NEWS

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

Published on 28 June 2020 03:15 PM Post By ៖ Apsara National Authority

១៖ លោកជំទាវ ភឿង សកុណា ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាតាម វីដេអូ Conference
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូ Conference ជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីពិភាក្សាកិច្ចការ និងដោយះស្រាយការងារបន្ទាន់មួយចំនួន។

២៖ អាជ្ញាធរជាតិអប្សរាប្រជុំផ្ទៃក្នុងស្តីពី ដំណើរការគ្រប់គ្រងរចន្តឯកសារមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា” ម.ស.អ”
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដោយមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកពាក់ព័ន្ធនៅតាម នាយកដ្ឋាននីមួយៗ ក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា ដើម្បីជំរុញឱ្យការអនុវត្ត ការគ្រប់គ្រងចរន្តឯកសារ មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា “ម.ស.អ “ មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងឆាប់រហ័សស្របតាមយន្តការច្រកចេញចូលតែមួយ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រើប្រាស់សេវានានាក្នុងតំបន់រមណីយដ្ឋានអង្គរ។

៣៖ ក្រុមហ៊ុន លី ប្រាឌឺ លីមីធីដ ប្រគល់រថយន្តបោសសម្អាតដីនិងលាងថ្នល់មួយគ្រឿងជូនអាជ្ញាធរជាតិអប្សរា
នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក លី សាំងឡេង អគ្គនាយកក្រុមហ៊ុន លី ប្រាឌឺ លីមីធីដ បានប្រគល់ជូនអាជ្ញាធរជាតិអប្សរា នូវរថយន្តបោសសម្អាតដីនិងលាងថ្នល់មួយគ្រឿង ដើម្បីជួយសម្រួលដល់ការងារសម្អាតបរិស្ថាន ជួយកម្លាំងពលកម្ម និងជួយជំរុញឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពល្អប្រសើរ។
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណដល់លោកអគ្គនាយក ក្រុមហ៊ុន លី ប្រាឌឺ ដែលបានលះបង់ធនធានផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកបម្រើផលប្រយោជន៍សង្គម។ ទង្វើនេះជាកាយវិការដ៏ថ្លៃថ្លាដែលវិស័យឯកជនបានចូលរួមការថែរក្សាមរតកដូនតា និងធ្វើឱ្យរមណីយដ្ឋានអង្គរកាន់តែស្រស់ស្អាត។

៤៖ តូបលក់ដូរទី១១ នៅមុខប្រាសាទអង្គរវត្តត្រូវបានអាជីវករបន្តស្ម័គ្រចិត្តរុះរើចេញ
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី ម៉ោញ ស៊ីណាត លក់ដូរនៅមុខអង្គរវត្ត នេះរយៈពេល២៨ឆ្នាំមកហើយ បានយល់ព្រមរើតូបលក់ដូរ ដើម្បីរួមចំណែកកិច្ចការអភិវឌ្ឍន៍ និងការរៀបចំបរិស្ថាន នៅមុខប្រាសាទអង្គរវត្ត។
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការចូលរួមនេះជាឥរិយាបថដ៏ប្រពៃប្រកបដោយឆន្ទៈខ្ពស់ចំពោះសង្គមជាតិ និងគិតប្រយោជន៍រួមជាធំ ហើយសូមអំពាវនាវដល់អាជីវករដ៏ទៃទៀត ឱ្យស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការរុះរើតូបចាស់ចេញ ដើម្បីទទួលបានតូបថ្មី។ អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការរុះរើសំណង់ទាំងស្រុងនៅជុំវិញបរិវេណមុខប្រាសាទអង្គរវត្ត និងត្រពាំងសេសដែលសរុបជាង១០០តូប ឱ្យបាននៅត្រឹមចុងខែ សីហាខាងមុខនេះ។  

៥៖ សិក្ខាកាម៤៥រូបបានទទួលការបណ្តុះបណ្តាលការវិនិយោគសាធារណៈ៣ឆ្នាំរំកិល
នៅថ្ងៃទី២៤ដល់២៥ ខែមិថុនា ឆ្នាំ២០២០ មជ្ឈមណ្ឌល បណ្តុះបណ្តាលអង្គរសហការជាមួយមន្ត្រីជំនាញ ពីក្រសួងផែនការ បានរៀបចំវគ្គបណ្តុះបណ្តាលធនធានមនុស្ស ស្តីពីការប្រើប្រាស់និងរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៤៥នាក់ ដើម្បីពង្រឹងសមត្ថភាពមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលបម្រើការផ្នែករដ្ឋបាលតាម នាយកដ្ឋាន/អង្គភាព ដែលទទួលខុសត្រូវលើផ្នែកថវិកាឱ្យបានយល់ដឹងកាន់តែច្បាស់លាស់ឱ្យស្របតាមកម្មវិធីដែលក្រសួងចង់បាន។
ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នេះជាមេរៀនថ្មីមួយទៀត សម្រាប់បង្កើនចំណេះដឹងនិងសមត្ថភាពការងារ របស់ធនធានមនុស្សនៅអាជ្ញាធរជាតិ អប្សរា។ ឯកឧត្តមរំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យក្រុមការងារអនុវត្តការងារបានងាយស្រួល ហើយបំពេញការងារបានលឿនជាងមុន ដោយគ្មានការខុសឆ្គង។

៦៖ សិលាចារឹកមួយផ្ទាំងជាភាសាសំស្ក្រឹតត្រូវបានប្រទះឃើញនៅក្នុងប្រាសាទទន្លេស្ងួតពេលកំពុងជួសជុល
ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានប្រទះឃើញសិលាចារឹកជាភាសាសំស្ក្រឹតចារលើផ្ទាំងថ្មភក់ ដែលគេយកមករៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាល នៃប្រាសាទទន្លេស្ងួតក្នុងពេលលាងសម្អាតថ្ម មុនយកទៅរៀបផ្គុំនៅទីតាំងដើមវិញ។ ថ្មចារឹកនេះ អាជ្ញាធរជាតិអប្សរាបានយកមករក្សាទុក ក្នុងទីស្នាក់ការនៃនាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
លក្ខណៈពិសេសនៃសិលាចារឹកនេះ គឺពុំទាន់មានការសិក្សានៅឡើយ ដែលសរសេរជាភាសាសំស្ក្រឹត មានចំនួន៥៥បន្ទាត់ កម្ពស់១០០ស.ម ទទឹង៤០ស.ម និងកម្រាស់២០ស.ម។ បើយោងតាមការសន្និដ្ឋានដំបូងលើលក្ខណៈតួអក្សរឆ្មារៗ និងពិចិត្រ ដែលប្រៀបនឹងសិលាចារឹកនៅប្រាសាទភ្នំដី ស្ថិតនៅខាងជើងប្រាសាទទន្លេស្ងួតនោះ យើងអាចស្មានបានថា សិលាចារឹកនេះ ប្រហែលចារនៅចុងស.វ.ទី១១ ដល់ដើមស.វ.ទី១២។

៧៖ ក្រុមការងារគ្រប់គ្រងបរិស្ថាន-អង្គរ បើកកិច្ចប្រជុំតាមដាន និងជំរុញការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សុខ សក្ខិណា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកតំណាងអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាន-អង្គរ បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រួតពិនិត្យ តាមដាន និងជំរុញការងារគ្រប់គ្រងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះ បានផ្តោតជាសំខាន់លើការងារបរិស្ថានមួយចំនួនដែលស្ថាប័ននេះបានធ្វើការកន្លងមក ពិសេសគោលដៅបន្តធ្វើយ៉ាងណាឱ្យការងារបរិស្ថានក្នុងរមណីយដ្ឋានអង្គរដំណើរការដោយរលូន ក្នុងន័យបន្តកិច្ចសហការជាមួយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) លើការធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដែលស្ថាប័ននេះមានតួនាទីជាអ្នកចេញវិញ្ញាបនបត្របញ្ជាក់ពីគុណភាពបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។

៨៖ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគងពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបានចំនួន៦សំណើ
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយលោកស្រី ម៉ៅ ល្អ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះ របស់ប្រជាពលរដ្ឋ ចំនួន ០៨សំណើ ស្ថិតក្នុងភូមិដូននំ ភូមិតាប្រាក់ ឃុំមានជ័យ និងភូមិស្ពានក្អែក ឃុំកណ្ដែក។ ក្រោយ ពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៦សំណើ។ ប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយរួមមាន ការជួសជុលផ្ទះ សំណង់តូចតាចនិងចាក់ដី ដោយការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ។

៩៖ កំពែងក្រុងអង្គរធំចំនួន៧កន្លែង ស្មើនឹង១៣៥ម៉ែត្រត្រូវបានជួសជុលពង្រឹងឱ្យផុតពីគ្រោះថ្នាក់
កំពែងក្រុងអង្គរធំចំនួន៧កន្លែងក្នុងចំណោម១៨កន្លែង ដែលរងការខូចខាតដោយគ្រោះធម្មជាតិ បរិយាកាស អាយុកាលថ្ម រចនាសម្ពន្ធសំណង់ទ្រុឌទ្រោម និងដីកណ្តៀរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុល បានសម្រេចប្រវែង១៣៥ម៉ែត្រ ក្នុង៣ដំណាក់កាលផ្សេងគ្នាដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង។ ដំណើរការជួសជុលបានចាប់ផ្តើមពីឆ្នាំ២០១៤ សរុបបានប្រវែង១៣៥ម៉ែត្រ ដែលក្នុងនោះមានប្រវែង២០ម៉ែត្រនៅខាងកើតខ្លោងទ្វារដីឆ្នាំង និងប្រវែង១១៥ម៉ែត្រនៅខាងលិចខ្លោងទ្វារទន្លេអុំ។
លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលកំពែងក្រុងអង្គរធំ និងជាមន្ត្រីនាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានរើសយកកន្លែងដែលមានហានីភ័យខ្ពស់មកជួសជុលមុន ព្រោះកន្លែងទាំងនោះបានរងផលប៉ះពាល់ខ្លាំង។ ចំពោះការជួសជុលកំពែងអង្គរធំនេះ ត្រូវគោរពតាមធម្មនុញ្ញអង្គរ ការចុះតាមដានការងារនិងវាយតម្លៃពីអ្នកជំនាញគណៈកម្មការស៊ីស៊ី-អង្គរ។ អាជ្ញាធរជាតិអប្សរាមានគម្រោងជួសជុលកំពែងអង្គរធំដែលរងនូវគ្រោះថ្នាក់ទាំងអស់ ឱ្យមានសុវត្ថិភាពតាមរយៈការអភិរក្សជាជំហានៗ។

១០៖ ប្រជាពលរដ្ឋក្នុងតំបន់អង្គរចំនួន៧៧គ្រួសារ ត្រូវបានអាជ្ញាធរជាតិអប្សរាចុះពិនិត្យ លក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន
របាយការណ៍របស់នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារបានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៧៧គ្រួសារ នៅក្នុងតំបន់អង្គរ។ លំនៅដ្ឋានទាំង៧៧គ្រួសាររួមមាន នៅក្រុងសៀមរាបចំនួន១៩គ្រួសារ ស្រុកប្រាសាទបាគងចំនួន២៨គ្រួសារ ស្រុកបន្ទាយស្រីចំនួន១៩គ្រួសារ និងស្រុកអង្គរធំ ចំនួន១១គ្រួសារ។

១១៖ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរអនុញ្ញាតសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋ បានចំនួន៥ករណី
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពួកដែលស្ថិតនៅក្នុងឧទ្យានអង្គរ។ ការងារនេះ ក្រុមការងារសហគមន៍ប្រចាំស្រុកពួក ដឹកនាំដោយលោក អឿន សំអុន បានពិនិត្យ និងដោះស្រាយចំនួន ០៩សំណើ ស្ថិតក្នុងភូមិប្រឡាយ ភូមិព្រៃធ្លក ឃុំខ្នាត។ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៥សំណើ។

១២៖ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ចំនួន២គោលដៅគឺ៖ គោលដៅទី១ ស្ថិតក្នុងភូមិគិរីមានន្ទ និងភូមិបង្កោង សង្កាត់អំពិល ក្រោយពីពិនិត្យ ក្រុមការងារបានអនុញ្ញាតចំនួន៦សំណើ។ គោលដៅទី២ ស្ថិតក្នុងភូមិទ្រាំង និងភូមិមណ្ឌល៣ សង្កាត់ស្លក្រា ហើយក្រុមការងារបានអនុញ្ញាតចំនួន៧ សំណើ។

១៣៖ សំណើចំនួន២០ករណីត្រូវបានអនុញ្ញាតជូនប្រជាពលរដ្ឋក្នុងឧទ្យានអង្គរដោយក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៣គោលដៅគឺ គោលដៅទី១ ស្ថិតក្នុងភូមិដូនឪ និងភូមិភ្លង់ ឃុំលាងដៃ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៦សំណើ។ គោលដៅទី២ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៧សំណើ។ គោលដៅទី ស្ថិតក្នុងភូមិអំពិលពាម ភូមិជ្រលង ភូមិកំភេម ឃុំកែវ និង ឃុំខ្នាត ក្រោយពិនិត្យទីតាំង និងឯកសារជាក់ស្ដែង ក្រុមការងារបានអនុញ្ញាត ០៧សំណើ។
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ និងទី៨ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន ៤,៦២០ដើមទៀត បានចែកជូនដល់សាធារណជនក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
FirstPrev12345...337338NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
2682
Yesterday
:
5945
This Week
:
26768
This Month
:
0253632
Total
:
012079263