ព័ត៌មានថ្មីៗ

អ្នកជំនាញការអាជ្ញាធរជាតិអប្សរាអនុវត្តគម្រោងអភិរក្សប្រាសាទទន្លេស្ងួតដំណាក់កាលទី២

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិនា ឆ្នាំ2020 09:54 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បន្ទាប់ពីបញ្ចប់គម្រោងអភិរក្សដំណាក់កាលទី១ នៅខែកក្កដា ឆ្នាំ២០១៩ លើកម្មវិធីសិក្សាស្រាវជ្រាវឯកសារ ចុះបញ្ជីថ្មរាយប៉ាយ រកថ្មនិងរៀបផ្គុំសាកល្បង ធ្វើសម្រង់ប្លង់ និងការរុះរើថ្ម (តួប្រាសាទទាំងស្រុងចាប់ពីដំបូលរហូតដល់គ្រឹះ) រួចរាល់កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ ពេលនេះក្រុមការងារកំពុងបន្តគម្រោងដំណាក់កាលទី២ (ឆ្នាំ២០២០) ដោយចាប់ផ្តើមជួសជុលពង្រឹងគ្រឹះ រៀបផ្គុំថ្មខឿន និងតួប្រាសាទវិញរហូតដល់ស្រទាប់ទី១៥ (ត្រឹមធ្នឹមទ្វារ) ហើយគម្រោងដំណាក់កាលទី៣ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១។

លោក ជា សារិទ្ធិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលប្រាសាទទន្លេស្ងួតបានឱ្យដឹងថា ចំពោះហានិភ័យដែលនាំឱ្យប្រាសាទនេះប្រឈមនឹងការរលំបាក់នោះ គឺដោយសារកត្តាទឹក ដើមឈើ និងអាយុកាលសំណង់ ជាពិសេសគ្រឹះប្រាសាទចុះខ្សោយ ហើយតួប្រាសាទទ្រេតខ្លាំងទៅជ្រុងខាងលិច (លើសពី១៥ដឺក្រ) ថ្មរចនាសម្ពន្ធជញ្ជាំង និងដំបូលស្ទើរតែទាំងអស់បានរំកិលចេញពីស្ថានភាពដើម (ប្រហោងចន្លោះពី៥ស.ម.ទៅ៤៥ស.ម. ចំណែកថ្មជញ្ជាំងនិងដំបូលមួយភាគធំត្រង់ជ្រុងអាគ្នេយ៍និងពាយ័ព្យរលុះធ្លាក់ដល់ដី។

បន្ទាប់ពីសិក្សាវាយតម្លៃផ្នែកស្ថាបត្យកម្ម តម្រូវឱ្យក្រុមការងារសម្រេចអនុវត្តការជួសជុលជាបន្ទាន់ ដោយមានការឯកភាពពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអនុសាសន៍ពីអ្នកជំនាញការ Ad hoc របស់អង្គការយូណេស្កូ (UNESCO) ដែលអនុញ្ញាតឱ្យរុះរើនិងរៀបផ្គុំឡើងវិញចាប់ពីដំបូលរហូតដល់គ្រឹះប្រាសាទ ហៅថា Anastylosis។

លោក សារិទ្ធ បន្តថា ដើម្បីសង្គ្រោះប្រាសាទឱ្យមានលំនឹងស្មើឡើងវិញ យើងត្រូវជួសជុលពង្រឹងគ្រឹះ ខឿន និងតួប្រាសាទឡើងវិញដោយគោរពទៅតាមលក្ខណៈបច្ចេកទេសនិងសម្ភារបុរាណ។ ដូច្នេះទើបក្រុមការងារមិនបានរើផ្នែកគ្រឹះទាំងស្រុងទេ ដោយរើថ្មជាផ្នែកៗ សម្អាតកំណកដី រួចផ្លាស់ប្តូរចេញនូវថ្មពុកផុយ និងទំហំតូចស្តើង ហើយដាក់ជំនួសវិញនូវថ្មថ្មីដែលមានទំហំធំនិងគុណភាពល្អ។ ទន្ទឹមគ្នានេះ ក្រុមការងារបានរៀបផ្គុំសាកល្បងនូវថ្មស្រទាប់ក្រោមបង្អស់ ដោយប្រើនូវស្នៀតឈើសម្រាប់កល់ឬលើកកម្ពស់ថ្មឱ្យត្រូវគ្នាទៅតាមលំនាំដើមវិញ ហេតុនេះហើយទើបក្រុមការងារមិនអាចរើថ្មអស់ទាំងស្រុង គឺដើម្បីរក្សានូវកម្រិតកម្ពស់ដើមនិងទីតាំងដើមរបស់ថ្មនីមួយៗ។ បន្ទាប់ពីរៀបផ្គុំស្រទាប់ទី១រហូតដល់ស្រទាប់ទី៣ និងស្រទាប់បន្តបន្ទាប់ត្រូវតាមលំនាំដើមរួចរាល់ ក្រុមការងារត្រូវរុះរើថ្មរហូតដល់ស្រទាប់ទី១ចេញវិញ ហើយត្រូវប្តូរថ្មគ្រឹះបាយក្រៀមពុកផុយ និងទំហំតូចស្តើងចេញ ហើយដាក់ថ្មថ្មីដែលមានទំហំធំជាងមុន តាមអនុសាសន៍របស់អ្នកជំនាញការ Ad hoc នៃអង្គការយូណេស្កូ។

ចំពោះកំណាយសិក្សាគ្រឹះប្រាសាទនិងស្រាវជ្រាវ លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ការធ្វើកំណាយនេះគឺមានប្រយោជន៍ដើម្បីសិក្សាអំពីការរៀបចំគ្រឹះប្រាសាទ មូលហេតុដែលនាំឱ្យប្រាសាទស្រុត និងរបៀបនៃការសាងសង់ប្រាសាទ។ ជាលទ្ធផលបានបង្ហាញថា ប្រាសាទទន្លេស្ងួតមិនបានសង់នៅលើដីធម្មជាតិនោះទេ។ ផ្ទុយទៅវិញ គេបានលើកដីមកពូនឱ្យខ្ពស់ដល់កម្ពស់ដែលគេចង់បាន បន្ទាប់មក គេបានកាប់ដីទួលនោះជារណ្តៅដែលមានប្រវែងបណ្តោយនិងទទឹងវែងជាងតួប្រាសាទ និងកម្រាលព័ទ្ធជុំវិញពីខាងក្រៅប្រាង្គប្រមាណជា១,៥០ម៉ែត្រ។ នៅក្នុងរណ្តៅគ្រឹះនេះ គេបានបំពេញស្រទាប់ដីខ្សាច់ដែលបង្ហាប់ឆ្លាស់គ្នាជាមួយស្រទាប់ដីឥដ្ឋលាយខ្សាច់និងស្រទាប់ដីឥដ្ឋលាយថ្មភ្នំ។ ដូច្នេះ មូលហេតុសំខាន់ដែលនាំឱ្យប្រាសាទស្រុត គឺបណ្តាលមកពីការរលួយនៃឫសឈើដែលងាប់ក្នុងស្រទាប់ដីបង្ហាប់ធ្វើគ្រឹះនេះ។

លោក សុជាតិ បន្តថា កំណាយក៏បានរកឃើញសំណល់គ្រឹះនៃកំពែងថ្មបាយក្រៀមរបស់មន្ទីរពេទ្យដែលជាទូទៅមានបណ្តោយប្រមាណជា៣១ម៉ែត្រនិងទទឹងជាង២០ម៉ែត្រ។ ផ្នែកនៃជញ្ជាំងត្រូវបានបាត់បង់ទាំងស្រុង។ វាប្រហែលជាត្រូវបានគេរុះរើនៅពេលគេឈប់ប្រើប្រាស់មន្ទីរពេទ្យនេះ។ លក្ខណៈបែបនេះក៏ធ្លាប់ជួបនិងរកឃើញផងដែរនៅប្រាសាទត្រម៊ូង (មន្ទីរពេទ្យ) នៅខាងលិចខ្លោងទ្វារតាកាវ។ នៅក្នុងរណ្តៅកំណាយនេះ ក៏រកឃើញបំណែកក្បឿងនៅរាយប៉ាយ ដែលស្លាកស្នាមនេះគឺជាភស្តុតាងនៃការរុះរើសំណង់ស្រាលនៅក្នុងមន្ទីរពេទ្យក្រោយពេលគេឈប់ប្រើប្រាស់វា។ ក្រៅពីនោះ ក៏បានប្រទះឃើញបំណែកកុលាលភាជន៍តិចតួច រួមជាមួយបំណែកថ្មភក់ តែមិនបានប្រទះឃើញមានសំណល់សំបកថ្នាំទំនើបដូចសព្វថ្ងៃឡើយ ដោយសារតែវិជ្ជាពេទ្យសម័យបុរាណប្រើប្រាស់ថ្នាំជារុក្ខជាតិ វល្លិ៍ ឫស សំបក ស្លឹកឈើ ក្នុងការព្យាបាលរោគ៕























អត្ថបទ៖ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ
រូបភាព៖ លោក ហាប់ គឺមអាន
នៅរសៀលថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្ត សៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម រួមនឹងសមាជិក បាននិមន្ដចុះទៅដល់វត្តទេពប្រណម ដែលមានទីតាំងនៅក្នុង បរិវេណ ក្រុងអង្គធំ ដេីម្បី ពិនិត្យ នូវការរៀបចំសាងសង់ ខឿនជុំវិញព្រះវិហារ និងសំណង់ មួយចំនួនទៀត ដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាត។
នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុកក្នុងតំបន់អង្គរ តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា ក្នុងការអនុញ្ញាតជាគោលការណ៍សាងសង់លំនៅដ្ឋានរបស់ខ្លួនក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀត។
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍នៅលើកំណាត់ទ្រូងផ្លូវប្រវែង២១៨១ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...317318បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
3879
ម្សិលមិញ
:
18654
សប្តាហ៍នេះ
:
76425
ខែនេះ
:
0224533
សរុប
:
010905186