ព័ត៌មានថ្មីៗ

កំពែងក្រុងអង្គរធំចំនួន៧កន្លែង ស្មើនឹង១៣៥ម៉ែត្រត្រូវបានជួសជុលពង្រឹងឱ្យផុតពីគ្រោះថ្នាក់

បានផ្សាយនៅ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ2020 08:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កំពែងក្រុងអង្គរធំចំនួន៧កន្លែងក្នុងចំណោម១៨កន្លែងដែលរងការខូចខាតដោយគ្រោះធម្មជាតិ បរិយាកាស អាយុកាលថ្ម រចនាសម្ពន្ធសំណង់ទ្រុឌទ្រោម និងដីកណ្តៀរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុលបានសម្រេចប្រវែង១៣៥ម៉ែត្រ ក្នុង៣ដំណាក់កាលផ្សេងគ្នាដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង។

ការជួសជុលនេះធ្វើឡើងក្នុងគោលបំណងអភិរក្សនិងពង្រឹងកំពែងក្រុងអង្គរធំឱ្យកាន់តែរឹងមាំដើម្បីរក្សាសោភ័ណភាពកំពែង និងខ្លោងទ្វារអង្គរធំទាំងអស់ឱ្យនៅគង់វង្សយូរអង្វែង។ ដំណើរការជួសជុលបានចាប់ផ្តើមពីឆ្នាំ២០១៤ សរុបបានប្រវែង១៣៥ម៉ែត្រ ដែលក្នុងនោះមានប្រវែង២០ម៉ែត្រនៅខាងកើតខ្លោងទ្វារដីឆ្នាំង និងប្រវែង១១៥ម៉ែត្រនៅខាងលិចខ្លោងទ្វារទន្លេអុំ។

លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលកំពែងក្រុងអង្គរធំនិងជាមន្ត្រីនាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានរើសយកកន្លែងដែលមានហានីភ័យខ្ពស់មកជួសជុលមុន ព្រោះកន្លែងទាំងនោះបានរងផលប៉ះពាល់ខ្លាំងដោយធម្មជាតិិ។

ក្នុងការជួសជុល ក្រុមការងារបានផ្តោតសំខាន់លើបច្ចេកទេសការរៀបជញ្ជាំងថ្មបាយក្រៀមទៅវិញពីមួយស្រទាប់ទៅមួយស្រទាប់ ការបុកបង្ហាប់ដីឱ្យមាំ ដើម្បីពង្រឹងកំពែងឱ្យមានសុវត្ថិភាពខ្ពស់ការពារការជ្រៀបទឹក បង្កើនគុណភាពសំណង់ សោភ័ណភាព ដោយរក្សាទម្រង់ដើមនៃកំពែង និងស្រាវជ្រាវប្រវត្តិនៃការជួសជុលពីអតីតកាល។ មិនតែប៉ុណ្ណោះ អាជ្ញាធរជាតិអប្សរាក៏គិតគូរពីសុវត្ថិភាពសំណង់ដើម្បីរក្សាភាពគង់វង្ស ដោយការធ្វើជំរាលទឹកហូរ និងដាំស្មៅតាមជើងទេរដើម្បីទប់ការហូរច្រោះ។

ចំពោះការជួសជុលកំពែងអង្គរធំនេះគឺត្រូវការពេលវេលាច្រើនព្រោះត្រូវការសិក្សាស្រាវជ្រាវពីរចនាសម្ពន្ធសំណង់ ប្រវត្តិជួសជុល និងចំណុចដែលមានហានីភ័យខ្ពស់។ ពិសេស គឺពេលជួសជុលទាមទារត្រូវគោរពតាមធម្មនុញ្ញអង្គរ ការចុះតាមដានការងារនិងវាយតម្លៃពីអ្នកជំនាញគណៈកម្មការស៊ីស៊ី-អង្គរ រួមទាំងការថែទាំ ការទល់ទ្រ កាត់ក្រីមែកឈើ និងដករុក្ខជាតិដែលដុះលើជញ្ជាំងកំពែងផងទៀតផង។

ចំពោះផែនការអនាគត អាជ្ញាធរជាតិអប្សរាមានគម្រោងជួសជុលកំពែងអង្គរធំដែលរងនូវគ្រោះថ្នាក់ទាំងអស់ឱ្យមានសុវត្ថិភាពតាមរយៈការអភិរក្សជាជំហានៗដើម្បីលើកតម្លៃមរតកដូនតាឱ្យនៅយូរអង្វែង៕
















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក យី សុថា
រចនាសម្ពន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្សធ្វើការជួសជុលនិងទល់ទ្រឱ្យរួចផុតពីហានីភ័យ។ កំពែងទី៣ដែលបានជួសជុលនិងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។
នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ភ្នាក់ងារព្រៃឈើ ឆ្មាំប្រាសាទ ពលករនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដាំកូនឈើឡើងវិញនៅទីតាំងដែលមានការកាប់ទន្ទ្រានដីព្រៃនៃតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលតំបន់នេះកន្លងមករងការកាប់ទន្រ្ទានខុសច្បាប់ពីពលរដ្ឋមួយចំនួន ក្នុងបំណងពង្រីកផ្ទៃដីចម្ការ និងកាន់កាប់ដោយខុសច្បាប់។
ព្យុះនូលដែលកើតឡើងកាលពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានបណ្តាលឱ្យផ្នែកខ្លះនៃព្រះរាជាណាចក្រកម្ពុជាទទួលបានទឹកភ្លៀងដ៏ច្រើន។ ខេត្តសៀមរាបក៏ទទួលបានទឹកភ្លៀងជាច្រើនផងដែរ។
នៅក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណភាពនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដំណើរការបន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិដែលមានទីធ្លាធំទូលាយ និងបំពាក់ទៅដោយសម្ភារ បរិក្ខារ ទំនេីប នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីលានបដិសណ្ឋារកិច្ច។
កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វឆ្មារដាវ(Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន១គូ ពីមជ្ឈមណ្ឌលថែទាំ និងសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតខ្លោងតាកាវសម្រាប់កេងកងតូច និងនៅជិតខ្លោងដីឆ្នាំងសម្រាប់ឆ្មារដាវ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
1658
ម្សិលមិញ
:
7094
សប្តាហ៍នេះ
:
24087
ខែនេះ
:
0118766
សរុប
:
012888198