NEWS

អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្នុងឧទ្យានអង្គរសង់លំនៅដ្ឋានគំរូខ្មែរបុរាណ

Published on 22 May 2020 03:59 PM Post By ៖ Apsara National Authority

អាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ ទាំងនេះគឺ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។

អនុប្រធាននាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ លោក ស៊ឹម ប៊ុនធឿន មានប្រសាសន៍ថា រាល់ពលរដ្ឋ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការអនុញ្ញាត មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងចុះដល់ទីតាំងសាងសង់ផ្ទាល់ដើម្បី ជួយផ្ដល់ជាបច្ចេកទេសក្នុងការសង់លំនៅដ្ឋាន ដើម្បីឱ្យសមស្របតាមគំរូផ្ទះបែបខ្មែរ។

លោកបញ្ជាក់ទៀតថា ផ្ទះខ្មែរជាប្រភេទសំណង់ស្រាល ដែលងាយស្រួលសាងសង់ មិនតម្រូវឱ្យជីកដី ឬជីកគ្រឹះ ដែលអាចមានការប៉ះពាល់ដល់បុរាណវត្ថុដែលកប់ក្នុងដីឡើយ។ ចំណែក សោភ័ណ្ឌភាព មានតម្លៃសម្រាប់ទេសភាពវប្បធម៌។ ផ្ទះខ្មែរមានលក្ខណៈចំហនៅផ្នែកខាងក្រោមសម្រាប់ខ្យល់បក់ចេញចូល ដាក់សម្ភារកសិកម្ម ចងគោ ក្របី ចិញ្ចឹមសត្វផ្សេងៗ ហើយមនុស្សរស់នៅក្រោមផ្ទះជាប្រចាំនៅពេលថ្ងៃ ជាន់ខាងលើសម្រាប់សម្រាកនៅពេលយប់។ «ខ្មែរយើងមិនសាងសង់ផ្ទះតៀមទេ។ ការសាងសង់ផ្ទះបែបនេះ វាសមស្របទៅនឹងលក្ខខណ្ឌអាកាសធាតុក្តៅ កត្តាជីវភាពរស់នៅ និងជំនឿ»។

តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ប្រភេទគំរូផ្ទះដែលគេតែងឃើញប្រជាពលរដ្ឋខ្មែរសាងសង់មានដូចជា៖ ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះរោងឌឿង និង ផ្ទះកន្តាំងជាដើម។

បច្ចុប្បន្ននេះ បើទោះបីជាវិទ្យាសាស្ត្រផ្នែកសំណង់បានរីកចម្រើនខ្លាំងក៏ពិតមែន ប៉ុន្តែប្រជាជនខ្មែរភាគច្រើន តែងនិយមសង់ផ្ទះសំបែងរបស់ខ្លួនតាមគំរូក្បួនខ្នាតពីបុព្វបុរសខ្មែរដដែល គ្រាន់តែការវិវឌ្ឍផ្តាស់ប្តូរសម្ភារសំណង់មួយចំនួនដើម្បីកាត់បន្ថយពីការប្រើប្រាស់ឈើច្រើនមកឈើតិច ឬជំនួសដោយថ្ម ឥដ្ឋ ដែក ស្មាតបត (Smart board wall) ទៅវិញ។ សម្ភារទំនើបទាំងអស់ នេះថ្វីត្បិតជាសម្ភារទំនើបមែន ក៏ប៉ុន្តែវាអាចយកមកប្រើប្រាស់ការសាងសង់សំណង់ហើយ បង្ហាញពីអត្តសញ្ញាណផ្ទះខ្មែរ។

អ្នកស្រី យឿន សុខា ជាអ្នកភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប មានប្រសាសន៍ថា គាត់បានស្នើសុំលក្ខណៈបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះបែបខ្មែរបុរាណដោយប្រើសម្ភារទំនើបដូចជា ដែក ស្មាតបូត ដែលចំណាយអស់ថវិកាតិចជាងសម្ភារធ្វើពីឈើ តែរក្សារូបរាងជាផ្ទះបែបខ្មែរដដែល។ ស្រ្តីដដែលបញ្ជាក់ទៀតថា ការសាងសង់ផ្ទះបែបខ្មែរដូច្នេះងាយស្រួលរស់នៅជាងផ្ទះតៀម ថែមទាំងបានចូលរួមចំណែកថែរក្សាទេសភាពវប្បធម៌ និងលើកគុណតម្លៃបេតិកភណ្ឌជាតិផង។ អ្នកស្រីក៏ចង់ឱ្យ ពលរដ្ឋដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ រើសយកការសង់ផ្ទះ បែបខ្មែរបុរាណទាំងអស់គ្នា៕





















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា និងនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។
“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
1274
Yesterday
:
5850
This Week
:
71334
This Month
:
0227415
Total
:
012735004