NEWS

អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្នុងឧទ្យានអង្គរសង់លំនៅដ្ឋានគំរូខ្មែរបុរាណ

Published on 22 May 2020 03:59 PM Post By ៖ Apsara National Authority

អាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ ទាំងនេះគឺ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។

អនុប្រធាននាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ លោក ស៊ឹម ប៊ុនធឿន មានប្រសាសន៍ថា រាល់ពលរដ្ឋ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការអនុញ្ញាត មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងចុះដល់ទីតាំងសាងសង់ផ្ទាល់ដើម្បី ជួយផ្ដល់ជាបច្ចេកទេសក្នុងការសង់លំនៅដ្ឋាន ដើម្បីឱ្យសមស្របតាមគំរូផ្ទះបែបខ្មែរ។

លោកបញ្ជាក់ទៀតថា ផ្ទះខ្មែរជាប្រភេទសំណង់ស្រាល ដែលងាយស្រួលសាងសង់ មិនតម្រូវឱ្យជីកដី ឬជីកគ្រឹះ ដែលអាចមានការប៉ះពាល់ដល់បុរាណវត្ថុដែលកប់ក្នុងដីឡើយ។ ចំណែក សោភ័ណ្ឌភាព មានតម្លៃសម្រាប់ទេសភាពវប្បធម៌។ ផ្ទះខ្មែរមានលក្ខណៈចំហនៅផ្នែកខាងក្រោមសម្រាប់ខ្យល់បក់ចេញចូល ដាក់សម្ភារកសិកម្ម ចងគោ ក្របី ចិញ្ចឹមសត្វផ្សេងៗ ហើយមនុស្សរស់នៅក្រោមផ្ទះជាប្រចាំនៅពេលថ្ងៃ ជាន់ខាងលើសម្រាប់សម្រាកនៅពេលយប់។ «ខ្មែរយើងមិនសាងសង់ផ្ទះតៀមទេ។ ការសាងសង់ផ្ទះបែបនេះ វាសមស្របទៅនឹងលក្ខខណ្ឌអាកាសធាតុក្តៅ កត្តាជីវភាពរស់នៅ និងជំនឿ»។

តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ប្រភេទគំរូផ្ទះដែលគេតែងឃើញប្រជាពលរដ្ឋខ្មែរសាងសង់មានដូចជា៖ ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះរោងឌឿង និង ផ្ទះកន្តាំងជាដើម។

បច្ចុប្បន្ននេះ បើទោះបីជាវិទ្យាសាស្ត្រផ្នែកសំណង់បានរីកចម្រើនខ្លាំងក៏ពិតមែន ប៉ុន្តែប្រជាជនខ្មែរភាគច្រើន តែងនិយមសង់ផ្ទះសំបែងរបស់ខ្លួនតាមគំរូក្បួនខ្នាតពីបុព្វបុរសខ្មែរដដែល គ្រាន់តែការវិវឌ្ឍផ្តាស់ប្តូរសម្ភារសំណង់មួយចំនួនដើម្បីកាត់បន្ថយពីការប្រើប្រាស់ឈើច្រើនមកឈើតិច ឬជំនួសដោយថ្ម ឥដ្ឋ ដែក ស្មាតបត (Smart board wall) ទៅវិញ។ សម្ភារទំនើបទាំងអស់ នេះថ្វីត្បិតជាសម្ភារទំនើបមែន ក៏ប៉ុន្តែវាអាចយកមកប្រើប្រាស់ការសាងសង់សំណង់ហើយ បង្ហាញពីអត្តសញ្ញាណផ្ទះខ្មែរ។

អ្នកស្រី យឿន សុខា ជាអ្នកភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប មានប្រសាសន៍ថា គាត់បានស្នើសុំលក្ខណៈបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះបែបខ្មែរបុរាណដោយប្រើសម្ភារទំនើបដូចជា ដែក ស្មាតបូត ដែលចំណាយអស់ថវិកាតិចជាងសម្ភារធ្វើពីឈើ តែរក្សារូបរាងជាផ្ទះបែបខ្មែរដដែល។ ស្រ្តីដដែលបញ្ជាក់ទៀតថា ការសាងសង់ផ្ទះបែបខ្មែរដូច្នេះងាយស្រួលរស់នៅជាងផ្ទះតៀម ថែមទាំងបានចូលរួមចំណែកថែរក្សាទេសភាពវប្បធម៌ និងលើកគុណតម្លៃបេតិកភណ្ឌជាតិផង។ អ្នកស្រីក៏ចង់ឱ្យ ពលរដ្ឋដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ រើសយកការសង់ផ្ទះ បែបខ្មែរបុរាណទាំងអស់គ្នា៕





















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា និងនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍អំពីហានីភ័យប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ខែ បានបញ្ចប់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ប្រាសាទមេបុណ្យខាងលិច កំពុងចាប់ផ្តើមចេញរូបរាងជាបណ្ដើរៗ ក្រោយពេលមានការជួសជុលចាប់ពីឆ្នាំ២០១២ មក។ បច្ចុប្បន្ន ក្រុមកម្មករកំពុងបំពេញការងារយ៉ាងមមាញឹក ដើម្បីឱ្យគម្រោងជួសជុល និងលើកតម្លៃនៃប្រាសាទមេបុណ្យខាងលិចនេះ ប្រព្រឹត្តិទៅតាមការគ្រោងទុក និងដើម្បីស្វាគមន៍ភ្ញៀវទេសចរចូលទៅទស្សនា។
ក្នុងឱកាសដ៏មមាញឹកបំពេញបេសកកម្មការងារនៅខេត្តសៀមរាប ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទស្សនកិច្ចការងារនៅរមណីយដ្ឋានអង្គរ។
របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា រយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន២៥០៧សំណើ ក្នុងចំណោម៣៤៣៩សំណើ។
កូនឈើជាបន្តបន្ទាប់ បានចែកជូនដល់សាធារណជនដែលបានមកស្នើសុំដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ តួយ៉ាង រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចែកជូនកូនឈើចំនួន ៣,២៧៧ដើម។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
11
Today
:
3352
Yesterday
:
7620
This Week
:
44007
This Month
:
0138686
Total
:
012908118