ព័ត៌មានថ្មីៗ

ទោចម្កុដគូទី៣បានព្រលែងនៅក្នុងព្រៃរមណីយដ្ឋានអង្គរក្រោយបន្សាំអស់រយៈពេលមួយឆ្នាំកន្លះ

បានផ្សាយនៅ ថ្ងៃទី 01 ខែ កក្កដា ឆ្នាំ2020 09:22 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀតឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។

តាមការបញ្ជាក់របស់លោក និច ម៉ាក នាយកសង្គ្រោះសត្វព្រៃនៃអង្គការសម្ពន្ធមិត្តសត្វព្រៃថា នេះជាទោចម្កុដគូទី៣ហើយដែលក្រុមការងារបានព្រលែងនៅក្នុងព្រៃរមណីយដ្ឋានអង្គរ។ យើងបានបន្សំាវាឱ្យនៅក្នុងទ្រុងសិន ដើម្បីឱ្យវាស្រឡាញ់គ្នា ពិនិត្យសុខភាពថាគ្មានជំងឺ ឱ្យវាចេះសម្របខ្លួននឹងធម្មជាតិ អាកាសធាតុ បរិយាកាស ស្គាល់កន្លែង ខ្លាចមនុស្សតិចតួច ទើបអាចដោះលែងវាឱ្យរស់នៅក្នុងព្រៃបាន។ សម្រាប់លោក និច យល់ថា ទោចម្កុដជាប្រភេទសត្វស្លូត ហើយចំពោះការជ្រើសយកព្រៃក្នុងឧទ្យានអង្គរដើម្បីព្រលែងសត្វទោចម្កុដ ព្រោះព្រៃអង្គរមានសុវត្ថិភាព មានព្រៃស្អាត ធម្មជាតិល្អ មានអាហារគ្រប់គ្រាន់។

លក្ខណៈពិសេសរបស់ទោចម្កុដ ជាសត្វប្រកាន់ដៃគូ ស្មោះត្រង់នឹងដៃគូ រស់នៅជាគ្រួសារ គម្លាតពីគ្រួសារ១ទៅគ្រួសារ១ប្រហែល១គីឡូម៉ែត្រកន្លះ អាយុ៦ឆ្នាំពេញវ័យ និងមានផ្ទៃពោះរយៈពេល៨ខែ មានកូនម្តង១ ហើយជាសត្វមិនបង្ករគ្រោះថ្នាក់ដល់មនុស្សឡើយ។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា យើងបានសហការជាមួយរដ្ឋបាលព្រៃឈើ អង្គការសម្ពន្ធមិត្តសត្វព្រៃ តាំងពីឆ្នាំ២០១៣ ក្នុងការព្រលែងសត្វព្រៃជាច្រើនប្រភេទក្នុងព្រៃរមណីយដ្ឋានអង្គរ។ ក្នុងនោះ ទោចម្កុដ គឺយើងអាចព្រលែងបានតែ៤គ្រួសារទេ។ ចំពោះការថែទាំទាំងទោចម្កុដនិងសត្វផ្សេងៗ គឺមុនព្រលែងក្នុងព្រៃមានក្រុមការងារបន្សាំ ឱ្យចំណី តាមដានសុខភាព និងសុវត្ថិភាពផងដែរ។ អាជ្ញាធរជាតិអប្សរាក៏បានបង្កប់កាមេរ៉ានៅតាមទីតាំងមួយចំនួនឃើញថា សត្វព្រៃដែលក្រុមការងារព្រលែង គឺមានវត្តមានទាំងអស់។

កន្លងមក អាជ្ញាធរជាតិអប្សរារួមនឹងអង្គការសម្ពន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ បានព្រលែងសត្វទោចម្កុដបានចំនួន៣ទីតាំងហើយ គឺនៅប្រាសាទតានៃ១គូ មានកូន៣ ខ្លោងទ្វារខ្មោច១គូ មានកូន២ និងគូទី៣ នៅខ្លោងទ្វារតាកាវ ហើយគ្រោងនឹងដាក់គូទី៤ គឺនៅបឹងសន្ធមា។ បន្ថែមពីនោះ ក៏មានព្រលែងសត្វឈ្លូស៤ក្បាល ស្វាព្រាហ្មណ៍១២ក្បាល សំពោចក្រអូប៥ក្បាល និងភេខ្លួនរលោង៥ក្បាល បច្ចុប្បន្នភេបង្កើតបានកូន២ហើយ។

ជាគោលដៅទៅអនាគត អាជ្ញាធរជាតិអប្សរាដោយសហការជាមួយអង្គការសម្ពន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ នឹងយកសត្វប្រើស សត្វក្ងោក និងសត្វកេងកងមកព្រលែងនៅក្នុងរមណីយដ្ឋានអង្គរបន្ថែមទៀតដែរ៕




















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក យី សុថា
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។
របៀបផ្តិតសិលាចារឹក
( ថ្ងៃទី 18 ខែ តុលា ឆ្នាំ2020 )
ការងារផ្តិតសិលាចារឹកមិនតម្រូវទាល់តែជាអ្នកបច្ចេកទេសបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត ឬអក្សរសាស្រ្ត ទើបអាចផ្តិតបាននោះឡើយ។ វាអាស្រ័យលើអ្នកដែលមានចិត្តអំណត់ និងប្រុងប្រយ័ត្ន ត្បិតអីត្រូវចំណាយពេលយូរ និងដំណើរការក៏ច្រើនដំណាក់កាល មួយទៀតសោតក្រដាសផ្តិតស្តើងពេលត្រូវទឹកផុយងាយរហែកណាស់។
ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។
ដើមដំបូងមុន12345...355356បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2417
ម្សិលមិញ
:
10606
សប្តាហ៍នេះ
:
35452
ខែនេះ
:
0130131
សរុប
:
012899563