NEWS

វាលស្មៅប្រាសាទអង្គរនឹងមានភាពបៃតងទាំងខួបប្រាំងខួបវស្សាក្នុងឆ្នាំ២០២០

Published on 14 January 2020 01:12 PM Post By ៖ Apsara National Authority

ដើម្បីលើកកម្ពស់សោភ័ណភាព ភាពស្រស់ស្រាយ ទេសភាពបៃតង និងបរិស្ថានល្អក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ កែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្តដោយចាប់ផ្តើមពីការដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវនិងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិវាលស្មៅទាំងខួបប្រាំងខួបវស្សា។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបង្ហាញពីមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរានាពេលកន្លងមកក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់សោភ័ណភាពនិងទេសភាពបៃតង និងផែនការអនាគតរបស់អាជ្ញាធរជាតិអប្សរាដើម្បីបន្តរៀបចំសោភ័ណភាពបរិស្ថាន ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។ ជាក់ស្ដែង ក្រុមការងារកំពុងតែបានធ្វើការដកហូតដើមឈើនិងកាត់ក្រីមែកឈើដែលប៉ះពាល់ដល់ទេសភាពប្រាសាទជាទីគយគន់របស់ភ្ញៀវទេសចរ រៀបចំបង្កើនទេសភាពបៃតងនៅខាងត្បូងប្រាសាទអង្គរវត្ត ការបញ្ចូលទឹកក្នុងស្រះខាងត្បូង។ ល។ ដូច្នេះអ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងតែអនុវត្តន៍ និងផែនការអនាគតគឺសំដៅលើកកម្ពស់សោភ័ណភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមិនត្រឹមតែប្រាសាទអង្គរវត្តនោះទេ តែរមណីយដ្ឋានអង្គរទាំងមូល។

ដោយឡែក អំពីការរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅក្នុងបរិវេណប្រាសាទអង្គរវត្តវិញ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដែលនឹងធ្វើការស្រោចស្មៅឲ្យមានភាពបៃតងទាំងខួបប្រាំងខួបវស្សា ហើយកិច្ចការនេះនឹងត្រូវអនុវត្តន៍ឱ្យរួចរាល់នៅក្នុងឆ្នាំ២០២០។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរារៀបចំឲ្យមានមណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរ ការរៀបចំចំណតត្រឹមត្រូវ ពិសេសរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ និងការដាំកូនឈើឡើងវិញ កែលម្អបរិស្ថាននៅទីនោះឱ្យស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕






















អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
មកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានរយៈពេលជាងមួយសប្តាហ៍ហើយដែលក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាមមាញឹកក្នុងការជីកដីបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានកំពុងតែជួសជុលជណ្តើរឈើឡើងប្រាសាទអង្គរវត្តចំនួន៤កន្លែង។
ក្រុមការងារកាត់ក្រីមែកឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ដកហូតនិងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ចំនួន១២ដើម នៅក្នុងបរិវេណប្រាសាទព្រះគោ។
ការសម្អាតប្រាង្គប្រាសាទតែងតែធ្វើឡើងជាប្រចាំ រៀងរាល់១ខែម្តងឬតិចជាងនេះនៅរដូវវស្សានិង១ខែកន្លះម្តងឬច្រើនជាងនេះ នៅរដូវប្រាំង។ ការសម្អាត គឺដើម្បីដកស្មៅ កូនឈើ និងរុក្ខជាតិផ្សេងៗនៅលើប្រាសាទ បង្ការកុំឱ្យវាលូតលាស់ធំមានឫសចាក់ជ្រែកចូលក្នុងរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យមានហានីភ័យដល់ប្រាសាទ និងបាត់បង់សោភ័ណភាពប្រាសាទ។
FirstPrev12345...302303NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
1801
Yesterday
:
1920
This Week
:
01801
This Month
:
0273887
Total
:
010585103