NEWS

របៀបផ្តិតសិលាចារឹក

Published on 18 October 2020 03:37 PM Post By ៖ Apsara National Authority
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។

សម្ភារសំខាន់ៗសម្រាប់ផ្តិតនិងសម្អាតសិលាចារឹកមានដូចជា ច្រាសមានដង ច្រាសដុសធ្មេញ ចង្កាក់ឈើ ដបបាញ់ទឹក ជក់ធំ កំណាត់ក្រាស់រមូលជាដុំ (សម្រាប់តប់ដេញខ្យល់) ស្កុតក្រដាស ទឹកខ្មៅប្រអប់ ទឹកខ្មៅដប ប៉ុងកំណាត់បីខ្នាតសម្រាប់តប់ទឹកថ្នាំ ក្រដាសផ្តិត២ប្រភេទ គឺក្រាស់និងស្តើង។

ទាក់ទងនឹងបច្ចេកទេសនៃការផ្តិតសិលាចារឹក លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា គឺអាស្រ័យនឹងស្ថានភាព ទីតាំង និងទំហំនៃសិលារឹក។ ដូច្នោះយើងត្រូវស្វែងយល់ពីលក្ខខណ្ឌទំាងអស់នេះសិន មុននឹងចុះទៅផ្តិត ថាសិលាចារឹកនោះជាថ្មគោលឬស្ថិតនៅលើមេទ្វារប្រាសាទ ជាប្រភេទអក្សរជ្រៅឬរាក់ ដែលអាចឱ្យយើងងាយត្រៀមប្រភេទ និងទំហំក្រដាសជាដើម។ មុនពេលផ្តិតយើងត្រូវមើលពីស្ថានភាពនៃថ្មចារឹក ថាតើមានជាប់ដីឬមានស្លែដុះ ជាហេតុនាំឱ្យរហែកនិងប្រឡាក់ក្រដាស។ ប្រសិនបើមានករណីនេះមែន ត្រូវសម្អាតដោយប្រើទឹកស្អាត ប្រើច្រាសទន់ដុសថ្នមៗលើផ្ទៃអក្សរ និងប្រើចង្កាក់ឫស្សីឆ្កឹះកំណកដីឬស្លែដែលជាប់ក្នុងតួអក្សរបើមាន។

បន្ថែមពីនោះ ក្រោយពេលសម្អាតរួចរាល់ហើយ ត្រូវទុកឱ្យថ្មស្ងួតបន្តិចសិនទើបយើងរៀបចំបិទក្រដាសផ្តិតទៅលើផ្ទៃដែលមានអក្សរ ដោយប្រើស្កុតក្រដាស ហើយក្រដាសដែលប្រើគឺអាស្រ័យនឹងប្រភេទអក្សរចារឹក បើអក្សរជ្រៅប្រើក្រដាសក្រាស់ តែបើរាក់ប្រើក្រដាសស្តើង។ ក្រដាសត្រូវលាតឱ្យធឹងល្អសិនមុននឹងបិទទៅនឹងថ្ម ធ្វើបែបនេះទើបមិនមានខ្យល់ច្រើននៅក្នុងក្រដាសពេលយើងបាញ់ទឹកលើក្រដាសនោះ។ ក្រោយពេលបាញ់ទឹកសព្វទាំងផ្ទៃក្រដាសហើយ យើងនឹងឃើញថាក្រដាសនឹងចាប់រាបជាប់ទៅនឹងសាច់ថ្ម ហើយនៅលើកន្លែងខ្លះទៀតពុំជាប់ដោយសារតែមានខ្យល់នៅក្នុងនោះ។ ហេតុដូច្នេះត្រូវយកខ្យល់ចេញឱ្យអស់ពីក្រដាស ព្រោះខ្យល់នេះហើយជាហេតុធ្វើឱ្យរហែកក្រដាសពេលយើងវាយក្រដាសបញ្ចូលក្នុងតួអក្សរដោយប្រើច្រាស។ ឆ្លៀតពេលដែលយើងកំពុងរៀបចំក្រដាស យើងត្រូវត្រៀមទឹកខ្មៅក្នុងប្រអប់យកទៅហាលថ្ងៃឱ្យស្រេច លុះដល់ក្រដាសរួចរាល់ ទឹកខ្មៅក៏រាវល្មមអាចផ្តិតបាន។

ចំពោះរបៀបយកខ្យល់ចេញពីក្រដាសវិញ យើងអាចប្រើឧបករណ៍ពីរប្រភេទ ទីមួយជក់ធំនិងទីពីរគឺកំណាត់ដែលរមូលជាដុំ។ យើងប្រើជក់ទៅគោះដេញតិចៗនៅកន្លែងដែលមានខ្យល់ គោះដេញពីផ្នែកកណ្តាលទៅគែមសងខាងនៃថ្ម ត្រូវគោះដោយប្រុងប្រយ័ត្នបំផុត ព្រោះក្រដាសសើមងាយនឹងរហែកឬច្បត់មានស្នាម។ បន្ទាប់មកប្រើផ្ទៃរាបទាំងសងខាងនៃកំណាត់រមូលទៅតប់ពង្រាបក្រដាសមួយលើកទៀតជាការស្រេច។

ការងារបន្ទាប់មកទៀត គឺប្រើច្រាសដងវែងវាយផ្ទៃក្រដាស ដោយផ្តោតសំខាន់ត្រង់កន្លែងដែលមានអក្សរឬស្លាកស្នាមគូសវាសផ្សេងៗ។ ការធ្វើបែបនេះក្នុងគោលបំណងឱ្យសាច់ក្រដាសលិចចូលទៅក្នុងប្រឡោះអក្សរឱ្យបានសព្វល្អ លុះពេលផ្តិតទឹកខ្មៅទៅគឺជាប់តែផ្ទៃខាងលើនៃក្រដាសប៉ុណ្ណោះ រីឯអក្សរវិញគឺពណ៌សមិនប្រឡាក់ទឹកថ្នាំឡើយ។ ក្រោយពេលវាយក្រដាសចូលក្នុងប្រឡោះអក្សរសព្វហើយ ត្រូវទុកក្រដាសឱ្យស្រពាប់បន្តិច (មិនឱ្យស្ងួតខ្លាំងទេ) ទើបអាចផ្តិតបាន ព្រោះបើសើមពេកធ្វើឱ្យទឹកថ្នាំរាច តែបើស្ងួតពេក ក្រដាសនឹងហើបចេញពីសាច់ថ្មមកវិញ។

បន្ទាប់មកទៀត ត្រូវរៀបចំសម្អាតប៉ុងកំណាត់ផ្តិតនិងជ្រើសខ្នាតក្រដាសតាមទំហំសិលាចារឹកជាក់ស្តែង ហើយប្រើប៉ុងកំណាត់ផ្តិតលើទឹកខ្មៅ និងប្រើប៉ុងមួយទៀតមកវីគ្នាឱ្យសព្វសាច់ល្អហើយទើបអាចផ្តិតបាន ព្រោះបើពុំដូច្នោះទេពេលផ្តិតទៅនឹងចេញស្នាមដុំៗមិនស្មើសាច់ល្អទេ។ យើងត្រូវផ្តិតពីស្តាំមកឆ្វេងឬពីឆ្វេងមកស្តាំ និងពីលើចុះក្រោម ទៅតាមទំនោរអ្នកផ្តិត។ ត្រូវផ្តិតថ្នមៗដោយរលាស់ប៉ុងតិចៗផងពេលផ្តិតទើបវាស្មើសាច់ល្អ។ អនុវត្តវិធីខាងលើម្តងហើយម្តងទៀតរហូតឃើញថា ផ្ទៃក្រដាសខ្មៅសព្វល្អ តែមិនខ្មៅពេកដែលជាហេតុអាចប្រឡាក់ដល់ក្នុងអក្សរ។

លុះរួចរាល់ហើយទុកក្រដាសឱ្យស្ងួតបន្តិចទើបអាចបកបាន តែមិនឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យក្រដាសស្អិតជាប់នឹងថ្ម នាំឱ្យរហែកពេលយើងបកចេញ។ ពេលបកចេញមកហើយ ក្រដាសត្រូវយកទៅហាលថ្ងៃនៅលើផ្ទៃរាបស្មើឱ្យស្ងួតល្អ។ បន្ទាប់មកត្រូវពិនិត្យលើផ្ទៃថ្មសិលាចារឹកម្តងទៀត ថាមានប្រឡាក់ទឹកខ្មៅឬអត់ បើមានត្រូវយកច្រាសដុសធ្មេញមកដុសសម្អាតថ្នមៗ និងបាញ់ជម្រះដោយប្រើទឹកស្អាត។ ការងារចុងក្រោយគេគឺចុះលេខK. ឈ្មោះ ទីតាំង ថ្ងៃខែ និងក្រុមការងារផ្តិត នៅខាងស្តាំផ្នែកខាងក្រោមនៃក្រដាសផ្តិត៕



















អត្ថបទ៖ លោក វិទូ ភិរម្យ
រូបភាព៖ ក្រុមការងារផ្តិតសិលាចារឹកនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ
ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារព្រៃឈើ ក្រោមការដឹកនាំរបស់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមទាំងមានការចូលរួមពីប្រធានសាលាបារាំងចុងបូព៌ា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានចុះរៀបចំ បោសសម្អាត រៀបចំថ្មឱ្យមានរបៀបរៀបរយ ដើម្បីត្រៀមជួសជុលអតីតទីស្នាក់ការសាលាបារាំងចុងបូព៌ា ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត។
ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដោយពិនិត្យឃើញមានហានិភ័យខ្ពស់របស់ដើមឈើ ដែលដុះនៅក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតនៃអតីតក្រុងអង្គរធំ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតអប្សរា បានសហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ ដើម្បីធានាសុវត្ថិភាពជូនពុទ្ធបរិស័ទ ព្រះសង្ឃ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជិវិត និងជួយសម្រាលតួដើមការពារកុំឲ្យបាក់រលំ ខូចខាតដល់រចនាសម្ព័ន្ធរបស់ព្រះវិហារ កុដិ និងយានយន្តគ្រប់ប្រភេទ។ ដើមឈើ
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ទោះបីបច្ចុប្បន្ន កំណើនភ្ញៀវទេសចរបានធ្លាក់ចុះ ដោយសារជំងឺកូវីដ១៩ក៏ពិតមែន តែកិច្ចការងារជួសជុល អភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៅតែមមាញឹក។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
12
Today
:
21300
Yesterday
:
14427
This Week
:
78356
This Month
:
0236245
Total
:
014296100