ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី២ ខែកញ្ញា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ2020 08:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១៖ ទូតឥណ្ឌាចប់អាណត្តិជួបសម្ដែងការគួរសមនិងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ជួបសម្ដែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានរំឭកពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌា និងអាជ្ញាធរជាតិអប្សរា ក្នុងការងារជួសជុលនៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។ បន្ថែមពីនេះ លោកជំទាវអគ្គរដ្ឋទូត ក៏បានលើកពីគម្រោងបណ្ដុះបណ្ដាលវគ្គខ្លីៗដល់យុវជនកម្ពុជា លើការងារអភិរក្សប្រាសាទ សិល្បៈ និងវប្បធម៌ផងដែរ។
ថ្លែងក្នុងជំនួបនៅពេលនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់លោកជំទាវ Manika Jain ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងឥណ្ឌានាពេលកន្លងមក។ ឯកឧត្តមអគ្គនាយកមានសេចក្ដីរីករាយ នឹងទទួលយកនូវសំណើររបស់លោកជំទាវ ស្ដីពីគម្រោងបណ្ដុះបណ្ដាលធនធានយុវជនកម្ពុជា លើការងារអភិរក្សជួសជុលប្រាសាទ សិល្បៈនិងវប្បធម៌។ ព័ត៌មានលំអិត

២៖ វិទ្យាស្ថានបារាំងចុងបូព៌ាប្រគល់ឯកសារស្រាវជ្រាវតាំងពីជំនាន់បារាំងឱ្យអាជ្ញាធរជាតិអប្សរារក្សា
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកបណ្ឌិត ប្រ៊ីស វុំាងសង់ ប្រធានវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស ក្រុងសៀមរាប ចូលជួប និងបង្ហាញឯកសារស្រាវជ្រាវ ចាប់ពីស្ថាប័ននេះចូលរួមកិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាទុកក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ របស់អាជ្ញាធរជាតិអប្សរា។
លោកបណ្ឌិត ប្រ៊ីស វុំាងសង់ បានជម្រាបឯកឧត្តមអគ្គនាយកថា លោកបានប្រមូលឯកសារដែលពាក់ព័ន្ធ ក្នុងតំបន់រមណីយដ្ឋាន ប្រគល់ជូនអាជ្ញាធរជាតិអប្សរា សម្រាប់ជាឯកសារជាតិ។ ដើម្បីឱ្យដំណើរការចងក្រងឯកសារទាំងនេះមានប្រសិទ្ធភាពល្អ វិទ្យាស្ថានបារាំងចុងបូព៌ា គ្រោងរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធ រួមមានមន្រ្តីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីអាជ្ញាធរជាតិអប្សរាជាដើម។
ក្នុងជំនួបនោះ ឯកឧត្តម ហង់ ពៅ បានថ្លែងអំណរគុណដល់តំណាងវិទ្យាស្ថានបារាំងចុងបូព៌ា ដែលសម្រេចប្រគល់ឯកសារទាំងអស់ជូនអាជ្ញាធរជាតិអប្សរា ស្របតាមអនុសាសន៍គណៈកម្មាធិការ- អន្ដរជាតិ អាយស៊ីស៊ី-អង្គរ នាពេលកន្លងមក។ បន្ថែមពីនោះ ឯកឧត្តមអគ្គនាយក បានស្នើឲ្យភាគីបារាំង ពិនិត្យលទ្ធភាពប្រគល់ឯកសារលម្អិតបន្ថែមជុំវិញកិច្ចការស្រាវជ្រាវ និងអភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ លើសពីសៀវភៅ និងឯកសារដែលបានចងក្រងរួចហើយ។ ព័ត៌មានលំអិត

៣៖ អាជ្ញាធរជាតិអប្សរាស្វាគមន៍ការចូលរួមរបស់ធនាគារ CIMB ក្នុងការចូលរួមដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ
រសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយ លោក ប៊ុន យីម នាយកប្រតិបត្តិនៃធនាគារ CIMB ឯកឧត្តម ឈិត បូរ៉ាវុធ មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងសហការី ដើម្បីពិភាក្សាពីការចូលរួមស្តារគម្របព្រៃឈើនៅរមណីយដ្ឋានអង្គរ។
លោក ប៊ុន យីម បានលើកឡើងថា ធនាគារ CIMB មានបំណងចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការដាំដើមឈើដើម្បីទុកជាកេរតំណែលសម្រាប់មនុស្សជំនាន់ក្រោយ។
ជាកិច្ចឆ្លើយតប លោក ឡុង កុសល បានសម្តែងសេចក្តីរីករាយចំពោះធនាគារ CIMB ដែលបានចូលរួមនិងផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា និងមានបំណងក្នុងការដាំដើមឈើក្នុងរមណីយដ្ឋានអង្គរ ដើម្បីបរិស្ថាននិងបេតិកភណ្ឌ។ អាជ្ញាធរជាតិអប្សរា សូមគាំទ្រទាំងស្រុងនូវការចូលរួមចំណែកជាសាធារណពីគ្រប់មជ្ឈដ្ឋានក្នុងស្មារតីចូលរួមគិត ចូលរួមធ្វើ និងចូលរួមទទួលខុសត្រូ ដើម្បីចូលរួមការពារនិងអភិរក្សកេរមតកដូនតាខ្មែរ។ ព័ត៌មានលំអិត

៤៖ អ្នកជំនាញធ្វើបទបង្ហាញពីដំណើរការជួសជុលស្ពានហាលខាងលិចអង្គរវត្ត
បាឋកថាស្ដីពី «វឌ្ឍនភាពនៃការជួសជុលស្ពានហាលខាងលិចអង្គរវត្ត» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបង្ហាញដល់សាធារណជនដែលមានបំណងចង់ឈ្វេងយល់ពីដំណើរការលម្អិតនៃគម្រោងជួសជុលនេះ។ អ្នកជំនាញបានរៀបរាប់អំពីប្រវត្តិនៃការជួសជុលស្ពានហាល ជាពិសេសរៀបរាប់ពីដំណើរការក្នុងការដ្ឋានដែលកំពុងជួសជុលបច្ចុប្បន្ន។
លោក អន សុភាព អ្នកគ្រប់គ្រងគម្រោងជួសជុល បានបង្ហាញថា ផ្នែកខ្លះនៃស្ពានហាលនេះ ត្រូវបានជួសជុលដំបូងនៅអំឡុងសតវត្សទី១៦ បន្ទាប់មកនៅសម័យបារាំងចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧២។ ក្រោយមក នៅឆ្នាំ១៩៩៦ តាមរយៈសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុនសហការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងជួសជុលដំណាក់កាលទី១ប្រវែង១០០ម៉ែត្រ ហើយបញ្ចប់នៅឆ្នាំ២០០៧ និងដំណាក់កាលទី២នេះ ប្រវែង៩០ម៉ែត្រ ចាប់ផ្តើមពីឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់ឲ្យបានមុនឆ្នាំ២០២៤។ គម្រោងជួសជុលនេះមានការត្រួតពិនិត្យនិងតាមដានយ៉ាងហ្មត់ចត់ពីអ្នកជំនាញនៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ។
លោក ម៉ៅ សុខនី ស្ថាបត្យករធ្វើការក្នុងគម្រោងនេះ ឱ្យដឹងថា ស្ពានហាលខាងលិចអង្គរវត្ត មានប្រវែងសរុប ១៩៧.៤ម៉ែត្រ ឬប្រមាណ២០០ម៉ែត្រ ទទឹង ១១.៦៤ម៉ែត្រ និងមានកម្ពស់ ៣.៣៨៥ម៉ែត្រ។ ស្ពាននេះមានគ្រឹះធ្វើពីថ្មបាយក្រៀម៧ស្រទាប់។ ស្ថានភាពស្រុតចុះនៃកម្រាលថ្មភក់ ជាចំណុចប្រឈមខ្លាំង ដែលទាមទារឱ្យ ពន្លឿននៃគម្រោងជួសជុលនេះ។ ព័ត៌មានលំអិត

៥៖ ភ្នាក់ងារទេសចរណ៍ទទួលការបណ្ដុះបណ្ដាលពីការគ្រប់គ្រងហានិភ័យប្រាសាទ
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហានិភ័យប្រាសាទ នៅរួតព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលរៀបចំឡើង ដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។
លោក លឹម ស្រ៊ូ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍ប្រចាំការផ្ទាល់នៅក្នុងប្រាសាទ ដើម្បីឱ្យភ្នាក់ងារទាំងអស់ បានដឹងពីស្ថានភាពជាក់ស្ដែងរបស់ប្រាសាទ និងដើម្បីធ្វើសម្រង់ស្ថិតិពីចំណុចនីមួយៗដល់ថ្នាក់ដឹកនាំ ក៏ដូចជាដើម្បីរាយការណ៍បន្ទាន់ដល់អ្នកអភិរក្សនិងជួសជុលប្រាសាទ។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ប្រាសាទចាត់ទុកដូចជាផ្ទះសម្រាប់ភ្នាក់ងារទេសចរណ៍គ្រប់រូប ដូច្នេះគឺត្រូវចេះសង្កេតគ្រប់ទីកន្លែង ដើម្បីដឹងពីស្ថានភាពទូទៅរបស់ប្រាសាទ។ ហើយការដឹងទាន់ពេលវេលានេះ អាចឱ្យអ្នកជំនាញមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួសជុលឬអភិរក្ស។ លោកបន្ថែមថា រាល់ប្រាសាទទាំងអស់ត្រូវការការថែទាំ ហើយពលរដ្ឋគ្រប់រូបមានភារកិច្ចការពារ ថែរក្សាមរតកដូនតា ហើយការងារទាំងនេះ ជាផ្នែកមួយនៃការអភិរក្សប្រាង្គប្រាសាទ។ ព័ត៌មានលំអិត

៦៖ អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ឧទ្យានអង្គរ
នៅក្នុងសប្តាហ៍ទី១នៃខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន១៨ករណី រួមមាន៖ ក្រុងសៀមរាប ៣ករណី ស្រុកបន្ទាយស្រី២ករណី ស្រុកអង្គរធំ២ករណី ស្រុកប្រាសាទបាគង៧ករណី ស្រុកពួក៣ករណី ស្រុកសូទ្រនិគម១ករណី។ ក្នុងរយៈពេលដូចគ្នានេះ ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់បានចំនួន០៨ករណី រួមមាន៖ ស្រុកអង្គរធំ៤ករណី ក្រុងសៀមរាប២ករណី ស្រុកប្រាសាទបាគង១ករណី និងស្រុកបន្ទាយស្រី១ករណី។ ព័ត៌មានលំអិត

៧៖ កូនឈើជិត២ពាន់ដើមដែលទទួលបាន ពីអាជ្ញាធរជាតិអប្សរា បានយកទៅដាំដើម្បីអភិវឌ្ឍន៍មូលដ្ឋាន
បន្ទាប់ពីទទួលបានកូនឈើដែលអាជ្ញាធរជាតិអប្សរាបានផ្ដល់ឲ្យ ព្រះសង្ឃ រួមនឹងសាធារណជន បានដាំកូនឈើនៅតាមទីតាំងផ្សេងៗ ដើម្បីបង្កើនគម្របព្រៃឈើ និងដើម្បីរួមចំណែកអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន។ សកម្មភាពដាំកូនឈើទាំងនោះគឺ ព្រះសង្ឃ អាជ្ញាធរ និងអ្នកភូមិចំនួន១៥០នាក់ បានចូលរួមដាំកូនឈើចំនួន៨០០ដើម នៅបរិវេណវត្តឧទុម្ពរ ហៅវត្តល្វា ក្នុងភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ឯកូនឈើចំនួន១០០ដើម បានដាំនៅបរិវេណសាលាបឋមសិក្សាពោធិ៍រស្មីសង្គម ស្ថិតនៅភូមិកំពង់ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
បន្ថែមពីនោះ កូនឈើចំនួន២០០ដើម បានដាំនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង។ ដោយឡែក កូនឈើចម្រុះសរុប៥០០ដើម ត្រូវបានដាំ នៅបរិវេណវត្ត ជ័យមុនីវនារាម ហៅវត្តជយោ ស្ថិតនៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ទន្ទឹមនឹងនោះ ក្រុមយុវជនចំនួន៤០នាក់ បានចូលរួមដាំដើមឈើឥន្ទនេលចំនួន២៥០ដើម លម្អតាមដងផ្លូវនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ព័ត៌មានលំអិត

៨៖ ក្រុមហ៊ុនMinebea ចូលរួមដាំកូនឈើជាមួយអាជ្ញាធរជាតិអប្សរា ចំនួន៣០០ដើមនៅខាងត្បូងប្រាសាទបន្ទាយក្តី
នៅដើមខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន Minebea របស់ជប៉ុន បានចូលរួមដាំកូនឈើគ្រញូងចំនួន៣០០ដើម នៅបរិវេណខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ កម្មវិធីនេះ ក្រោមកិច្ចសហការ និងរៀបចំដោយអាជ្ញាធរជាតិអប្សរា ដែលមានអ្នកចូលរួមពីស្ថាប័នទាំង២។ អាជ្ញាធរជាតិអប្សរា បានប្រកាសពីគម្រោងដាំនិងចែកចាយកូនឈើចំនួន១១ម៉ឺនដើមនៅឆ្នាំ២០២០នេះ ក្នុងនោះវិស័យឯកជនក៏អាចចូលរួមដាំកូនឈើទាំងនោះក្នុងរមណីយដ្ឋានអង្គរផងដែរ ដើម្បីបង្កើនគម្របព្រៃឈើក្នុងប្រទេសកម្ពុជា។ ព័ត៌មានលំអិត

សារថ្វាយព្រះពរ
( ថ្ងៃទី 28 ខែ តុលា ឆ្នាំ2020 )
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
2716
ម្សិលមិញ
:
8188
សប្តាហ៍នេះ
:
39539
ខែនេះ
:
0193048
សរុប
:
012962480