ដើម្បីរក្សាសោភណភាពប្រាសាទ និងឆ្លើយតបនឹងអនុសាសន៍របស់គណៈកម្មាធិការICC-Angkor អាជ្ញាធរជាតិអប្សរាកំពុងរៀបចំសោភណភាពចំណត និងតូបលក់ដូរឡើងវិញនៅមុខប្រាសាទព្រះពិធូរ ក្នុងបរិវេណប្រាសាទអង្គរធំ។ ការងារនេះរៀបចំឡើងដោយគិតគូរទៅលើការលើកកម្ពស់បរិស្ថាន និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនក្នុងតំបន់អង្គរ។
នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារអនុវត្តគម្រោងនេះ បានដឹកនាំក្រុមការងារដើម្បីចុះពិនិត្យទីតាំងជាក់ស្តែងនៅបរិវេណក្រុមប្រាសាទព្រះពិធូរ បន្ទាប់ពីក្រុមការងាបានរៀបចំប្លង់រួចរាល់។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម បញ្ជាក់ថា ការរៀបចំសោភណភាពចំណត និងតូបលក់ដូរនេះក្រុមការងារបានគិតគូរលើបរិស្ថាន និងបុរាណវិទ្យាជាសំខាន់។ ជាក់ស្តែង ការរៀបចំប្លង់នេះត្រូវធ្វើឡើងដោយផ្អែកលើការចុះអង្កេតជាក់ស្តែងរបស់ក្រុមការងារគ្រប់គ្រងព្រៃឈើ និងបរិស្ថាន និងការធ្វើកំណាយបុរាណវិទ្យា។
ឯកឧត្តមបន្ថែមថា ការចុះពិនិត្យលើកនេះ គឺដើម្បីកែសម្រួលនូវគំរូបប្លង់មួយចំនួន តាមការណែនាំរបស់លោកជំទាវរដ្ឋមន្ត្រី នាជំនួបពិភាក្សាកន្លងទៅថ្មីៗនេះ។ ឯកឧត្តមសង្ឃឹមថា មិនយូរទេ ក្រោយគម្រោងនេះត្រូវបានអនុវត្តហើយ ភ្ញៀវទេសចរនឹងបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រាសាទព្រះពិធូរ ដែលកន្លងមកភ្ញៀវទេសចរជាច្រើនបានដើររំលង៕
អត្ថបទនិងរូបភាព៖នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ