ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រគន្លឹះសំខាន់ៗដែលនាំឲ្យការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរទទួលបានការជោគជ័យ

បានផ្សាយនៅ ថ្ងៃទី 16 ខែ មករា ឆ្នាំ2020 01:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅឆ្នាំ២០២០នេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង។ សមិទ្ធផលជាច្រើនកើតចេញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរទទួលបានការកោតសរសើរពីសំណាក់បណ្ដាប្រទេសជាមិត្ត និងស្ថាប័នអន្ដរជាតិជាច្រើនមានដូចជាអង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល លើកឡើងថា រហូតមកដល់បច្ចុប្បន្នដោយអ្នកជំនាញជាតិកាន់តែមានសមត្ថភាពខ្ពស់ដូច្នេះអាជ្ញាធរជាតិអប្សរាមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីទ្រទ្រង់កិច្ចការអភិរក្ស និងជួសជុលប្រាសាទ។ បន្ថែមលើនេះ កិច្ចការគ្រប់គ្រងទឹក ដែលជាភារកិច្ចសំខាន់ដែរនោះក៏ទទួលបានភាពជោគជ័យជាច្រើនផងដែរ។ ចាប់ពីឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសិក្សាពីរចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ដសម័យបុរាណ និងឈានដល់ការស្ដារឡើងវិញ។ ជាក់ស្ដែងក្នុងឆ្នាំ២០០៨អាជ្ញាធរជាតិអប្សរា បានស្ដារប្រព័ន្ធបង្ហូរទឹកដែលមានប្រភពពីភ្នំគូលែនចូលទៅក្នុងបារាយណ៍ជ័យតដាក ឬបារាណយ៍ខាងជើង ដែលបារាយណ៍នេះបានគោកគ្មានទឹកអស់រយៈកាលជាង៥០០ឆ្នាំមកហើយ។

លោក ឡុង កុសល បានបន្ថែមថា ចំណុចនេះគឺមានសារសំខាន់ណាស់ដែលអាជ្ញាធរជាតិអប្សរាប្រឹងប្រែងធ្វើឱ្យប្រព័ន្ធធារាសាស្រ្ដសម័យបុរាណមានជីវិតឡើងវិញ ដើម្បីកិច្ចអភិរក្សប្រាសាទ ក៏ដូចជាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពផលកសិកម្មរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានស្ដារកសិន្ធុសំខាន់ៗក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមានកសិន្ធុប្រាសាទព្រះខ័ន កសិន្ធុប្រាសាទអង្គរវត្ត និងកសិន្ធុក្រុងអង្គរធំ ដែលពីមុនទីតាំងទាំងនោះមានទឹកតែក្នុងរដូវវស្សាតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធធារាសាស្រ្ដបុរាណសរុបប្រមាណ៥២គីឡូម៉ែត្រ។ តាមរយៈការដំណើរការឡើងវិញនូវប្រព័ន្ធធារាសាស្រ្ដបុរាណនេះ ទោះបីជាក្នុងរដូវប្រាំងយ៉ាងណាក្ដីរមណីយដ្ឋានអង្គរនៅតែមានទឹកបរិបូរណ៍។ បច្ចុប្បន្ន ទាំងបារាយណ៍និងកសិន្ធុប្រាសាទទាំងអស់អាចផ្ទុកទឹកក្នុងកម្រឹតអតិបរិមាជាង១០០លានម៉ែត្រគូប។ ក្រៅពីប្រើប្រាស់លើការអភិរក្សប្រាសាទហើយនោះ អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនចែកចាយទឹកពីបារាយណ៍ទឹកថ្លា ដល់ស្រែប្រជាពលរដ្ឋលើផ្ទៃដី ៧,៥០០ហិកតា ការបង្កបង្កើនផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ក៏ដូចជាចែកចាយដល់រដ្ឋាករទឹកស្អាតដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃដល់ពលរដ្ឋក្នុងក្រុងសៀមរាបមួយកម្រិតទៀត។

បន្ទាប់ពីជោគជ័យលើការគ្រប់គ្រងទឹកទាំងនេះ តាមការបញ្ជាក់ពីលោក ឡុង កុសល ក្នុងនោះអាជ្ញាធរជាតិក៏មានគោលការណ៍ស្ដាររចនាសម្ព័ន្ធធារាសាស្ត្របុរាណផ្សេងទៀតដែលបច្ចុប្បន្នគោករីងទឹកអស់ឲ្យដំណើរការឡើងវិញ ដើម្បីជាប្រយោជន៍អភិរក្សប្រព័ន្ធធារាសាស្រ្ដបុរាណផង និងជាប្រភពទឹកប្រើប្រាស់សម្រាប់មនុស្សបច្ចុប្បន្នផង៕


















អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បាននិងកំពុងចាប់ផ្តើមគម្រោងជួសជុលហើយ។ ដោយគោរពតាមអនុសាសន៍ពីគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC-Angkor មុនដំណើរការជួសជុល គឺត្រូវធ្វើកំណាយស្រាវជ្រាវជាមុន ដើម្បីស្វែងយល់ពីទិន្នន័យបុរាណវិទ្យា ក៏ដូចជារចនាសម្ព័ន្ធរបស់ស្ពានហាលទាំងមូល។
ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា តែងតែចុះទៅតាមស្រុកគោលដៅរបស់ខ្លួនជារៀងរាល់សប្តាហ៍ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីបេតិកភណ្ឌ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ចុះផ្តល់សេវាកម្មនានាពាក់ព័ន្ធការសាងសង់ និងជួសជុលសំណង់ផ្សេងៗ ផ្តល់បច្ចេកទេសកសិកម្ម និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរព្រមទាំងលើកកម្ពស់សុខុមាលភាពស្រ្តីទើបឆ្លងទន្លេរួច។
ពូជបន្លែដែលនាំចូលពីប្រទេសបារាំងរួមមាន សាឡាដ ប៉េងប៉ោះ និងបន្លែផ្សេងៗទៀត ត្រូវបានក្រុមហ៊ុនសូម៉ាពាណិជ្ជយកមកប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ដើម្បីដាំដុះបង្កបង្កើនផលសម្រាប់បរិភោគនិងលក់ដូរពង្រឹងជីវភាពគ្រួសារ។
កូនឈើចម្រុះគ្រប់ប្រភេទ ជាពិសេសប្រភេទឈើដែលមានពូជនៅតំបន់អង្គរស្រាប់ ត្រូវបានអាជ្ញាធរជាតិអប្សរាបណ្តុះ និងដាំបានចំនួន៦០៤៤៤ដើម លើផ្ទៃដីទំនេរក្នុងរមណីយដ្ឋានអង្គរទាំងមូល។ ចំនួននេះគឺបានឆ្លើយតបទៅនឹងផែនការប្រចាំឆ្នាំ ដែលអាជ្ញាធរជាតិអប្សរាបានកំណត់ដាំកូនឈើយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
2397
ម្សិលមិញ
:
55244
សប្តាហ៍នេះ
:
57641
ខែនេះ
:
0002397
សរុប
:
013693851