NEWS

តំណាងអង្គការ JICA ស្វែងរកការគាំទ្រពីអាជ្ញាធរជាតិអប្សរាក្នុងគម្រោង Smart Cities

Published on 09 January 2020 01:02 PM Post By ៖ Apsara National Authority

នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ តំណាងអង្គការ JICA ប្រចាំកម្ពុជា បានជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបដ៏មានសារសំខាន់នោះ លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដែលរាជរដ្ឋាភិបាលជប៉ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១៩ ដោយគម្រោងនេះត្រូវអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាពប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថាន។ គម្រោងទីក្រុងឆ្លាតវៃដែលអាស៊ានបានជ្រើសរើសនេះរួមមាន ភ្នំពេញ សៀមរាប និងបាត់ដំបង។

បន្ថែមពីនេះ លោក តាណាកា កូតារ៉ុ ក៏បានសុំយោបល់ពីអាជ្ញាធរជាតិអប្សរាលើគោលការណ៍រៀបចំឯកសារផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជប៉ុនដែលកំពុងចូលរួមកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ជប៉ុនចង់បង្កើតកម្មវិធីក្នុងទូរសព្ទដៃ និងដាក់បញ្ចូលព័ត៌មានលើការងារនានា ដើម្បីឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយមួយកម្រិតទៀត។

ឆ្លើយតបចំពោះការលើកឡើងខាងលើនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានស្វាគមន៍ និងកោតសរសើរចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA។ ឯកឧត្តមអគ្គនាយកយល់ថា នេះជាកិច្ចការដែលអាជ្ញាធរជាតិអប្សរាចង់បាននាពេលអនាគតដូចជារៀបចំ Smart Cities រួមនិងការចង់ក្រងឯកសារនានាពីកិច្ចការអភិរក្សជាដើម។ ឯកឧត្តមអគ្គនាយក ជំរុញឱ្យភាគីទាំងពីរធ្វើការជាមួយគ្នា ដើម្បីឱ្យគម្រោងនេះពន្លឿនការអនុវត្តនាពេលឆាប់ខាងមុខ៕










អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុំ រិទ្ធី
ពិព័រណ៍ការងារដើម្បីតម្រង់ទិសក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ត្រូវបានរៀបចំឡើង ដោយអង្គការថែរក្សាដើម្បីកម្ពុជា Caring for Cambodia(CFC) និងវិទ្យាល័យផ្សេងៗ ព្រមទាំងមានការចូលរួមពីបណ្តាស្ថាប័នជាច្រើន។ ពិព័រណ៍បានរៀបចំនៅវិទ្យាល័យបាគង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។ អាជ្ញាធរជាតិអប្សរាក៏បានចូលរួមចំពោះការផ្សព្វផ្សាយនេះ ដោយមានមន្ត្រីជំនាញជាអ្នកពន្យល់ដោយផ្ទាល់ លើការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពចំពោះរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។
ក្រៅពីការយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះក៏បានយកចិត្តទុកដាក់ជាប្រចាំចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាននោះផងដែរ។ ជាក់ស្តែងក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦នេះ បាននាំយកនូវសម្ភារៈ និងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ភ្លើងឆេះផ្ទះស្ថិតនៅក្នុងភូមិតាឯក ឃុំតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបំពេញព្រះរាជបេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដីនៃអតីតរាជធានីនៃអាណាចក្រខ្មែរ។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ នាព្រះលានជល់ដំរីនៃទីក្រុងអង្គរធំដែលជាអតីតរាជធានីដ៏ឧត្តុង្គឧត្តមនាកំឡុងសតវត្សទី៩ដល់ទី១៥ បច្ចុប្បន្នស្ថិតក្នុងរមណីយដ្ឋានអង្គរ ព្រះអង្គបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល។ ព្រះរាជបេសកកម្មបន្ទាប់គឺ ព្រះអង្គទ្រង់យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅតំបន់ប្រាសាទកោះកេរដែលក៏ជាអតីតរាជធានីក្នុងកំឡុងដើមសតវត្សទី១០ បច្ចុប្បន្នស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីបួងសួងដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដើម្បីប្រទានក្តីសុខដល់ប្រជានុរាស្ត្រទូទាំងនគរនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅលើទឹកដីសៀមរាបអង្គរ នៅមុខព្រះលានជល់ដំរី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ៤រោច ខែពិសាខ ពុទ្ធសករាជ ២៥៦០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ដើម្បីអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធឡើងនៅក្នុងបរិវេណមុខព្រះលានជល់ដំរី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានោះ អាជ្ញាធរជាតិអប្សរានឹងចែកទឹកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនាកម្មវិធីរយៈពេល៤ថ្ងៃដោយមិនគិតថ្លៃ គឺចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ ទីតាំងចែកចាយទឹកមានពីរកន្លែងស្ថិតនៅផ្នែកខាងជើង និងខាងត្បូងនៃព្រះលានជល់ដំរី ដែលជាទីតាំងប្រារព្ធពិធី។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
15
Today
:
2831
Yesterday
:
2454
This Week
:
05285
This Month
:
0015265
Total
:
010603363