NEWS

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

Published on 10 May 2020 07:05 PM Post By ៖ Apsara National Authority
១៖ អាជ្ញាធរជាតិអប្សរា បានបោះបង្គោលព្រំកំណត់តំបន់ការពារ ត្រពាំងបុរាណ ឈ្មោះ ត្រពាំងហែផ្កា
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប សាលាក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ដើម្បីទប់ស្កាត់ការរុករានទន្រ្ទានចូលកាន់កាប់ដីបរិវេណត្រពាំងបុរាណ តទៅថ្ងៃអនាគត អាជ្ញាធរជាតិអប្សរា នឹងមានគម្រោងបោះបង្គោលព្រំកំណត់តំបន់ការពារបុរាណដ្ឋានផ្សេងៗទៀតនៅក្នុងខេត្តសៀមរាបទាំងមូល។ អានបន្ត

២៖ ការប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទកណ្តាលស្រះស្រង់
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែល១នៅមានរូបរាងពេញលេញ និង១ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង ខ្វាតពណ៌ស (គ្រីស្តាល់?) ជាច្រើនគ្រាប់ និងបំណែកចម្លាក់ក្បាលនាគមួយធំដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។ បច្ចុប្បន្នដើម្បីរក្សាពីសុវត្ថិភាព ក្រុមការងារបាននាំយកវត្ថុទាំងនោះមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាត និងរក្សាទុក។ ឯកិច្ចការស្រាវជ្រាវនេះ គ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០មក។ អានបន្ត

៣៖ អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកំណាត់ផ្លូវចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ កាត់តាមមុខព្រលានយន្តហោះ ដល់មុខប្រាសាទអង្គរវត្ត
គម្រោងជួសជុលកំណាត់ផ្លូវ ចាប់ពីចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧កាត់តាមព្រលានយន្តហោះ ប្រាសាទនាងពៅ រហូតដល់ផ្លូវបំបែកចំណតរថយន្តមុខប្រាសាទអង្គរវត្ត មានទទឹង១០ម៉ែត្រ ក្រាលបេតុងកៅស៊ូប្រភេទAC ប្រវែងសរុប ៦៧១២ម៉ែត្រ ដែលអាជ្ញាធរជាតិអប្សរាបានដំណើរការអនុវត្តចាប់តាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ សម្រេចការជួសជុលទាំងស្រុងហើយ។
គម្រោងជួសជុលនេះចែកចេញជាបីកំណាត់៖ កំណាត់ទី១ ចាប់ពីផ្លូវជាតិលេខ៦ ត្រង់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់មុខព្រលានយន្តហោះប្រវែង ២១៨១ម៉ែត្រ ។ កំណាត់ទី២ ចាប់ពីមុខព្រលានយន្តហោះមកដល់មុខប្រាសាទនាងពៅប្រវែង៩៨៥ម៉ែត្រ។ កំណាត់ទី៣ ចាប់ពីប្រាសាទនាងពៅមកដល់មុខប្រាសាទអង្គរវត្ត ប្រវែង៣៥៤៦ម៉ែត្រ។ អានបន្ត

៤៖ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះនិងសាងសង់សំណង់តូចតាចរបស់ប្រជាពលរដ្ឋ បានចំនួន ១១១០គ្រួសារ រយៈពេល៤ខែដើមឆ្នាំ២០២០
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចេញផ្សាយនៅខែមេសានេះ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០ ក្រុមការងារសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះ និងសាងសង់តូចតាចតាមភូមិមួយចំនួនក្នុងតំបន់ឧទ្យានអង្គរបានចំនួន ១៥២៣គ្រួសារ ហើយបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១១១០គ្រួសារ ។ ករណីអនុញ្ញាត នៅស្រុកប្រាសាទបាគង ចំនួន១១៤គ្រួសារ ស្រុកអង្គរធំចំនួន៧៥គ្រួសារ ស្រុកពួកចំនួន ២៥៥គ្រួសារ ស្រុកបន្ទាយស្រីបានចំនួន ៤៩៧គ្រួសារ និងក្រុងសៀមរាបចំនួន ១៦៩គ្រួសារ។ អានបន្ត

៥៖ អាជ្ញាធរជាតិអប្សរាគ្រោងដាំនិងចែកចាយកូនឈើចំនួន១១ម៉ឺនដើមក្នុងឆ្នាំ២០២០នេះ
ដើម្បីបង្កើនគម្របព្រៃក្នុងរមណីយដ្ឋានអង្គរ ឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ ក្នុងឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរានឹងបន្តយុទ្ធនាការដាំនិងចែកចាយដើមឈើចំនួន១១ម៉ឺនដើម។ បច្ចុប្បន្ន ស្ថានីយបណ្ដុះកូនឈើទាំង៤របស់អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកខ្លាំងក្នុងការបណ្ដុះកូនឈើចម្រុះសម្រាប់ត្រៀមដាំ។ គួរឱ្យដឹងដែរថា ស្ថានីយ៍បណ្ដុះកូនឈើមាន៤ទីតាំង ទី១ គឺស្ថានីយបណ្ដុះកូនឈើ៨ហិកតា ដែលបណ្ដុះកូនឈើប្រណិត៤ប្រភេទ មានដើមបេង គ្រញូង ច្រេះ និងធ្នង់ ទី២ ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដែលបណ្ដុះប្រភេទកូនឈើលេខ១ លេខ២ លេខ៣ និងក្រៅលំដាប់ថ្នាក់ ទី៣ ស្ថានីយបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើលម្អ និងប្រភេទឈើព្រៃហូបផ្លែ និងទី៤ ស្ថានីយបាឡុង បណ្តុះ ថែទាំ និងផ្សាំកូនឈើបន្តវេនគ្រប់ប្រភេទ។ អានបន្ត

៦៖ សត្វទោចមកុដ និងសត្វភេ ដែលបានដោះលែងនៅព្រៃឧទ្យានអង្គរកើតបានកូន៣បន្ថែម
ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរបានជាច្រើនប្រភេទដូចជា សត្វទោចមកុដចំនួន១០ក្បាល សត្វឈ្លូសចំនួន៤ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោងចំនួន៥ក្បាល។
ដោយឡែកសត្វទោចមកុដចំនួន៣គ្រួសារ ដែលក្នុងនោះនៅក្បែរប្រាសាទតានៃមានចំនួន៥ក្បាល ទើបតែកើតបានកូនមួយបន្ថែម ដែលមានអាយុប្រហែល៤សប្តាហ៍ហើយ ឯសត្វភេខ្លួនរលោង ពេលនេះកើតបានកូនចំនួន២បន្ថែម ដែលកូនភេទាំង២នោះមានអាយុប្រហែល៣ខែហើយ។ អានបន្ត

៧៖ ក្រុមគ្រប់គ្រងហានិភ័យដើមឈើចុះកាត់ក្រីដើមឈើក្នុងសាលាបឋមសិក្សាបាយ័ន
នៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២០ ក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីដើមឈើដែលមានហានិភ័យខ្ពស់ចំនួន៧ដើម នៅសាលាបឋមសិក្សាបាយ័នក្នុងបរិវេណវត្តព្រះសិអារ្យមេត្រិយ៍នៃតំបន់អង្គរធំ។ ដើមឈើដែលត្រូវកាត់ក្រីមែកនោះមាន ដើមឈើទាល៦ដើម និងដើមស្រឡៅ១ដើម ដែលមានមែកងាប់ចំនួន២មែក និងមែករស់ចំនួន១៤មែក។ អានបន្ត

ក្នុងគោលបំណងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ទេសភាព បរិស្ថាន ខាងលិចមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ និងលើកតម្លៃអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមស្ម័គ្រចិត្តពីបងប្អូនអាជីវករ សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ និងតូបលក់ដូរមួយចំនួនត្រូវបានរុះរើ។
តាមរបាយការណ៍នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងតំបន់អង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា សប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានទទួលពាក្យ ស្នើសុំធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន៦៥ ករណី ក្នុងចំណោមសំណើទាំងនោះ។
ដើម្បីធានាដល់សុវត្ថិភាពប្រាសាទ ភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដូចដែលមានភ្ជាប់ខាងក្រោម៖
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបានចូលរួមប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើពង្រាងផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥ នាសណ្ឋាគាររីជិនស៊ីអង្គរ។
នាល្ងាចថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលក្រាបបង្គំសួរសុខទុក្ខ និងប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួនដល់ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាម។
FirstPrev12345...329330NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
3458
Yesterday
:
4114
This Week
:
125039
This Month
:
0242338
Total
:
011704934