ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រគន្លឹះសំខាន់ៗដែលនាំឲ្យការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរទទួលបានការជោគជ័យ

បានផ្សាយនៅ ថ្ងៃទី 16 ខែ មករា ឆ្នាំ2020 01:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅឆ្នាំ២០២០នេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង។ សមិទ្ធផលជាច្រើនកើតចេញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឱ្យរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរទទួលបានការកោតសរសើរពីសំណាក់បណ្ដាប្រទេសជាមិត្ត និងស្ថាប័នអន្ដរជាតិជាច្រើនមានដូចជាអង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល លើកឡើងថា រហូតមកដល់បច្ចុប្បន្នដោយអ្នកជំនាញជាតិកាន់តែមានសមត្ថភាពខ្ពស់ដូច្នេះអាជ្ញាធរជាតិអប្សរាមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីទ្រទ្រង់កិច្ចការអភិរក្ស និងជួសជុលប្រាសាទ។ បន្ថែមលើនេះ កិច្ចការគ្រប់គ្រងទឹក ដែលជាភារកិច្ចសំខាន់ដែរនោះក៏ទទួលបានភាពជោគជ័យជាច្រើនផងដែរ។ ចាប់ពីឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសិក្សាពីរចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ដសម័យបុរាណ និងឈានដល់ការស្ដារឡើងវិញ។ ជាក់ស្ដែងក្នុងឆ្នាំ២០០៨អាជ្ញាធរជាតិអប្សរា បានស្ដារប្រព័ន្ធបង្ហូរទឹកដែលមានប្រភពពីភ្នំគូលែនចូលទៅក្នុងបារាយណ៍ជ័យតដាក ឬបារាណយ៍ខាងជើង ដែលបារាយណ៍នេះបានគោកគ្មានទឹកអស់រយៈកាលជាង៥០០ឆ្នាំមកហើយ។

លោក ឡុង កុសល បានបន្ថែមថា ចំណុចនេះគឺមានសារសំខាន់ណាស់ដែលអាជ្ញាធរជាតិអប្សរាប្រឹងប្រែងធ្វើឱ្យប្រព័ន្ធធារាសាស្រ្ដសម័យបុរាណមានជីវិតឡើងវិញ ដើម្បីកិច្ចអភិរក្សប្រាសាទ ក៏ដូចជាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងស្រោចស្រពផលកសិកម្មរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានស្ដារកសិន្ធុសំខាន់ៗក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមានកសិន្ធុប្រាសាទព្រះខ័ន កសិន្ធុប្រាសាទអង្គរវត្ត និងកសិន្ធុក្រុងអង្គរធំ ដែលពីមុនទីតាំងទាំងនោះមានទឹកតែក្នុងរដូវវស្សាតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធធារាសាស្រ្ដបុរាណសរុបប្រមាណ៥២គីឡូម៉ែត្រ។ តាមរយៈការដំណើរការឡើងវិញនូវប្រព័ន្ធធារាសាស្រ្ដបុរាណនេះ ទោះបីជាក្នុងរដូវប្រាំងយ៉ាងណាក្ដីរមណីយដ្ឋានអង្គរនៅតែមានទឹកបរិបូរណ៍។ បច្ចុប្បន្ន ទាំងបារាយណ៍និងកសិន្ធុប្រាសាទទាំងអស់អាចផ្ទុកទឹកក្នុងកម្រឹតអតិបរិមាជាង១០០លានម៉ែត្រគូប។ ក្រៅពីប្រើប្រាស់លើការអភិរក្សប្រាសាទហើយនោះ អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនចែកចាយទឹកពីបារាយណ៍ទឹកថ្លា ដល់ស្រែប្រជាពលរដ្ឋលើផ្ទៃដី ៧,៥០០ហិកតា ការបង្កបង្កើនផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ក៏ដូចជាចែកចាយដល់រដ្ឋាករទឹកស្អាតដើម្បីផលិតទឹកស្អាតផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃដល់ពលរដ្ឋក្នុងក្រុងសៀមរាបមួយកម្រិតទៀត។

បន្ទាប់ពីជោគជ័យលើការគ្រប់គ្រងទឹកទាំងនេះ តាមការបញ្ជាក់ពីលោក ឡុង កុសល ក្នុងនោះអាជ្ញាធរជាតិក៏មានគោលការណ៍ស្ដាររចនាសម្ព័ន្ធធារាសាស្ត្របុរាណផ្សេងទៀតដែលបច្ចុប្បន្នគោករីងទឹកអស់ឲ្យដំណើរការឡើងវិញ ដើម្បីជាប្រយោជន៍អភិរក្សប្រព័ន្ធធារាសាស្រ្ដបុរាណផង និងជាប្រភពទឹកប្រើប្រាស់សម្រាប់មនុស្សបច្ចុប្បន្នផង៕


















អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
ចាប់ពីពេលនេះតទៅ ភ្នាក់ងារទេសចរណ៍ដែលឈរជើងតាមទីតាំងប្រាសាទផ្សេងៗ មានកញ្ចប់សង្គ្រោះបឋមជាប់តាមខ្លួនជាប្រចាំហើយ។ កញ្ចប់សង្គ្រោះបឋមនេះនឹងប្រើប្រាស់សម្រាប់ជួយដល់ភ្ញៀវទេសចរដែលមានជំងឺដង្កាត់តិចតួច ឬប៉ះទង្គិចផ្សេងៗក្នុងដំណើរទស្សនារបស់ខ្លួន។ កញ្ចប់នេះមានសម្ភារៈសំខាន់ៗមួយចំនួនដូចជា ប្រេងខ្យល់ ប្រេងកូឡា ថ្នាំបេតាឌីន កុំប្រេស បង់បិទដំបៅ បង់រុំរបួស ស្រោមដៃ និងកន្ត្រៃជាដើម។
ក្រុមការងារសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានចុះទៅតាមគោលដៅដែលបានកំណត់រៀងៗខ្លួន ដើម្បីនាំយកនូវកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកជូនដល់ស្ត្រីដែល ទើបតែឆ្លង ទន្លេហើយថ្មីៗ នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦ នេះ។
ប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាប័ទ្មអង្គរវត្ត សង់លើផៃ្ទដីរាបស្មើទំហំ១៤ហិកតា (១៨១ម៉ែត្រx១៥២ម៉ែត្រ) មានកំពែង៣ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន មានចម្ងាយ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។
កម្មវិធីអប់រំយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកឆ្នាំ២០១៦ ដែលមានរយៈពេល១២ថ្ងៃនៅតំបន់អង្គរ ចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ បានបិទបញ្ចប់ជាស្ថាពរហើយនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពឯកឧត្តម ហុក ប៉េងសែ និងឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាបានប្រគល់ទីតាំងពិសោធន៍ស្រាវជ្រាវកសិកម្មធម្មជាតិ នៅស្ថានីយពិសោធន៍កសិកម្មធម្មជាតិទឹកវិលជូនមន្ទីរកសិកម្មខេត្តសៀមរាបវិញហើយកាលពី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីខ្ចីពីមន្ទីរកសិកម្មខេត្តសៀមរាប អស់រយៈពេល១២ឆ្នាំមកហើយ(២០០៤-២០១៦)។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0517
ម្សិលមិញ
:
14627
សប្តាហ៍នេះ
:
117984
ខែនេះ
:
0235283
សរុប
:
011697879