NEWS

កំណាយស្រាវជ្រាវអំពីរចនាសម្ពន្ធផ្លូវបុរាណពីអង្គរទៅរលួស

Published on 06 January 2020 12:37 PM Post By ៖ Apsara National Authority

ផ្លូវបុរាណមួយខ្សែដែលតភ្ជាប់រាជធានីពីរនៅសម័យអង្គរ គឺរាជធានីយសោធរ (អង្គរ) និងរាជធានីហរិហរាល័យ (រលួស) ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវរចនាសម្ពន្ធផ្លូវបុរាណពីតំបន់អង្គរទៅតំបន់រលួស គឺក្នុងគោលបំណងប្រៀបធៀបទៅនឹងរចនាសម្ពន្ធនៃផ្លូវបុរាណដទៃទៀតដែលស្ថិតនៅទីតាំងផ្សេង និងពិចារណាក្នុងការលើកគម្រោងអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណនេះឡើងវិញឱ្យក្លាយជាបេតិកភណ្ឌរស់។

លោក រដ្ឋា បន្តថា ក្នុងការស្រាវជ្រាវឱ្យបានច្បាស់អំពីរចនាសម្ពន្ធផ្លូវបុរាណ ក្រុមការងារបានចុះសិក្សាសម្រង់ប្លង់ វាស់វែង និងបើករណ្តៅកំណាយចំនួន៥ ដើម្បីដឹងពីបច្ចេកទេសនៃការសាងសង់ផ្លូវរបស់បុព្វបុរសខ្មែរ។ ជាលទ្ធផលស្រាវជ្រាវបង្ហាញថា ផ្លូវបុរាណនេះកសាងឡើងដោយការចាក់បង្ហាប់ដីមានបីស្រទាប់ គឺស្រទាប់ក្រោមប្រើល្បាយដីខ្សាច់ជាមួយដីឥដ្ឋ ស្រទាប់កណ្តាលប្រើល្បាយកម្ទេចថ្មបាយក្រៀម ដីខ្សាច់ និងដីឥដ្ឋ និងស្រទាប់ខាងលើបង្អស់ជាល្បាយដីឥដ្ឋលាយជាមួយដីខ្សាច់ភាគច្រើន ។

ផ្លូវនេះមានទំហំសរុបចន្លោះពី៥៦ទៅ៦៦ម៉ែត្រ ដោយចែកជាទ្រូងផ្លូវទំហំ ពី៣០ទៅ៤០ម៉ែត្រ ជើងទេរ៣ម៉ែត្រសងខាង ប្រឡាយទឹកប្រវែងពី៧ទៅ១០ម៉ែត្រសងខាង និងកម្ពស់ផ្លូវពី១,២០ទៅ១,៥០ម៉ែត្រ។ ក្រៅពីលទ្ធផលបានពីកំណាយខាងលើ តាមរយៈការវាស់វែងលើទីតាំងផ្សេងៗគ្នានៅលើកំណាត់ផ្លូវបុរាណនេះឃើញថា ជាទូទៅផ្លូវមានទំហំសរុបចន្លោះពី៧០ ទៅ ១០០ម៉ែត្រ គិតទាំងប្រឡាយអមផ្លូវផង ដោយឡែកនៅជិតនឹងគល់ស្ពានតួផ្លួវមានទំហំរួមតូចចន្លោះពី៥៦ទៅ៦៦ម៉ែត្រ។

ក្រៅពីគំហើញនៃការធ្វើផ្លូវ នៅតាមបណ្តោយផ្លូវបុរាណនេះក៏មានស្ពានបុរាណចំនួនមួយ បើតាមឯកសារបញ្ជីសារពើភណ្ឌរបស់ក្រសួងវប្បធម៌និងវិចត្រសិល្បៈ (CISARK) ហៅថា «ស្ពានថ្ម»។ ស្ពាននេះមិនធ្លាប់ធ្វើកំណាយស្រាវជ្រាវឬជួសជុលនោះឡើយ មានតែការចុះបញ្ជីដោយលោក ETIENNE AYMONIER ឆ្នាំ១៩០០ លោក Lunet de la Jonquière ឆ្នាំ១៩១១ លោក Christophe pottier ឆ្នាំ១៩៩៩ និងចុងក្រោយចុះបញ្ជីដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ានៅឆ្នាំ១៩៩៥-២០០៧។ ស្ពានថ្មបាយក្រៀមនេះ មានប្រវែង២១ម៉ែត្រ ទទឹង៦ម៉ែត្រ រន្ធត្រដេវ (រន្ធបង្ហូរទឹក) ចំនួន៨ និងកម្ពស់២ម៉ែត្រ ស្ថិតក្នុងសភាពទ្រុឌទ្រោមជាខ្លាំង។

លោក សួម សុភា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរក៏បានបញ្ជាក់ថា ចំពោះសម័យកាលនៃការសាងសង់ស្ពានគឺមិនដឹងច្បាស់ទេ តែបើយោងតាមព្រឹត្ដិការណ៍ប្រវត្តិសាស្ត្រ ផ្លូវបុរាណមួយខ្សែនេះអាចធ្វើក្នុងសម័យកាល២។ ទី១សម័យព្រះបាទយសោវរ្ម័នទី១ ដែលព្រះអង្គបានគ្រោងរាជ្យនៅឆ្នាំ៨៨៩ដល់៩១០នៃគ.ស. ព្រះអង្គបានប្តូររាជធានីពីរលួសទៅកសាងរាជធានីថ្មីនៅតំបន់អង្គរ ហៅថា «យសោធរ» ដែលមានភ្នំបាខែងជាចំណុចកណ្តាល។ ក្រោយមកក្នុងឆ្នាំ៨៩៣ ព្រះអង្គក៏បានត្រឡប់មកកសាងប្រាសាទលលៃ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ។ ទី២ ប្រហែលជាកសាងបន្ថែមទៀតនៅសម័យព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គបានគ្រងរាជ្យនៅឆ្នាំ១១៨១ដល់១២១៨ នៃគ.ស ។ ផ្លូវនិងស្ពានបុរាណមួយនេះ គឺធ្វើឡើងដើម្បីធ្វើដំណើរឆ្លងកាត់សម្រាប់ភ្ជាប់ពីអង្គរទៅរលួស។ ស្ពាននេះជាសំណង់ធារាសាស្ត្រមួយស្ថិតនៅលើផ្លូវបុរាណប្រវែងប្រហែល១២គីឡូម៉ែត្រដែលនៅសល់ដល់បច្ចុប្បន្ន។ ស្ពាន គឺជាផ្នែកមួយនៃរចនាសម្ព័ន្ធផ្លូវបុរាណនីមួយៗ ដែលតែងតែមានប្រឡាយទឹកអមសងខាងផ្លូវ និងមានទីតាំងទួលមនុស្សរស់នៅ ស្រះទឹក ប្រាសាទ សាលាសំណាក់ មន្ទីរព្យាបាលរោគនៅតាមបណ្តោយផ្លូវ។

ក្រោយពីកំណាយស្រាវជ្រាវឃើញរចនាសម្ពន្ធផ្លូវបុរាណ អាជ្ញាធរជាតិអប្សរានឹងពិចារណាក្នុងការលើកគម្រោងអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយដោយចីរភាព ដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណនេះឡើងវិញឱ្យក្លាយជាបេតិកភណ្ឌរស់។ បន្ថែមពីនោះនឹងបន្តស្រាវជ្រាវកំណាត់ផ្លូវបុរាណដទៃទៀតដែលស្ថិតនៅក្រៅឧទ្យានអង្គរ ដើម្បីលើកតម្លៃផ្លូវ ស្ពានបុរាណ និងសំណង់បុរាណដែលនៅតាមបណ្តោយផ្លូវឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន និងក្រុមការងារកំណាយស្រាវជ្រាវផ្លូវបុរាណពីរលួសទៅអង្គរ
អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ទេសភាពបៃតង សណ្ដាប់ធ្នាប់សាធារណៈមុខបរិវេណប្រាសាទអង្គរវត្តដែលកិច្ចការទាំងនេះផ្តោតទៅលើការបញ្ជៀសការដក់ទឹកក្នុងរដូវវស្សា ការពង្រីកវាលស្មៅបៃតង ការដាំកូនឈើប្រណិត ការរៀបចំអ្នកលក់ដូរចល័ត ការរៀបចំឲ្យចូលទៅចតក្នុងទីតាំងចំណត និងបញ្ឈប់ការចតឬឈប់រថយន្តឬរម៉កកង់បីក្រៅទីតាំងចំណត។
មកដល់ពេលនេះ ក្រុមការងារជួសជុលកែលម្អផ្លូវថ្នល់នៃអាជ្ញាធរជាតិអប្សរាកំពុងយកចិត្តទុកដាក់លើដំណើរការជួសជុលកែលម្អផ្លូវវង់ធំ នៅចំណុចមុខប្រាសាទបន្ទាយក្តី ឆ្ពោះទៅស្រះស្រង់ដែលមានប្រវែង ១៤០០ ម៉ែត្រ និងទទឹង ៦ទៅ៩ម៉ែត្រ បានចំនួន៨០ភាគរយហើយ ដែលបច្ចុប្បន្នក្រុមការងារបាននិងកំពុងក្រាលថ្ម បុកបង្ហាប់គ្រឹះទៅតាមបច្ចេកទេស និងធ្វើស្មាផ្លូវចុះទៅស្រះស្រង់ដើម្បីការពារទឹកហូរច្រោះពេលមានភ្លៀងធ្លាក់ និងលើកសោភណ្ឌភាពមាត់កសិន្ធុស្រះស្រង់ឱ្យកាន់តែល្អប្រសើរ ហើយត្រៀមនឹងក្រាលកៅស៊ូនាពេលខាងមុខឆាប់នេះ៕
បន្ទាប់ពីបញ្ចប់គម្រោងអភិរក្សដំណាក់កាលទី១ នៅខែកក្កដា ឆ្នាំ២០១៩ លើកម្មវិធីសិក្សាស្រាវជ្រាវឯកសារ ចុះបញ្ជីថ្មរាយប៉ាយ រកថ្មនិងរៀបផ្គុំសាកល្បង ធ្វើសម្រង់ប្លង់ និងការរុះរើថ្ម (តួប្រាសាទទាំងស្រុងចាប់ពីដំបូលរហូតដល់គ្រឹះ) រួចរាល់កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ ពេលនេះក្រុមការងារកំពុងបន្តគម្រោងដំណាក់កាលទី២ (ឆ្នាំ២០២០) ដោយចាប់ផ្តើមជួសជុលពង្រឹងគ្រឹះ រៀបផ្គុំថ្មខឿន និងតួប្រាសាទវិញរហូតដល់ស្រទាប់ទី១៥ (ត្រឹមធ្នឹមទ្វារ) ហើយគម្រោងដំណាក់កាលទី៣ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១។
ដំណើរទេសចរណ៍របស់ភ្ញៀវទេសចរនៅតែមានជាប្រក្រតីក្នុងរមណីយដ្ឋានអង្គរ។ យើងឃើញថា ភ្ញៀវទេសចរទាំងនោះហាក់មានការយល់ដឹង ការថែទាំសុខភាព និងមិនមានការភ័យខ្លាចក្នុងដំណើរកម្សាន្តដ៏អស្ចារ្យមកកាន់ តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាខេត្តសៀមរាបឡើយ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
1450
Yesterday
:
1920
This Week
:
01450
This Month
:
0273536
Total
:
010584752