ព័ត៌មានថ្មីៗ

ប្រាសាទក្រហមក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២នៅលើខ្នងភ្នំគូលែនទើបបញ្ចប់ការជួសជុលជាលើកដំបូង

បានផ្សាយនៅ ថ្ងៃទី 11 ខែ ឧសភា ឆ្នាំ2020 09:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទក្រហមកសាងក្នុងស.វ.ទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២នៅលើភ្នំគូលែន បានបញ្ចប់ការជួសជុលឱ្យផុតពីហានិភ័យជាលើកដំបូង ដោយក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរានៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរក្រោមការដឹកនាំដោយលោកបណ្ឌិត ឈាន រដ្ឋា និងដឹកនាំអនុវត្តផ្ទាល់ដោយលោក ពុទ្ធ សុទ្ធ កាលពីពេលថ្មីៗនេះ។

លោក ឮ ចាន់ណូរ៉ា មន្ត្រីបច្ចេកទេសជួសជុលប្រាសាទក្រហមនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ប្រាសាទក្រហមជាប្រាសាទ ឥដ្ឋលាយថ្មភក់ កសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នាស.វ.ទី៩ ឧទ្ទិសដល់ព្រះឥសូរ ស្ថិតនៅលើភ្នំគូលែន កម្ពស់៣៧០ម៉ែត្រពីនីវ៉ូទឹក សមុទ្រ និង១៤គីឡូម៉ែត្រពីព្រះអង្គធំ។ ប្រាសាទនេះមានចំនួនពីរគឺ ប្រាសាទក្រហម១ និងប្រាសាទក្រហម២។

លោក ណូរ៉ា បន្តថា មុនការជួសជុលប្រាសាទក្រហម១បានប្រឈមនឹងការបំផ្លាញពីដើមឈើនិងឫសឈើចាក់ចូលទៅក្នុងតួប្រាសាទ ជញ្ជាំង និងដំបូលធ្វើឱ្យប្រាសាទនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ម្យ៉ាងទៀតឥដ្ឋមួយចំនួនពុកផុយដោយសារអាយុកាល និងអាកាសធាតុ បង្កឱ្យរុក្ខជាតិចាក់ចូលទៅបំផ្លាញរចនាសម្ពន្ធប្រាសាទ ហើយកាលពីសម័យមុនមានការលួចជីកកកាយរកវត្ថុបុរាណនៅផ្នែកកណ្តាល ធ្វើឱ្យខូចគ្រឹះឥដ្ឋសម្រាប់ទ្រលិង្គ និងយោនី ភាពរាយប៉ាយ នៃវត្ថុសិល្បៈ ការបំផ្លាញពីសត្វកណ្តៀរនិងម្រោម ដែលធ្វើសំបុកក្នុងជញ្ជាំងឥដ្ឋនិងខឿនប្រាសាទ។ កត្តាទាំងនេះទើបតម្រូវឱ្យជួសជុលជាបន្ទាន់ ដើម្បី សង្គ្រោះប្រាសាទឱ្យបានទាន់ពេលវេលា សម្រាប់វិស័យទេសចរណ៍និងលើកតម្លៃកេរតំណែលដូនតា។

ចំពោះការជួសជុលលើកដំបូងនេះ ក្រុមការងារបានកំណាយបកដីដែលចាក់បង្គ ស្វែងរកវត្ថុសិល្បៈ និងរៀបទុកដាក់ឥដ្ឋឱ្យមានសណ្តាប់ធ្នាប់ និងធ្វើជំរាលដោះទឹក។ សម្អាតរុក្ខជាតិ ដើមឈើ ដែលដុះនៅលើជញ្ជាំង និងដំបូលប្រាសាទ។ រៀបភ្ជឹតជញ្ជាំងប្រេះនិងជួសជុលពង្រឹងជញ្ជាំងដែលពុកផុយ។ ជួសជុលពង្រឹងដំបូលដែលបម្រុងជ្រុះធ្លាក់ ជួសជុលនិងដំឡើងក្លោងទ្វារខាងកើតឡើងវិញ។

កិច្ចការជួសជុលប្រាសាទក្រហម១នៅដំណាក់កាលដំបូងនេះ មិនទាន់គ្រប់គ្រាន់ទេលោក បណ្ឌិត ឈាន រដ្ឋា បានលើកឡើងថា ទៅអនាគតនាយកដ្ឋាននឹងស្នើគម្រោងជួសជុលដំណាក់កាលទី២ គឺជួសជុលផ្នែកដំបូល ពង្រឹងរចនាសម្ពន្ធគ្រឹះឥដ្ឋសម្រាប់ទ្រលិង្គនិងយោនី ជួសជុលវត្ថុសិល្បៈបន្ថែមដែលបានរកឃើញនៅជុំវិញប្រាសាទដើម្បីឱ្យប្រាសាទនៅរឹងមាំ គង់វង្សយូរអង្វែង និងកំណាយស្រាវជ្រាវដើម្បីដឹងព័ត៌មានបន្ថែមពីប្រាសាទនេះ៕






































អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក យី សុថា / ក្រុមការងារជួសជុលប្រាសាទក្រហម
ក្នុងស្មារតីចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទានទេសចរណ៍នៅបរិវេណមុខប្រាសាទអង្គរវត្តជាមួយអាជ្ញាធរជាតិអប្សរា ម្ចាស់ភោជនីយដ្ឋានចំនួន៤ខ្នងបានរុះរើដោយស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានអះអាងថា អាជ្ញាធរជាតិអប្សរាមិនដែលបដិសេធចំពោះសំណង់ឬអគារណា ដែលមានភាពស្របច្បាប់ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនទេ។ នេះគឺជាការឆ្លើយបំភ្លឺទាក់ទិនទៅនឹងការផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែកក្កដា ដែលមិនមានមូលដ្ឋានច្បាស់លាស់ ឈ្មោះ វិទ្យុ នគររាជ្យ ថា “អាស្រមពើងតាអេវ ស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប ត្រូវភ្លើងឆេះអស់ ព្រះសង្ឃឆាន់នៅក្រោមដើមឈើ ពុទ្ធបរិស័ទ សុំច្បាប់សាងសង់ឡើងវិញតែអជ្ញាធរជាតិអប្សរា មិនអនុញ្ញាត ចង់សួរថាមូលហេតុអ្វី?”
១៖ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះពិនិត្យរៀបចំការងារមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន ការងារនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ទីទួលបុរាណដ្ឋានប្រាសាទបាយក្អែក ការដ្ឋានជួសជុលស្ពានហាល ការងាររៀបចំសួនបៃតង ការពង្រីកការដាំកូនឈើ និងគម្រោងសិក្សាលើកបង្គន់អនាម័យខាងត្បូងប្រាសាទអង្គរវត្ត និងការងារនៅប្រាសាទព្រះខ័នជាដើម។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ជា ពិសិដ្ឋ នាយករងផលិតកម្មនៃអគ្គិសនីកម្ពុជា អំពីការចូលរួមរបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្កើតវត្ថុដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរថាមពលកកើតឡើងវិញ និងឧទ្យានជាតិសម្តេច ហ៊ុន សែន កំពត។
យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន១៩៥៩គ្រួសារ ។
ដើមដំបូងមុន12345...327328បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
21558
ម្សិលមិញ
:
24645
សប្តាហ៍នេះ
:
21558
ខែនេះ
:
0138857
សរុប
:
011601453