៊ឹង ហឿន ដែលជាស្វាមី ឪពុក ជីតាមួយរូបប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់នៃកូន ចៅ ចៅទួតទាំងអស់នៅក្នុងគ្រួសារ។
ក្នុងឱកាសដ៏សោកសៅនេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរានិងសហការី ក៏សូមឧទ្ទិសកុសលផលបុណ្យដែលបានសាងនិងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម អ៊ឹង ហឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងការគោរព ដឹងគុណ និងចងចាំជានិច្ចនូវស្នាដៃរបស់ឯកឧត្តមចំពោះប្រទេសជាតិ ពិសេសការអភិវឌ្ឍនៅខេត្តសៀមរាប។

២ អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងគ្រប់នាយកដ្ឋាននិងអង្គភាពចំណុះ ដើម្បីបញ្ជាក់នូវភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រង បរិស្ថានអង្គរតាមតម្រូវការនៃស្តង់ដារ ISO-14001:2015 នៅក្នុងរយៈពេលនៃការអនុវត្តបន្តពីសវនកម្មឆ្នាំមុន។
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងកម្មវិធីបើកសវនកម្មផ្ទៃក្នុងថា បរិស្ថាននៅទីនេះផ្តោតលើធាតុ២សំខាន់ គឺធម្មជាតិ និងវប្បធម៌ ជាអ្វីៗដែលស្ថិតនៅជុំវិញខ្លួនយើង ហើយកត្តាទាំង២នេះ គឺមានការចូលរួមរបស់មនុស្ស ជាអ្នកជំរុញការងារឱ្យមានភាពប្រទាក់ក្រឡា និងសុខដុមរមនាជាមួយគ្នាដោយមិនអាចខ្វះមួយណាបានឡើយ។
ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបរិស្ថាន-អង្គរ បានបញ្ជាក់ថា ការបើកសវនកម្មផ្ទៃក្នុងនៅពេលនេះ ក្នុងគោលបំណងដើម្បីត្រៀមលក្ខណៈជាមុន និងពិនិត្យឱ្យឃើញនូវភាពអនុលោម និងភាពមិនអនុលោមទាំងឡាយ សំដៅកែលម្អ ត្រៀមលក្ខណៈទទួលធ្វើសវនកម្មផ្ទៃក្រៅ ដែលនឹងប្រព្រឹត្តិទៅ នៅឆ្នាំ២០២១ខាងមុខនេះ។

៣ យុវជននិងគ្រូបង្រៀនចំនួន១៥០នាក់នៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញស្វែងយល់អំពីការគ្រប់គ្រងបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ
នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ង៉ែត សុខចាន់ ប្រធានការិយាល័យយុវជននៃមន្ទីរអប់រំ និងយុវជនរាជធានីភ្នំពេញ បានដឹកនាំក្រុមប្រឹក្សាកុមារកម្ពុជា-យុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ នៃក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញចំនួន១៥០នាក់ មកស្តាប់បទបង្ហាញអំពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូយុវជនទាំង១៥០នាក់នេះ ឯកឧត្តម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក៏បានធ្វើបទបង្ហាញអំពីកិច្ចការអភិរក្សប្រាសាទ បញ្ហាប្រឈម កិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ។រីឯ ឯកឧត្តម សុខ សង្វារ អគ្គនាយករង ក៏បានធ្វើបទបង្ហាញអំពីការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ និងលោក ម៉ុក គន្ធី ប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ បានបង្ហាញអំពីស្ថាប័នអាជ្ញាធរជាតិអប្សរាដល់យុវជនដើម្បីទទួលបានចំណេះដឹងថ្មី ព្រមទាំងពួកគេបានស្វែងយល់ដោយផ្ទាល់នៅតាមការដ្ឋានថែមទៀត ។

៤ សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ របស់អាជ្ញាធរជាតិអប្សរាបង្ហាញថាមានភាពល្អប្រសើរលើសឆ្នាំកន្លងមក
នៅក្នុងពិធីបិទសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុន មណីនីតា ប្រធានសវនករបានបង្ហាញថា សវនកម្មនៅឆ្នាំ២០២០នេះ មានភាពល្អប្រសើរគួរជាទីមោទនភាពជាងឆ្នាំកន្លងមក ហើយភាពល្អប្រសើរឡើង គឺក្នុងនោះមិនមានចំណុចមិនអនុលោមឡើយ ចំណុចតាមអង្កេត២ ចំណុចប្រសើរ១៦ និងអនុសាសន៍១០។
ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានសាទរចំពោះលទ្ធផលដ៏ល្អដែលទទួលបាននៅពេលនេះ និងបញ្ជាក់ថា ភាពជោគជ័យល្អប្រសើរនេះបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ រួមទាំងមន្រ្តី-បុគ្គលិកទាំងអស់។ ឯកឧត្តម បានផ្ដាំផ្ញើដល់គ្រប់នាយកដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ដើម្បីធ្វើយ៉ាងណា ឱ្យលទ្ធផលកាន់តែប្រសើរជាងនេះជាបន្តបន្ទាប់។
គួរបញ្ជាក់ថា សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ធ្វើឡើងដើម្បីប្រសិទ្ធភាព ផ្តោតលើលទ្ធផលសម្រេចបានតាមគោលនយោបាយ និងគោលបំណងបរិស្ថាន។ ស្ថានភាពនៃការគោរពច្បាប់បញ្ញត្តិទាក់ទងនឹងបរិស្ថាន ឆ្លើយតបទៅនឹងការប្រាស្រ័យទាក់ទងជាមួយភាគីផ្ទៃក្រៅ ស្ថានភាពនៃការកែតម្រូវ និងការបង្ការភាពមិនអនុលោម កែលម្អការសម្តែងបរិស្ថានទាំងមូល។

៥ អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលព្រះពុទ្ធបដិមាមួយអង្គ នៅរួតបាកាណកំពូលប្រាសាទអង្គរវត្ត
ព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណកំពូលប្រាសាទអង្គរវត្ត ដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញអភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០នេះ។ លោក សយ សុភារិន្ទ មន្ត្រីជំនាញអភិរក្សចម្លាក់ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាអ្នកជួសជុលបានលើកឡើងថា ព្រះពុទ្ធបដិមាអង្គនេះមានបញ្ហាមួយចំនួននៅត្រង់ព្រះកេស ព្រះភក្រ្ត ព្រះបាទផ្នែកខាងក្រោម និងជើងទម្រទប់លំនឹង។
ដើម្បីសង្គ្រោះបដិមាឱ្យល្អប្រសើរឡើងវិញ ក្រុមអ្នកអភិរក្សត្រូវតាមដានអង្កេតមើល ពីស្ថានភាពខូចខាតជាប្រចាំ ហើយសិក្សាស្រាវជ្រាវចងក្រង និងជួសជុលឱ្យបានទាន់ពេលវេលា បង្ការកុំឱ្យមានបញ្ហាធ្ងន់ធ្ងរដល់បដិមាទាំងមូល។ បច្ចុប្បន្ននេះ អ្វីដែលត្រូវធ្វើដំបូង គឺពង្រឹងជើងក្រោម ផ្លាស់ប្តូរទ្រនល់សម្រាប់ទប់បដិមាឱ្យមានលំនឹងឡើងវិញ ដើម្បីកាត់បន្ថយកម្លាំងសង្កត់ទៅលើជើងទម្រ។ ព្រះពុទ្ធអង្គនេះ ដើមឡើយគឺនៅជាប់នឹងជញ្ជាំងបិទសន្ធប់ទ្វារបន្ទប់នៅរួតបាកាណ តែត្រូវបានដាប់ចេញពីជញ្ជាំងនៅក្នុងសម័យបារាំងប្រហែលឆ្នាំ១៩៤៣ ដើម្បីជីកកំណាយអណ្តូង កណ្តាលតួបាកាណចុះទៅក្រោមក្នុងបំណងស្រាវជ្រាវបុរាណវិទ្យា។

៦ សប្ដាហ៍ទី៤ ខែវិច្ឆិកានេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៥៤សំណើ
ក្នុងសប្ដាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញា-ធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៥៤ សំណើ។ ការអនុញ្ញាតទាំងនោះរួមមាន ក្រុមការងារប្រចាំស្រុកប្រាសាទបាគង ពិនិត្យ និងដោះស្រាយ ហើយអនុញ្ញាត ចំនួន ៦សំណើ។ ក្រុមការងារប្រចាំស្រុកបន្ទាយស្រី ពិនិត្យ និងដោះស្រាយ ហើយអនុញ្ញាត ចំនួន ៥ សំណើ។ ក្រុមការងារប្រចាំក្រុងសៀមរាប ពិនិត្យ និងដោះស្រាយ ហើយអនុញ្ញាត ចំនួន ១៤សំណើ។ ក្រុមការងារប្រចាំស្រុកពួក ពិនិត្យ និងដោះស្រាយ ហើយអនុញ្ញាត ចំនួន ១៦សំណើ។ ក្រុមការងារប្រចាំស្រុកអង្គរធំ ពិនិត្យ និងដោះស្រាយ ហើយអនុញ្ញាត ចំនួន ១៣សំណើ។

៧ ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គររៀបរាប់ ពីនិតិវិធីស្នើសុំការសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់
លោកតា កែវ ផៃ ប្រជាពលរដ្ឋភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទើបសង់ផ្ទះរួច មានប្រសាសន៍ថា៖ ខ្ញុំស្នើសុំច្បាប់សាងសង់ផ្ទះមិនមានការលំបាកទេ ត្រឹម១ខែគេចេញច្បាប់ឱ្យធ្វើ ព្រោះខ្ញុំមានឯកសារគ្រប់គ្រាន់និងត្រឹមត្រូវតាមលក្ខខណ្ឌដែលអាជ្ញាធរជាតិអប្សរាបានកំណត់ដូចជា ខ្ញុំជាអ្នកស្រុកចាស់រស់នៅតាំងពីឆ្នាំ១៩៨០ជាង មានខ្នងផ្ទះចាស់ មានឯកសារកាន់កាប់ដីធ្លីស្របច្បាប់ មានសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ មុននិងក្រោយអនុញ្ញាតច្បាប់សាងសង់ អាជ្ញាធរជាតិអប្សរាតែងចុះមកពិនិត្យ ថតរូប ក៏ដូចជាប្រឹក្សាយោបល់ផ្សេងៗ។ ពលរដ្ឋភូមិអូរទទឹង លោក សួង ដានី បានលើកឡើងថា ខ្ញុំបានសុំច្បាប់សាងសង់តាមរយៈមេភូមិ ដោយភ្ជាប់ជាមួយឯកសារដែលគេត្រូវការត្រឹមត្រូវ។ មិនតែប៉ុណ្ណោះអាជ្ញាធរជាតិអប្សរា បានជួយសម្របសម្រួល គូស ប្លង់បច្ចេកទេស និងរចនាបថផ្ទះបែបខ្មែរឱ្យខ្ញុំទៀតផង។
លោក ខៀវ វិចិត្រ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរបាន បញ្ជាក់ថា បើប្រជាពលរដ្ឋមានបំណងចង់ដាក់ពាក្យស្នើសុំសាងសង់លំនៅដ្ឋាន ជួសជុលតូចតាច និងសំណើផ្សេងៗអាចមកដាក់ពាក្យនៅច្រកចេញចូលទាំង៦របស់អាជ្ញាធរជាតិអប្សរាដែលមានមន្ត្រី បុគ្គលិក ប្រចាំការនៅទីនោះចាំប្រឹក្សាយោបល់អំពីឯកសារដែលត្រូវភ្ជាប់មកជាមួយដូចជា លិខិតកាន់កាប់ដីធ្លីស្របច្បាប់ សៀវភៅគ្រួសារ សំបុត្រកំណើត និងអត្តសញ្ញាណបណ្ណ។

ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
ដើមដំបូងមុន12345...376377បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0270
ម្សិលមិញ
:
6151
សប្តាហ៍នេះ
:
66705
ខែនេះ
:
0150859
សរុប
:
014210714