ព័ត៌មានថ្មីៗ

សិលាចារឹកមួយផ្ទាំងជាភាសាសំស្ក្រឹតត្រូវបានប្រទះឃើញនៅក្នុងប្រាសាទទន្លេស្ងួតពេលកំពុងជួសជុល

បានផ្សាយនៅ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ2020 10:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រទះឃើញសិលាចារឹកជាភាសាសំស្ក្រឹតចារលើផ្ទាំងថ្មភក់ដែលគេយកមករៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាលនៃប្រាសាទទន្លេស្ងួតក្នុងពេលលាងសម្អាតថ្ម មុនយកទៅរៀបផ្គុំនៅទីតាំងដើមវិញ។ ថ្មចារឹកនេះ អាជ្ញាធរជាតិអប្សរាបានយកមករក្សាទុកក្នុងទីស្នាក់ការនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា ផ្ទាំងថ្មចារឹកនេះអាចពុំមែនជារបស់មន្ទីរពេទ្យទន្លេស្ងួតទេ ប្រហែលជាគេយកចេញពីប្រាសាទណាមួយមកប្រើធ្វើជាថ្មកម្រាល ដោយរៀបដាក់ផ្កាប់ផ្ទៃមានអក្សរចារឹកទៅក្រោម។ ចំណែកផ្ទៃខាងក្រោយពុំមានអក្សរគេដាក់ផ្ងារឡើងលើ ហើយដាប់ធ្វើជាល្បាក់សម្រាប់ទ្រថ្មធ្នឹមទ្វារ។

ករណីនេះ បានធ្វើឱ្យបាត់បង់តួអក្សរមួយផ្នែក តែក៏នៅមានសេចក្តីច្រើនដែលអាចសិក្សាស្រាវជ្រាវបន្ថែមបាន ហើយនេះក៏មិនចាត់ទុកជាករណីបំផ្លាញដែរ ព្រោះគេកាត់តម្រឹមឱ្យត្រូវចន្លោះដើម្បីធ្វើជាថ្មកម្រាលក្នុងការកាសាងប្រាសាទទន្លេស្ងួតពីបុរាណ។ ការយកថ្មចាស់ពីកន្លែងផ្សេងមកកសាងប្រាសាទថ្មីបន្ទាប់ ក៏ជាទម្លាប់ធម្មតានាសម័យបុរាណដែរ។

លក្ខណៈពិសេសនៃសិលាចារឹកនេះ គឺពុំទាន់មានការសិក្សានៅឡើយ ដែលសរសេរជាភាសាសំស្ក្រឹត មានចំនួន៥៥បន្ទាត់ កម្ពស់១០០ស.ម ទទឹង៤០ស.ម និងកម្រាស់២០ស.ម។ បើយោងតាមការសន្និដ្ឋានដំបូងលើលក្ខណៈតួអក្សរឆ្មារៗ និងពិចិត្រ ដែលប្រៀបនឹងសិលាចារឹកនៅប្រាសាទភ្នំដី ស្ថិតនៅខាងជើងប្រាសាទទន្លេស្ងួតនោះ យើងអាចស្មានបានថា សិលាចារឹកនេះ ប្រហែលចារនៅចុងស.វ.ទី១១ ដល់ដើមស.វ.ទី១២។

លោក សុខរិទ្ធី បញ្ជាក់ថា នៅពេលនេះយើងមិនទាន់ដឹងខ្លឹមសារនៅក្នុងសិលាចារឹកនេះទេ គឺត្រូវការពេលវេលាដើម្បីឱ្យអ្នកជំនាញប្រែសម្រួលពីភាសាសំស្ក្រឹត ដើម្បីស្វែងយល់ពីរឿងរ៉ាវផ្សេងៗ និងកាលបរិច្ឆទនៃអក្សរចារឹកមួយផ្ទាំងនេះ។ តែវាបានផ្តល់ព័ត៌មានសំខាន់មួយឱ្យយើងដឹងអំពីប្រវត្តិនៃការសាងសង់ប្រាសាទទន្លេស្ងួត និងភស្តុតាងបុរាណវិទ្យាដែលបង្ហាញអំពីការតាំងទីមនុស្សសម័យអង្គរនៅក្នុងតំបន់នេះ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (១១៨១ ដល់ ១២១៨ គ.ស.)៕


















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហ៊ុំ រិទ្ធី
អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណជន ហើយរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន៣,៤០០ដើមទៀត ត្រូវបានចែកចាយ។
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ដើមដំបូងមុន12345...338339បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1739
ម្សិលមិញ
:
5069
សប្តាហ៍នេះ
:
30894
ខែនេះ
:
0257758
សរុប
:
012083389