NEWS

កំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុករកឃើញគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទីរបស់មនុស្សជាង១០០០ឆ្នាំ

Published on 20 January 2020 03:54 PM Post By ៖ Apsara National Authority

អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិកធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់/ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

លោក ទិន ទីណា អនុប្រធានមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការស្រាវជ្រាវធ្វើឡើងដើម្បីស្វែងរកភូមិបុរាណ ទីសក្ការបូជា និងសម្ភារប្រើប្រាស់នានា ដែលស្ថិតនៅក្រៅរាជធានីអង្គរ ពិសេសនៅជុំវិញខេត្តសៀមរាប។ គំហើញថ្មីៗនេះជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រខ្មែរពីអតីតកាលដល់បច្ចុប្បន្ន ព្រមទាំងរួមចំណែកការពារបុរាណដ្ឋានលើតំបន់ដែលកំពុងអភិវឌ្ឍន៍។

លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃនិងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន៥រណ្តៅ ទំហំ១គុណ២ម៉ែត្រ នៅលើទួលដូនប៉ុកផងនិងនៅលើគោកមនុស្សរស់នៅក្បែរទួលនេះផង។ ជាលទ្ធផល រណ្តៅកំណាយនៅទួលដូនប៉ុកបានរកឃើញគ្រឹះប្រាសាទធ្វើពីថ្មបាយក្រៀមពីខាងក្រោមនិងឥដ្ឋនៅពីខាងលើដែលកប់ក្នុងដីជម្រៅជាង១ម៉ែត្រ ដែលមានសសរពេជ្រពណ៌ផ្កាឈូក២កំណាត់និងគំនរថ្មភក់នៅក្នុងខ្ទមអ្នកតា។ តាមការសន្និដ្ឋាន ប្រាសាទគោកដូនប៉ុកបានកសាងឡើងក្នុងស.វ.ទី១០ មានអាយុប្រហាក់ប្រហែលទៅនឹងប្រាសាទបន្ទាយស្រីនិងប្រាសាទព្រះឥន្ទ្រកោសីយ៍ ដែលជាទីសក្ការៈរបស់មនុស្សនាសម័យនោះ។

លោកបណ្ឌិតបុរាណវិទ្យារូបនេះបន្តថា តាមរយៈលទ្ធផលកំណាយ ប្រាសាទឥដ្ឋនេះដួលរលំនៅរវាងស.វ.ទី១២ឬ១៣ និងលែងជាកន្លែងប្រារព្ធពិធីសាសនាធំដុំទៀតហើយ ពោលគឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះ ប្រហែលជួនគ្នានឹងការកសាងវត្តអធ្វានាស.វ.ទី១២ឬទី១៣ដែរ ដោយមនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ ក្រៅពីនោះ ទាំងក្នុងរណ្តៅនៅទួលដូនប៉ុកនិងគោកភូមិ ក៏ឃើញមានបំណែកកុលាលភាជន៍ចិនពីស.វ.ទី១២ដល់ទី១៧ និងភាជន៍ខ្មែរផលិតនៅតំបន់នគររាជ ភ្នំគូលែន និងជើងឯកនៅស.វ.ទី១០និង១៣ មានភាជន៍ផុយ ភាជន៍រឹងមានស្រទាប់រលោង និងគ្មានស្រទាប់រលោង រួមទាំងរបស់ប្រើប្រាស់ផ្សេងៗ។

ទាំងនេះបញ្ជាក់ថា ទីតាំងដែលពួកគាត់រស់នៅសព្វថ្ងៃ (ទួលដូនប៉ុក) ជាភូមិចាស់តពីដូនតានិងមានមនុស្សរស់នៅតគ្នាជាង១០០០ឆ្នាំមកហើយ ពោលគឺតាំងពីស.វ.ទី១០ដែលមានសំណង់ប្រាសាទឥដ្ឋចំនួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ ចំណែកបំណែកកុលាលភាជន៍បង្ហាញឱ្យដឹងថា វត្តមានមនុស្សរស់នៅទួលដូនប៉ុកមានយ៉ាងតិចដល់ស.វ.ទី១៨។

លោក វិទូ ភិរម្យ បុរាណវិទូនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្តល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈលទ្ធផលកំណាយនៅទួលដូនប៉ុក គឺបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការរៀបចំភូមិកររបស់មនុស្សសម័យបុរាណនៅភាគខាងត្បូងអង្គរ ដែលប្រាសាទគឺជាមជ្ឈមណ្ឌលសំខាន់នៃសហគមន៍មួយ។ ប្រាសាទមានមនុស្សថែរក្សានិងរស់នៅជុំវិញ មានការប្រើប្រាស់សម្ភារផ្សេងៗដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃនិងកិច្ចបូជា។ រីឯបំណែកកុលាលភាជន៍អាចឱ្យយើងស្វែងយល់ពីសេដ្ឋកិច្ចនិងការរស់នៅរបស់មនុស្សពីសម័យបុរាណ។ លើសពីនេះ យើងបានដឹងពីចលនាពាណិជ្ជកម្មនិងការប្រើប្រាស់ភាជន៍នាំចូលមកពីស្រុកចិន ដូចជាក្នុងរាជវង្សម៉េងនិងឆេង (តិចតួច) ភាជន៍បៃតងក្នុងរាជវង្សយួននិងសុង រួមទាំងប្រភេទភាជន៍រឹងផលិតក្នុងស្រុកផង។ល។

លោក ភិរម្យ បន្តថា លទ្ធផលទាំងអស់នេះនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ត្បិតនៅជាលទ្ធផលបឋម ហើយយើងក៏មានគម្រោងស្រាវជ្រាវនាពេលអនាគតដើម្បីស្វែងយល់អំពីទំហំនៃខឿនប្រាសាទដែលយើងឃើញតើវាមានទំហំប៉ុណ្ណា បើប្រៀបធៀបនឹងប្រាសាទផ្សេងៗក្នុងសម័យដំណាលគ្នានោះ? តើនេះជាប្រព័ន្ធនៃការរៀបចំភូមិករនិងប្រាសាទនាស.វ.ទី១០ឬយ៉ាងណា?

បុរាណវិទូខាងលើក៏បានឱ្យដឹងដែរ តាមរយៈកិច្ចសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ គឺជាឱកាសដ៏ល្អមួយសម្រាប់ផ្សព្វផ្សាយនិងការពារបុរាណដ្ឋានដែលស្ថិតនៅភាគខាងត្បូងអង្គរ ត្បិតតំបន់នេះសព្វថ្ងៃកំពុងអភិវឌ្ឍន៍ខ្លាំង ហើយតម្រូវការប្រើប្រាស់ដីធ្លីក៏ខ្ពស់ដែលអាចបង្កហានិភ័យខ្ពស់ដល់បុរាណដ្ឋាននៅក្នុងតំបន់នេះដែរ។ ដូច្នេះ តាមរយៈសកម្មភាពនៃការស្រាវជ្រាវតាមបែបបុរាណវិទ្យាមួយនេះ យើងអាចបង្ហាញពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃនិងឱ្យចេះស្រឡាញ់ ការពារសម្បត្តិដូនតា កុំឱ្យមានការបំផ្លិចបំផ្លាញ។ លើសពីនេះទៀតអាចផ្សព្វផ្សាយឱ្យពួកគាត់ដឹងថា ទីតាំងបុរាណដ្ឋាននេះត្រូវការពារដោយអាជ្ញាធរជាតិអប្សរានិងយល់ដឹងពីសារៈសំខាន់របស់ទីទួលបុរាណដែលផ្សារភ្ជាប់ទៅនឹងតំបន់អង្គរ ព្រោះអង្គរមិនសំដៅតែលើរាជធានីដែលមានក្រុមប្រាសាទធំៗទាំងនោះតែមួយមុខទេ គឺជាការរួមផ្សំគ្នានៃប្រាសាទ និងភូមិករតូចៗទាំងអស់នេះឯង៕






















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់គឹមអាន
ប្រាសាទលលៃបច្ចុប្បន្នមានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាសម័យបុរាណ។ ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមរយៈសម័យកាលជាបន្តបន្ទាប់មក។
អាជ្ញាធរជាតិអប្សរាមានកត្តិយសសូមជូនដំណឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក ភ្នាក់ងារ ឆ្មាំ និងពលករ នៃអាជ្ញាធរជាតិអប្សរាទាំងអស់សូមជ្រាបថាដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកពេលឈប់សម្រាក់ចំនួន ០៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការជូនដំណឹងជាថ្មីស្ដីពីការឈប់សម្រាកជំនួសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បន្ទាប់ពីទទួលបានការកំណត់កាលបរិច្ឆេទច្បាស់លាស់ពីរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។ ព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលអំណោយពីលោក ហែម ហេម៉ា ប្រធានក្រុមហ៊ុនយក្សាបោកអ៊ុត
កម្រាលឈើថ្មើជើងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ កំពុងរៀបចំជួសជុលផ្លាស់ប្តូរកម្រាលឈើថ្មី។
ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំង បាននិងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់។
FirstPrev12345...304305NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
1192
Yesterday
:
3376
This Week
:
14842
This Month
:
0024822
Total
:
010612920