ព័ត៌មានថ្មីៗ

សាលាដំបូងខេត្តសៀមរាបសម្រេចឃាត់ខ្លួនឈ្មោះ ជា ហាក់ស្រ៊ុន ពីបទឆបោកក្នុងករណីយកប្រាក់ចំនួន២០០០ដុល្លារ ដើម្បីរត់ការសាងសង់សំណង់ក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2019 12:05 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ជនជាប់ចោទ ឈ្មោះ ជា ហាក់ ស្រ៊ុន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ពីបទឆបោកយកប្រាក់ពីប្រជាពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ជាថ្នូរនឹងការធានាផ្តល់ច្បាប់អនុញ្ញាតសាងសង់លំនៅឋានក្នុងរមណីយដ្ឋានអង្គរ។

ការសម្រេចឃុំខ្លួននេះ ជាលទ្ធផលនៃការស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនៃស្នងការដ្ឋានខេត្តសៀមរាប ដែលបានដឹកនាំកម្លាំងស្រាវជ្រាវយ៉ាងសស្រាក់សស្រាំជាទីបំផុតកាលពីចុងសប្តាហ៍កន្លងមក។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា បន្ទាប់ពីមានការផ្សព្វផ្សាយជាសាធារណៈអំពីការទទួលប្រាក់ចំនួន២០០០ដុល្លារដោយឈ្មោះ ជា ហាក់ស្រ៊ុន និងឈ្មោះ វឿង ព្រឿង ដើម្បីរត់ការច្បាប់សាងសង់ក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបានស្វែងរកជនទាំងពីររូបនេះមកបំភ្លឺក្នុងរយៈពេលចុងសប្តាហ៍កន្លងមក។

អាជ្ញាធរជាតិអប្សរាក៏សូមសំណូមពរដល់ប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរទាំងអស់សូមចូលរួមគោរពច្បាប់ក្នុងការសាង់សង់ ក៏ដូចជាប្រុងប្រយ័ត្នចំពោះជនខិលខូចដែលឆបោកយកប្រាក់ជាថ្នូរនឹងការសាងសង់ផ្សេងៗ។ មិនតែប៉ុណ្ណោះ ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានបង្ហាញអត្តសញ្ញាណជនបោកប្រាសដែលបានប្រព្រឹត្តខុសច្បាប់ក្នុងការអនុញ្ញាតនូវសំណង់ខុសច្បាប់ឱ្យកើតឡើងក្នុងឧទ្យានអង្គរផងដែរ។

អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ថា រាល់ការដាក់ពាក្យស្នើសុំឬអនុញ្ញាតឱ្យមានការជួសជុលឬសាងសង់សំណង់ទាំងអស់ក្នុងរមណីយដ្ឋានអង្គរមិនតម្រូវឱ្យបង់ប្រាក់ទេ៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
ដើម្បីអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធឡើងនៅក្នុងបរិវេណមុខព្រះលានជល់ដំរី ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានោះ អាជ្ញាធរជាតិអប្សរានឹងចែកទឹកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនាកម្មវិធីរយៈពេល៤ថ្ងៃដោយមិនគិតថ្លៃ គឺចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ ទីតាំងចែកចាយទឹកមានពីរកន្លែងស្ថិតនៅផ្នែកខាងជើង និងខាងត្បូងនៃព្រះលានជល់ដំរី ដែលជាទីតាំងប្រារព្ធពិធី។
អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារសហគមន៍ប្រចាំស្រុកបា្រសាទបាគង នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ បាននាំយកអំណោយសង្គ្រោះបឋមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅជូនប្រជាពលរដ្ឋមួយគ្រួសារដែលមានអាសយដ្ឋាននៅភូមិកញ្ជរ ឃុំរលួស ដែលរងគ្រោះដោយត្រូវខ្យល់ព្យុះដួលរលំផ្ទះទាំងស្រុង កាលពីដើមខែឧសភាកន្លងទៅ។
ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោដាក់តាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណនៃប្រាសាទបន្ទាយស្រី។ ការរៀបចំប្រព័ន្ធទឹកនេះ គឺដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាក់ម្តងៗ និងដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ជាពិសេស គឺសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង។
កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សឹង គង់ ទីប្រឹក្សាអាជា្ញធរជាតិអប្សរា និងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរួមជាតិដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាមួយព្រះសង្ឃ អាជា្ញធរខេត្ត មន្រ្តីជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តទេពពោធិវង្សក្រុង-ខេត្តសៀមរាប។
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0639
ម្សិលមិញ
:
3210
សប្តាហ៍នេះ
:
07704
ខែនេះ
:
0250443
សរុប
:
011713039