ព័ត៌មានថ្មីៗ

ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍

បានផ្សាយនៅ ថ្ងៃទី 29 ខែ មករា ឆ្នាំ2020 10:17 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នេះជាម្ចាស់ភោជនីយដ្ឋានទី២ហើយដែលបានបានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយ ខ្នង គឺអតីតភោជនីយដ្ឋាន «ភ្នំស្រី» បច្ចុប្បន្នឈ្មោះថា «ផ្ទះបាយតានីខ្មែរអង្គរ» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខ ប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។

លោកស្រី មុត រតនា ម្ចាស់ទីតាំងភោជនីយដ្ឋាន «ភ្នំស្រី» ដែលសព្វថ្ងៃបានជួលឱ្យលោក ជ្រុន គឹមសេង ធ្វេីអាជីវកម្មបន្តបានឱ្យដឹងថា លោកស្រីបានបើកភោជនីយដ្ឋាននេះជាង២០ឆ្នាំមកហើយ អនុស្សាវរីយ៍ក៏ច្រើន ហើយទីនេះ ក៏ជាប្រភពចំណូលនិងភាពមានបានរបស់អ្នកស្រីមកដល់សព្វថ្ងៃឱ្យរស់នៅបានសុខសាន្តជាមួយកូនចៅ។

អ្នកស្រីរីករាយនឹងប្រគល់ដីនេះជូនអាជ្ញាធរជាតិអប្សរាតាមសំណូមពរដើម្បីអភិវឌ្ឍន៍ទីនេះឱ្យកាន់តែល្អប្រសើរ ព្រោះនេះជាកម្មសិទ្ធិរបស់រដ្ឋ និងបានតាំងចិត្តតាំងពីដើមមកថា នឹងប្រគល់ជូនរដ្ឋ ពេលរដ្ឋត្រូវការ។

លោក ជ្រុន គឹមសេង អាជីករភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ដែលបានជួលទីតាំងនេះប្រកបរបរលក់ អាហារជិត៣ឆ្នាំមកហើយ បានលើកឡើងថា ការប៉ះពាល់ដល់អង្គរ គឺមិនមែនជាផលប៉ះពាល់តែឆ្នាំងបាយរបស់ខ្ញុំទេ តែជាឆ្នាំងបាយជាតិទាំងមូល និងពិភពលោកដែរ ដូច្នេះការចូលរួមរបស់ខ្ញុំនេះជាចំណែកតូចណាស់ក្នុងការថែរក្សាអង្គរ ក្នុងនាមជាអ្នកទទួលបានផលពីអង្គរ។

លោក គឹមសេង បន្តថា ខ្ញុំស្ម័គ្រចិត្ត សហការជាមួយអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលក្នុងការរុះរើសំណង់ ភោជនីយដ្ឋាននេះតាមសំណូមពរ ដោយមិនមានការបង្ខិតបង្ខំទេ ព្រោះកើតចេញពីការជជែករកដំណោះស្រាយមួយដ៏ល្អបំផុតសម្រាប់ជាតិយើង ទាំងអស់គ្នា ដើម្បីរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យមានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត តាមតម្រូវការ វិស័យទេសចរណ៍ទាំងនៅទីនេះ ទូទាំងប្រទេស និងពិភពលោក។

លោកក៏បានអរគុណអាជ្ញាធរជាតិអប្សរាដែលរកដំណោះស្រាយល្អៗដល់អាជីវករ ហើយក៏សំណូមពរដល់បងប្អូននៅទីនេះ សូមយល់ថាដំណើរការនៃការរៀបចំឧទ្យានអង្គរនេះ គឺឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចជាតិនិងពិភពលោកជាមួយគ្នា ព្រោះនេះជាមរតកពិភពលោក មិនមែនជាកម្មសិទ្ធិឯកជនណាមួយឡើយ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរុះរើសំណង់ភោជនីយដ្ឋាននេះ គឺស្ថិតនៅចំទីតាំងគម្រោងដ៏ធំរបស់អាជ្ញាធរជាតិអប្សរា ដែលនឹងប្រែក្លាយទីនេះឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត មានគម្រោងរៀបចំទីលានបដិសណ្ឋារកិច្ច គម្រោងជួសជុលផ្លូវមុខអង្គរវត្ត គម្រោងដាំឈើ និងវាលស្មៅឱ្យមានភាពបៃតង។ ដូច្នេះ ដើម្បីសម្រេចគម្រោង អាជ្ញាធរជាតិអប្សរាចាំបាច់មានការសម្របសម្រួលជាមួយអាជីវករ សុំឱ្យមានការយោគយល់ និងចូលរួមទាំងអស់គ្នា ដើម្បីឱ្យអាជ្ញាធរជាតិអប្សរាសាងសង់និងរៀបចំហេដ្ឋារចនាសម្ពន្ធនៅទីនេះបានរលូននិងដំណើរការទាន់ពេលវេលាដែលគ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២០ នេះ ដេីម្បីផលប្រយោជន៏រួមរបស់ប្រជាជន ខ្មែរ និងប្រទេសជាតិទាំងមូល។

ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់អ្នកស្រី រតនា និងលោក គឹមសេង ដែលបានយល់ពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់អង្គរ និងបានស្ម័គ្រចិត្តចូលរួមដោយឆន្ទៈពិតៗជាមួយអាជ្ញាធរជាតិអប្សរាក្នុងការរុះរើភោជនីយដ្ឋាន ដើម្បីរៀបចំទីលានបដិសណ្ឋារកិច្ចមុខអង្គរវត្តបានល្អប្រសើរ សមជាប្រជាជាតិមួយដែលស្រឡាញ់មរតកដូនតា មានសណ្តាប់ធ្នាប់ និងមានការយល់ដឹងខ្ពស់ចំពោះបរិស្ថាន៕
























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
ទំនៀមហៅព្រលឹងនាគរបស់អ្នកស្រុកសៀមរាប
( ថ្ងៃទី 08 ខែ មិថុនា ឆ្នាំ2016 )
ហៅព្រលឹងនាគ (ព្រលឹងអ្នកបួស) គឺជាកិច្ចសំខាន់មួយនៅក្នុងពិធីបំបួសនាគ ដែលខ្មែរបានយកទំនៀមរបស់ខ្លួនមកផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា។ ពិធីនេះនៅតែបន្តធ្វើនិងស្ថិតក្នុងផ្នត់គំនិតខ្មែររហូតដល់បច្ចុប្បន្ន សម្រាប់វត្តមួយចំនួនក្នុងខេត្តសៀមរាបដែលនៅកាន់ទំនៀមបុរាណ។ ទាក់ទងនឹងពិធីហៅព្រលឹងនាគនេះ ថ្វីត្បិតត្រូវបានវត្តបុរាណជាអ្នកនៅតែប្រកាន់យក តែចំពោះការរៀបចំគ្រឿងរណ្តាប់និងកិច្ចធ្វើពិធី គឺមានលក្ខណៈខុសគ្នាទៅតាមទម្លាប់នៃតំបន់នីមួយៗ។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាជាចំណងដៃត្រូវបានផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ៨គ្រួសារ ដែលស្ថិតនៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៨ខែមិនថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
ទឹកក្រោមដីជាទឹកដែលសល់ពីការប្រើប្រាស់ និងហួតឬជាទឹកដែលស្ថិតនៅក្នុងស្រទាប់ដី ស្រទាប់ថ្មអាចបម្លាស់ទី ធ្វើចលនាបាន។ ទឹកនៅលើដីជាប្រភពនៃទឹកក្រោមដីតាមរយៈការជ្រាបចូលក្នុងដី។ កាលណាទឹកនៅលើដីរីងស្ងួតអស់វាធ្វើឲ្យប៉ះពាល់ដល់ទឹកក្រោមដី ដូចគ្នាដែរ បើគេប្រើប្រាស់ទឹកក្រោមដីច្រើន ក៏នឹងធ្វើឲ្យទឹកលើដីឆាប់រីងស្ងួតដែរ។ ដូច្នេះ ក្រៅពីគ្រប់គ្រងទឹកលើដី ទឹកក្រោមដីក៏គេត្រូវគិតគូរឲ្យបានហ្មត់ចត់ផងដែរ ជាពិសេសក្នុងតំបន់អង្គរ ដែលគ្រឹះប្រាសាទទាំងអស់សុទ្ធតែត្រូវការសំណើមជាប្រចាំ ធ្វើឲ្យកំហាប់ខ្សាច់រឹងមាំអាចទ្រទម្ងន់រាប់លានតោននៃថ្មប្រាសាទបាន។
បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំជាច្រើនមេ គ្របដណ្តប់ស្ទើរពេញផ្ទៃប្រទេសមក ការខ្វះខាតទឹកប្រើប្រាស់ជាប្រចាំថ្ងៃលែងជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទៀតហើយ។
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើតពិសាខ អ្នកភូមិកក្រាញ់និងអ្នកភូមិចំណុះជើងវត្តអាធ្វា ស្រុកសៀមរាប តែងតែនាំគ្នាធ្វើពិធីឡើងអ្នកតា ដើម្បីឱ្យអ្នកតាបានរាំរែកសប្បាយ ហើយគេតែងមកធ្វើពិធីនេះជុំគ្នានៅនឹងប្រាសាទវត្តអាធ្វា ទួលយាយ ប៉ុក និងទួលតា មឿង មិនដែលខានឆ្នាំណាឡើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
7918
ម្សិលមិញ
:
19861
សប្តាហ៍នេះ
:
45765
ខែនេះ
:
0045765
សរុប
:
010982749