ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី 11 ខែ តុលា ឆ្នាំ2020 09:00 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការដ្ឋានមួយចំនួន ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីតាមដាន និងសុំយោបល់សម្រេចជារួម លើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នានា។ រីឯក្រុមការងារ បានជួបជុំគ្នានៅទីតាំងយានដ្ឋាន របស់អាជ្ញាធរជាតិអប្សរា ក្នុងនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជំរុញឱ្យរៀបចំ និងកែប្រែយានដ្ឋានឱ្យមានរបៀបរៀបរយ និងពង្រឹងផ្នែកសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ។ បន្ទាប់មក ក្រុមការបានអញ្ជើញទៅពិនិត្យការងារ នៅមុខព្រះលានជល់ដំរី ដោយផ្តោតលើការសហការគ្នាពិនិត្យមើលគម្រោងកែលម្អនៅទីនោះ។ ព័ត៌មានលំអិត

២ អាជ្ញាធរជាតិអប្សរា គ្រោងដាំប្រភេទផ្កាព្រៃនៅតាមផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ
ដើម្បីអភិរក្សពូជផ្កាព្រៃ អាជ្ញាធរជាតិអប្សរា កំពុងរៀបចំដាំដើមផ្កាព្រៃលម្អ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ហើយគ្រោងនឹងពង្រីកការដាំផ្កាព្រៃ តាមបណ្ដោយផ្លូវនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជុំវិញការរៀបចំផ្កាព្រៃនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា មានផែនការគិតគូរ ពីការរៀបចំនេះរួចរាល់ហើយ គម្រោងចាប់ផ្តើមមុនគេ នៅតាមផ្លូវមុខប្រាសាទអង្គរវត្ត ដែលដាំប្រភេទផ្កាព្រៃមួយចំនួនមានដូចជា ផ្កាក្ងោក ចំប៉ី ត្របែកព្រៃ ផ្ការលួស និងផ្ការំដួលជាដើម។ ឯកឧត្តមអគ្គនាយកបន្ថែមថា ទៅថ្ងៃក្រោយអាជ្ញាធរជាតិអប្សរា នឹងយកគំនិតនេះ ដើម្បីរៀបចំដាំនៅតាមបណ្ដោយផ្លូវវង់តូចវង់ធំ គឺត្រូវមានផ្កាចម្រុះពណ៌ ព្រមទាំងពូជផ្កាដែលមានក្លិនក្រអូប ដើម្បីជាទស្សនីយភាពកាន់តែទាក់ទាញដល់ភ្ញៀវទេសចរពេលជិះកាត់តាមផ្លូវទាំងនោះ។ ព័ត៌មានលំអិត

៣ អាជ្ញាធរជាតិអប្សរាបញ្ចប់វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទក្នុងតំបន់អង្គរ
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្ដីពីហានីភ័យប្រាសាទ ដល់ភ្នាក់ងារទេសចរណ៍ចំនួន១៥៥នាក់ នៅតាមប្រាសាទសំខាន់ៗដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្ត ប្រាសាទតាព្រហ្ម ប្រាសាទប្រែរូប និងប្រាសាទបាគង ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ខែ បានបញ្ចប់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដល់ចំណេះដឹងដល់សិក្ខាកាម ស្ដីពីប្រវត្តិសាស្ត្រ ការអភិរក្សនិងជួសជុល ការពិនិត្យទីតាំងហានីភ័យ វិធានការការពារ ការអង្កេត ការផ្ដល់ព័ត៌មានហានីភ័យ និងការទប់ស្កាត់ហានីភ័យផ្សេងៗទៀត។
ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនៅប្រាសាទបាគង ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូឧទ្ទេសក៍ទាំងអស់ដែលបានចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់ក្រុមការងារ ហើយសង្ឃឹមថាក្រុមការងារដែលបានយកចិត្តទុកដាក់ទទួលការបណ្តុះបណ្តាល នឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកចំណេះដឹងថ្មីនេះបន្តទៀតប្រកបដោយផ្លែផ្កាល្អក្នុងការងារប្រចាំថ្ងៃ ដើម្បីភាពល្អប្រសើរក្នុងតំបន់អង្គរ។ ព័ត៌មានលំអិត

៤ បន្ទប់ទឹកសាធារណៈកម្រិតស្តង់ដារអន្តរជាតិ នឹងដាក់ឱ្យដំណើរការនៅបរិវេណមុខប្រាសាទអង្គរវត្ត
នៅក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដំណើរការបន្ទប់ទឹកអនាម័យកម្រិតស្តង់ដារអន្តរជាតិ ដែលបំពាក់ទៅដោយសម្ភារៈ បរិក្ខារ ទំនើប នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីលានបដិសណ្ឋារកិច្ច។ បន្ទប់ទឹកអនាម័យនេះ នឹងស្ថិតក្រោមការថែទាំរបស់គ្រឹះស្ថានអង្គរ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ។ អាគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Green Angkor Culture PLC., មានបន្ទប់ស្រី ចំនួន៨ បុរសចំនួន៦ បង្គន់នោមបុរសចំនួន៦ និងបង្គន់សម្រាប់ជនពិការចំនួន២ (ស្រី១ប្រុស១) សម្រាប់ឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យ នៅតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ។ ព័ត៌មានលំអិត

៥ ចរាចរណ៍ចេញចូលប្រាសាទអង្គរវត្ត តាមស្ពានហាលខាងលិច នឹងអាចចាប់ផ្តើមឡើងវិញនៅខែសីហា ឆ្នាំ២០២១
អ្នកជំនាញទទួលបន្ទុកការជួសជុល ស្ពានហាលខាងលិចប្រាសាទអង្គរ បានឱ្យដឹងថា ចរាចរណ៍ចេញចូលប្រាសាទអង្គរវត្ត តាមស្ពានហាលខាងលិច អាចនឹងចាប់ផ្តើមឡើងវិញ នៅខែសីហា ឆ្នាំ២០២១ ខាងមុខ។ ការអះអាងបែបនេះ គឺបន្ទាប់ពីកិច្ចប្រជុំបច្ចេកទេស រវាងអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យ សូហ្វីយ៉ាប្រទេសជប៉ុន បានសម្រេចផែនការបច្ចេកទេសជួសជុលនាពេលថ្មីៗនេះ។ យ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ា ក៏នៅតែបន្តការជួសជុលស្ពានហាលនេះ រហូតដល់រួចរាល់ទាំងស្រុង ទៅតាមការគ្រោងទុក។ ព័ត៌មានលំអិត

៦ រចនាសម្ព័ន្ធកំពែងទី៣ប្រាសាទបន្ទាយស្រីត្រូវបានជួសជុលឱ្យផុតពីហានីភ័យ
រចនាសម្ព័ន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រី ដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្សធ្វើការជួសជុលនិងទល់ទ្រឱ្យរួចផុតពីហានីភ័យ។ កំពែងទី៣ដែលបានជួសជុលនិងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។ គោលបំណងសំខាន់នៃការជួសជុល គឺដើម្បីកាត់បន្ថយការខូចខាតធ្ងន់ធ្ងរនៃរចនាសម្ព័ន្ធកំពែង ព្រមទាំងសង្រ្គោះរចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងរងគ្រោះថ្នាក់ឱ្យទាន់ពេលវេលា។
លោក សារាយ គឹមហួល ប្រធានគម្រោងជួសជុលអភិរក្សបន្ទាយស្រី ឱ្យដឹងថា រចនាសម្ព័ន្ធរបស់កំពែងនិងប្រាសាទ ទ្រុឌទ្រោម បណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់ ពោលគឺផ្នែកខ្លះនៃសំណង់ រងការបំផ្លាញ ដោយដើមឈើ ដែលបណ្ដាលឲ្យបំប៉ើងគ្រឹះ ស្រុត ទ្រេត និងប្រេះខូចខុសពីទម្រង់ដើម។ នៅឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹង រចនាសម្ព័ន្ធខ្លោងទ្វារ និងកំពែងថ្មបាយក្រៀម។ អំឡុងឆ្នាំ១៩១៦ បារាំងបានអភិរក្សដំបូង ហើយចាប់ពីឆ្នាំ១៩២៤ សាលាបារាំងចុងចុងបូព៌ា បានអភិរក្ស និងសិក្សាស្រាវជ្រាវជាបន្ដបន្ទាប់ ព្រមទាំងជួសជុលទ្រង់ទ្រាយធំ នៅអំឡុងឆ្នាំ១៩៣១-១៩៣៦។ ព័ត៌មានលំអិត

៧ អាជ្ញាធរជាតិអប្សរារៀបចំផ្លូវចូល រមណីយដ្ឋានភ្នំក្បាលស្ពាន ដែលរងការបំផ្លាញដោយសារទឹកភ្លៀង
ផ្លូវចូល និងផ្លូវត្រង់ចំណុចអូរឆ្លងស្ពានឡើង ទៅលើរមណីយដ្ឋានភ្នំក្បាលស្ពាន បានរងការខូចខាតខ្លាំងដោយសារទឹកភ្លៀងនារដូវវស្សានេះ បណ្តាលឱ្យមានទឹកដក់ មានគ្រលុក ខូចផ្លូវ ពិបាកក្នុងការធ្វើដំណើរចេញ ចូល។ អាជ្ញាធរជាតិអប្សរា ក្រោមការអនុវត្តការងារផ្ទាល់ ពីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ កាលពីថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានរៀបចំបំពេញដីលើផ្លូវដែលខូចខាត លុបគ្រលុកទឹកដក់ និងកន្លែងទឹកភ្លៀងហូរច្រោះ ឱ្យមានភាពរាបស្មើ ជាប់មាំជាងមុន ដើម្បីបង្កភាពងាយស្រួល ដល់ភ្ញៀវទេសចរធ្វើដំណើរនិងរក្សាសោភ័ណភាពនៃរមណីយដ្ឋាននេះ។ ព័ត៌មានលំអិត

៨ សត្វព្រៃ២ប្រភេទផ្សេងទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ
កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២០ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វឆ្មារដាវ(Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន១គូ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុង ទ្រុង។ សត្វកេងកងតូច ដាក់ភ្សាំនៅជិតខ្លោងតាកាវ ឯសត្វឆ្មារដាវ ភ្សាំនៅជិតខ្លោងដីឆ្នាំងហើយក្រុមការងារ គ្រោងនឹងធ្វើការដោះលែងសត្វទាំងនេះ ចេញពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។
ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងទទួល បានជោគជ័យក្នុងការដោះលែងសត្វចូល ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ បានជាច្រើនប្រភេទដូចជា សត្វទោចមកុដចំនួន១២ក្បាល(កើតកូនបានចំនួន៤ក្បាល) សត្វឈ្លូសចំនួន៤ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោងចំនួន៥ក្បាល(កើតកូនបានចំនួន២ក្បាល) ដែលមកដល់ពេលនេះសត្វទាំងអស់នោះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។ ព័ត៌មានលំអិត

៩ កូនឈើចម្រុះចំនួន៤៥០ដើមត្រូវបានដាំឡើងវិញ នៅទីតាំងកាប់ទន្ទ្រាននៃតំបន់ការពារប្រាសាទបន្ទាយអំពិល
នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ភ្នាក់ងារព្រៃឈើ ឆ្មាំប្រាសាទ ពលករនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដាំកូនឈើឡើងវិញ នៅទីតាំងដែលមានការកាប់ទន្ទ្រានដីព្រៃនៃតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលតំបន់នេះកន្លងមក រងការកាប់ទន្រ្ទានខុសច្បាប់ពីពលរដ្ឋមួយចំនួន ក្នុងបំណងពង្រីកផ្ទៃដីចម្ការ និងកាន់កាប់ដោយខុសច្បាប់។ ដើម្បីបំពេញគម្របព្រៃឈើឡើងវិញ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រុមការងារចម្រុះបានចុះដាំកូនឈើចម្រុះឡើងវិញរួមមាន ដើមគ្រញូងចំនួន៥០ដើម ដើមច្រេសចំនួន៥០ដើម ដើមបេងចំនួន៥០ដើម ដើមគគីរចំនួន៥០ដើម ដើមអង្កាញ់ចំនួន១០០ដើម ដើមត្រសេកចំនួន៥០ដើម និងដើមសំរោងចំនួន១០០ដើម សរុបមានចំនួន៤៥០ដើម។ ព័ត៌មានលំអិត

១០ អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់សិក្ខាកាមចំនួន១២០នាក់
មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាជាតិអប្សរា បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមរយៈពេល១ខែ ចាប់ពីខែតុលាដល់ខែវិចិ្ឆកា ឆ្នាំ២០២០ ដល់មន្ត្រីបុគ្គលិកចំនួន១២០នាក់ ដែលបង្រៀនដោយមន្ត្រីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបនិងគ្រូបង្គោលវិជ្ជា សង្គ្រោះបឋមជំនាន់ទី១នៃអាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសនោះ កញ្ញា ហ៊រ រិទ្ធារី ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ឱ្យដឹងថា រយៈពេល១ខែនៃវគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងចំនួន០៦វគ្គ ក្នុង១វគ្គមានសិក្ខាកាមចំនួន២០នាក់ មកពីនាយកដ្ឋានគោលដៅបំពេញការងារសំខាន់ៗក្នុងនិងក្រៅតំបន់អង្គរ។ រីឯមេរៀនសំខាន់ៗមាន៖ តួនាទីអ្នកសង្គ្រោះ គោលការណ៍គ្រឹះ ស្ថានភាពដំណេក សន្លប់ CPR និងករណីគ្រោះថ្នាក់ផ្សេងៗ។
ជាមួយគ្នានេះ លោក លិវ ឡន មន្ត្រីជំនាញផ្នែកវិជ្ជាសង្គ្រោះបឋមប្រចាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបានបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមចំណែកផ្តល់ចំណេះដឹង ដើម្បីឱ្យពួកគាត់មានចំណេះដឹងអាចជួយ សង្គ្រោះខ្លួនឯង និងមនុស្សជុំវិញខ្លួន។ ព័ត៌មានលំអិត

១១ រយៈពេល២ថ្ងៃ ក្រុមសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៦០សំណើ
ថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២០ ក្រុមការសហគមន៍ចំនួន ៤គោលដៅ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៦០សំណើក្នុងចំណោម៧៤សំណើ។ ក្រុមសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា បានពិនិត្យ និងដោះស្រាយ ហើយអនុញ្ញាតទាំង០៨សំណើ។ ក្រុមសហគមន៍ប្រចាំស្រុកអង្គរធំ ដឹកនាំដោយ លោក ព្រហ្ម សំអ៊ាន បានពិនិត្យ និងដោះស្រាយ ហើយអនុញ្ញាតចំនួន៣៨សំណើ។ ក្រុមសហគមន៍ប្រចាំស្រុកពួកដឹកនាំដោយ លោក អឿន សំអុន បានពិនិត្យ និងដោះស្រាយហើយបានអនុញ្ញាត០៦សំណើ។ ក្រុមសហគមន៍ប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ បានពិនិត្យ និងដោះស្រាយហើយអនុញ្ញាតចំនួន០៨សំណើ។ ព័ត៌មានលំអិត

សារថ្វាយព្រះពរ
( ថ្ងៃទី 28 ខែ តុលា ឆ្នាំ2020 )
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2820
ម្សិលមិញ
:
8188
សប្តាហ៍នេះ
:
39643
ខែនេះ
:
0193152
សរុប
:
012962584