NEWS

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី៤ ខែកក្ដដា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

Published on 01 August 2020 11:31 AM Post By ៖ Apsara National Authority
១៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះពិនិត្យរូបចម្លាក់ឧបករណ៍ភ្លេងបុរាណនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ
ក្នុងឱកាសអញ្ជើញបំពញភារកិច្ចនៅតាមបណ្តាខេត្ត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញឧបករណ៍ភ្លេងបុរាណលើចម្លាក់ប្រាសាទ បានអញ្ជើញពិនិត្យរូបចម្លាក់ដែលបង្ហាញពីឧបករណ៍ភ្លេងបុរាណនានានៅតាមប្រាសាទមួយចំនួន។ ព័ត៌មានលំអិត
rn
២៖ អាជ្ញាធរជាតិអប្សរានឹងប្រើពេល៤ខែ អភិរក្សនិងជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែន
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើនក្នុងការអភិរក្សនិងជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែនឱ្យមានស្ថានភាពល្អប្រសើរឡើងវិញ។ គម្រោងអភិរក្សនិងជួសជុលប្រាសាទនេះ មានរយៈពេល៤ខែ ដោយចាប់ផ្តើមពីថ្ងៃទី២០ខែកក្កដា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដឹកនាំដោយលោកបណ្ឌិត ឈាន រដ្ឋា និងអនុវត្តផ្ទាល់ដោយលោក ពុទ្ធ សុទ្ធ និងមន្ត្រីបុគ្គលិកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។ ព័ត៌មានលំអិត
rn
៣៖ អ្នកជំនាញអាជ្ញាធរជាតិអប្សរាបង្ហាញថា បដិមាដែលប្រទះឃើញនៅប្រាសាទអង្គរវត្តគឺមិនមែនជាការកប់ចោលទេ នៅព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ នៅសាលសន្និសីទអង្គរ ក្នុងការរៀបចំបាឋកថាស្ដីពី «ព្រះពុទ្ធបដិមានៅអង្គរវត្ត» ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានបង្ហាញឱ្យឃើញច្បាស់ថា ការកប់នេះមិនមែនជាការកប់ចោលនោះទេ តែជាការរៀបចំត្រឹមត្រូវ និងដោយការគោរពចំពោះបដិមាទាំងនោះ។ កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២០ ក្នុងគម្រោងរៀបចំប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ក្រុមការងារ បានប្រទះឃើញបំណែកព្រះពុទ្ធបដិមាច្រើនអង្គក្នុងរណ្ដៅមួយ។ បដិមាទាំងនោះ រួមមាន បំណែកព្រះពុទ្ធបដិមា៣៦អង្គ និងវត្ថុសិល្បៈផ្សេងៗទៀត ចំនួន ២៤០បំណែក។ តាមការសន្និដ្ឋាន បដិមាទាំងនេះ ត្រូបបានគេនាំយកពីរួតព្រះពាន់ មកកប់នេះ ក្នុងអំឡុងឆ្នាំ១៩៨០។ ព័ត៌មានលំអិត
rn
៤៖ មន្រ្តី-បុគ្គលិកចំនួន៤០រូបនៃអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលអំពី របបសារព័ត៌មាន ការផ្តល់ព័ត៌មាន ទទួលព័ត៌មានក្នុងរង្វង់ មន្រ្តី-បុគ្គលិក
នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានរៀបចំបើកវគ្គបណ្ដុះបណ្តាលជំនាញសារព័ត៌មាន ដល់មន្រ្តី-បុគ្គលិកចំនួន៤០រូប។ ក្រោមការសម្របសម្រួលរបស់ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងបញ្រ្ជាបចំណេះដឹងដល់មន្រ្តី-បុគ្គលិក ដែលទទួលខុសត្រូវផ្តល់ព័ត៌មាន របស់នាយកដ្ឋាននានានៃអាជ្ញាធរជាតិអប្សរា ហើយសិក្ខាកាមនឹងបានស្វែងយល់កាន់តែច្បាស់អំពីការភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិធីសាស្ត្រជាច្រើនក្នុងការផ្តល់ព័ត៌មានឱ្យមានប្រសិទ្ធភាព ច្បាស់លាស់ និងប្រកបដោយគុណភាព វិជ្ជាជីវៈ។ ព័ត៌មានលំអិត
rn
៥៖ អ្នកជំនាញអាជ្ញាធរជាតិអប្សរារួមគ្នាបង្ហាញពី «អាថ៌កំបាំងសំណង់ប្រាសាទនៅក្រោមកុដិវត្តលលៃ»
ថ្មីៗនេះ ក្រុមអ្នកជំនាញស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ទើបតែបញ្ចប់ការកំណាយនៅប្រាសាទលលៃ បានប្រទះឃើញរចនាសម្ពន្ធសំណង់ប្រាសាទ វត្ថុសិល្បៈ និងឧបករណ៍ប្រើប្រាស់ជាច្រើនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលបានកប់ក្នុងដីក្រោមកុដិវត្តលលៃជាច្រើនឆ្នាំ។
ដើម្បីបង្ហាញពីរបកគំហើញនៃលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យាទាំងនេះជាប្រយោជន៍ដល់កូនខ្មែរ លោកសាស្ត្រាចារ្យ អ៊ា ដារិទ្ធ លោក ថូ ថុន និងលោកស្រី សៀង សុផានី នឹងរួមគ្នាធ្វើបទបង្ហាញអំពី «អាថ៌កំបាំងសំណង់ប្រាសាទនៅក្រោមកុដិវត្តលលៃ» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ ព័ត៌មានលំអិត
rn
៦៖ អាជ្ញាធរជាតិអប្សរាផ្តល់កូនឈើ៣០០ដើមដល់ព្រះសង្ឃតំណាងសមាគមជីវិតនិងក្ដីសង្ឃឹម
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើចំនួន៣០០ដើម ដល់ព្រះសង្ឃដែលជាតំណាងសមាគមជីវិត និងក្ដីសង្ឃឹម ដើម្បីយកទៅដាំក្នុងបរិវេណសាលាបឋមសិក្សាថ្លាត ស្ថិតនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ កូនឈើដែលផ្តល់ជូននៅពេលនោះរួមមាន ឈើគ្រញូងចំនួន ១៥០ដើម និងឈើធ្នង់ចំនួន ១៥០ដើម។ ព័ត៌មានលំអិត
rn
៧៖ ផ្ទៃដីដែលធ្លាប់ទន្រ្ទានខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានដាំកូនឈើឡើងវិញ
ក្នុងបំណងបំពេញគម្របព្រៃឈើឡើងវិញ ក្រោយមានការកាប់ទន្រ្ទានខុសច្បាប់កន្លងមក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមភ្នាក់ងារព្រៃឈើនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ សហការជាមួយនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធមាននគរបាលប៉ុស្ដិ៍រដ្ឋបាល នគរបាលបេតិកភណ្ឌ មន្រ្តីឧទ្យានុរក្ស បានចុះដាំកូនឈើឡើងវិញនៅចំណុចខាងកើតប៉ុស្ដិ៍ត្រួតពិនិត្យសំបុត្រផ្លូវ៦០ម ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប។ ដើមឈើដែលដាំបំពេញបន្ថែមនៅពេលនោះសុទ្ធសឹងជាពូជឈើប្រណីត ដែលរួមមាន ដើមគ្រញូងចំនួន ១៥០ដើម ដើមធ្នង់ចំនួន៧០ដើម និងដើមបេងចំនួន១០០ដើម សរុបមានចំនួន ៣២០ដើម។ ព័ត៌មានលំអិត
rn
៨៖ អាជ្ញាធរជាតិអប្សរាផ្តល់កូនឈើ៥០ដើមដល់ពលរដ្ឋនៅភូមិជ្រាវ
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់កូនឈើចំនួន៥០ដើម ដល់លោកស្រី គេន មុំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីយកទៅដាំនៅបរិវេណដីផ្ទាល់ខ្លួន។ កូនឈើដែលផ្តល់ជូននៅពេលនោះរួមមាន កកោះចំនួន២០ដើម បេងចំនួន១០ដើម ធ្នង់ចំនួន១០ដើម និងគ្រញូងចំនួន១០ដើម។ ព័ត៌មានលំអិត
rn
៩៖ អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើសំណើសុំសាងសង់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ឱ្យដឹងថា នៅ សប្តាហ៍ទី២ ខែកក្តដា ឆ្នាំ២០២០ ក្រុមការងារប្រចាំច្រកទាំង០៦ បានទទួលពាក្យស្នើសុំសាងសង់លំនៅដ្ឋាន និងជួសជុលតូចតាចចំនួន៤៩ករណី។ មន្ត្រី-បុគ្គលិកជំនាញបានចុះពិនិត្យដល់ទីតាំងផ្ទាល់ ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់របស់ប្រជាពលរដ្ឋមា្ចស់សំណើ ចំនួន២១ករណី រួមមាន ក្រុងសៀមរាប ចំនួន០៨ករណី ស្រុកបន្ទាយស្រី ចំនួន០២ករណី ស្រុកអង្គរធំ ចំនួន០៤ករណី និងស្រុកប្រាសាទបាគង ចំនួន០៧ករណី ហើយក្រុមការងារផ្នែកស្ថាបត្យកម្ម បានជួយរៀបចំគំនូសប្លង់លំនៅដ្ឋានបែបខ្មែរបាន ០៨ករណី។ ព័ត៌មានលំអិត
rn
១០៖ ក្នុងខែកក្កដាឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យនិងផ្តល់នូវប្រឹក្សាយោបល់បច្ចេកទេសសាងសង់លំនៅដ្ឋានដល់អ្នកស្រុកអង្គរចំនួន៣៨៧គ្រួសារ
កំឡុងខែកក្កដា ឆ្នាំ២០២០ នេះ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃ ក្នុងដំណើរការសាងសង់លំនៅដ្ឋានក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរបានចំនួន ៣៨៧គ្រួសារ។ ក្នុងនោះដែរ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យក្រុងសៀមរាបចំនួន ១២១គ្រួសារ ស្រុកប្រាសាទបាគងចំនួន ៩៤គ្រួសារ ស្រុកបន្ទាយស្រីចំនួន ៦១គ្រួសារ ស្រុកពួកចំនួន ៦៩គ្រួសារ ស្រុកអង្គរធំចំនួន ៤២គ្រួសារ។ ព័ត៌មានលំអិត
rn
១១៖ កូនឈើ១,២០០ ត្រូវបានផ្តល់ជូនអ្នកភូមិក្នុងខេត្តសៀមរាប
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានផ្តល់ជូនកូនឈើចំនួន ១,២០០ដើម ដល់តំណាងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប និងតំណាងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ក្នុងនោះ ផ្តល់ឲ្យតំណាងភូមិត្រពាំងវែង ចំនួន៣២០ដើម ដើម្បីយកទៅដាំលំអតាមលំនៅដ្ឋាន និងតាមដងផ្លូវក្នុងភូមិ។ បន្ថែមពីនេះ បានផ្តល់កូនឈើជូនតំណាងឃុំព្រៃជ្រូក ចំនួន៧០០ដើម ដើម្បីយកទៅដាំលំអតាមដងផ្លូវពីភូមិប្រដាក់ទៅភូមិពង្រ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ ព័ត៌មានលំអិត
rn
១២៖ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន២១២ ករណីក្នុងខែកក្កដា ឆ្នាំ២០២០
របាយការណ៍សកម្មភាពនិងលទ្ធផលការងារ របស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំខែ កក្កដា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ បានចំនួន២៩៧ សំណើ ដែលក្នុងនោះ បានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន២១២ សំណើ។
ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៦៥ករណី ស្រុកអង្គរធំបានចំនួន៣១ករណី ស្រុកពួកបានចំនួន៣៥ករណី ក្រុងសៀមរាបបានចំនួន៣១ករណី និងស្រុកបន្ទាយស្រីបានចំនួន៥០ករណី សរុប២១២ករណី។ ព័ត៌មានលំអិត
rn
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា និងលោក HONG Jianchun អនុប្រធានគណៈកម្មាធិការរដ្ឋបាលហ័ងសាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌអង្គរនិងហ័ងសាន។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែមានចំនួនច្រើនឡើង ក៏ដូចជាក្នុងន័យបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ ក្នុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២០ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកញ្ញា
ដូនតាខ្មែរបានកសាងប្រាសាទខ្លះមានខ្លោងទ្វារចេញចូល៤ទិស ខ្លះ២ទិស និងខ្លះ១ទិស ដែលឱ្យមនុស្សចេញចូលតាមទិសខាងកើតឬខាងលិចដែលកំណត់ថាជាខ្លោងទ្វារធំ ដោយយោងទៅលើប្រាង្គសំខាន់បែរមុខទៅទិសណា។
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារ CIMB បានរៀបចំពិធីដាំកូនឈើចំនួន ១,៥០០ដើម នៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»។ ក្នុងពិធីនៅពេលនោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងនាមឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍រីករាយ និងរំពឹងថា ស្ថាប័នសាធារណៈពាក់ព័ន្ធនិងស្ថាប័នឯកជនដទៃទៀត នឹងបន្តចូលរួមកាន់តែច្រើនក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ
១៖ ទូតឥណ្ឌាចប់អាណត្តិជួបសម្ដែងការគួរសមនិងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ជួបសម្ដែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានរំឭកពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌា និងអាជ្ញាធរជាតិអប្សរា ក្នុងការងារជួសជុលនៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។ បន្ថែមពីនេះ លោកជំទាវអគ្គរដ្ឋទូត ក៏បានលើកពីគម្រោងបណ្ដុះបណ្ដាលវគ្គខ្លីៗដល់យុវជនកម្ពុជា លើការងារអភិរក្សប្រាសាទ សិល្បៈ និងវប្បធម៌ផងដែរ។
FirstPrev12345...345346NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
2420
Yesterday
:
5274
This Week
:
38525
This Month
:
0153285
Total
:
012660874