NEWS

កម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរសម្រាប់ឆ្នាំ២០១៩-២០២០បានចាប់ផ្តើមដំណើរការហើយ!

Published on 24 December 2019 09:43 AM Post By ៖ Apsara National Authority

អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។

ក្នុងគោលបំណងថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ ទំនៀមទម្លាប់ល្អ សង្គមសីលធម៌ក្នុងតំបន់ រក្សាអភិវឌ្ឍន៍ស៊ីចង្វាក់គ្នារវាង (ធម្មជាតិ ប្រាសាទ និងអ្នកស្រុក) ពោលគឺរវាង (បរិស្ថាន វប្បធម៌ និងសហគមន៍) បណ្ដុះគំនិតថ្មី ទម្លាប់ថ្មីដល់កុមារដើម្បីឱ្យកុមារមានទេពកោសល្យ ចេះគិតដោយខ្លួនឯង និងចេះដោះស្រាយបញ្ហាប្រឈមមុខដោយខ្លួនឯង។

ដោយឡែកសម្រាប់ឆ្នាំទី២ កម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ ដែលអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ខែឧសភា ឆ្នាំ២០២០ មានរយៈពេល៦ខែក្នុង១ឆ្នាំ តាមរយៈអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរាសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ស្ថាប័នធានាគុណភាពជប៉ុន(JQA) និងសាកលវិទ្យាល័យSophiaនៃប្រទេសជប៉ុន អប់រំបរិស្ថានកុមារចំនួន៣៨៨នាក់ មកពីសាលាបឋមសិក្សាចំនួន៣ រួមមាន សាលាបឋមសិក្សាគោកគ្រឿល សាលាបឋមសិក្សាដូនឪ និងសាលាបឋមសិក្សាត្រពាំងស្វាយ។

ចំពោះគ្រូបង្គោល គឺជាគ្រូទទួលបន្ទុកថ្នាក់ទី៤ ទី៥ និងទី៦ ចំនួន១២នាក់មកពីសាលាបឋមសិក្សាទាំង៣ខាងលើ ទទួលបានការអប់រំបណ្តុះបណ្តាលពីអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នជប៉ុនJAQ និងសាកលវិទ្យាល័យ Sophia។ រីឯកម្មវិធីបណ្តុះបណ្តាលបែងចែកកុមារជាក្រុមៗដើម្បីឲ្យកុមារចេះដឹកនាំក្រុមធ្វើការងារតាមប្រធានបទរបស់ក្រុមរៀងៗខ្លួន។ ផ្ដល់ឱ្យកុមារនូវគំនិតបរិស្ថានដែលកើតចេញពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន និងរបស់អ្នកដទៃ រួចជំរុញឱ្យកុមារអនុវត្តតាមវិធីមួយដែលជាគំនិតគោលនៃស្តង់ដារអន្តរជាតិ ISO 14001 ដាក់ជាស្នូលនៃការអប់រំនេះ ពោលគឺក្បួន PDCA (Plan - Do - Check - Act មានន័យថា គិត - ធ្វើ - តាមដាន - ពិនិត្យឡើងវិញ)។ បង្កើតល្បែងកម្សាន្ត កញ្ច្រែងបរិស្ថាន សម្រាប់ឱ្យកុមារលេងក្រោយពីហត់នឿយការងាររៀនសូត្រ។ បង្ហាញសកម្មភាពថែរក្សាបរិស្ថានដោយក្រុមកុមារ និងផ្តល់សម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សផងដែរ។

នាពេលអនាគតកម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ នឹងផ្ទេរការងារអប់រំនេះទៅសាលាបឋមសិក្សាទាំង៣ខាងលើ និងមន្ទីរអប់រំ យុវជន និងកីឡាក្នុងខេត្តសៀមរាប សម្រាប់អនុវត្តបន្ត។ ជាពិសេសគ្រូបង្គោលទាំងអស់ត្រូវបន្តបង្ហាត់បង្រៀនកុមារក្រោយៗទៀត និងបន្តពង្រីកទៅសាលាផ្សេងៗទៀត ដោយជំរុញឱ្យសាលាទាំង៣ខាងលើ ធ្វើជាស្នូលសម្រាប់ការអនុវត្តន៍ ណែនាំដល់គ្រូ និងសាលានានាក្នុងតំបន់អង្គរទាំងមូល។

ការអប់រំបរិស្ថានសម្រាប់កុមារ ជាមធ្យោបាយមួយជួយឱ្យកុមារដែលជាអ្នកស្នងដំណរទៅជំនាន់ក្រោយយល់ដឹងអំពីសម្បត្តិវប្បធម៌ និងបរិស្ថាននៅជុំវិញខ្លួនគេ ចាប់អារម្មណ៍ទៅលើការថែរក្សា ការពារសម្បត្តិទាំងនេះ ដោយបណ្ដុះទម្លាប់ថ្មីសម្រាប់កុមារឱ្យមានលទ្ធភាពដោះស្រាយឆ្លើយតបទៅនឹងបញ្ហាថ្មីដែលកើតមាននៅក្នុងតំបន់របស់ខ្លួន។

ម្យ៉ាងទៀត ការរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ ទំនៀមទម្លាប់ល្អ សង្គមសីលធម៌ ជាផ្លូវតែមួយឆ្ពោះទៅរកការរីកចម្រើនជូនតំបន់អង្គរជាប់ជាអង្វែងតទៅ៕
















រូបភាព និងអត្ថបទ៖ លោក អ៊ុន មុណីនីតា
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស ពាក់មួកសុវត្ថិភាព បុរសវ័យចំណាស់និងវ័យកណ្តាល ជាច្រើន កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការដ្ឋានជួសជុលប្រាសាទឥដ្ឋ ដែលមានរន្ទារហ៊ុំពីខាងក្រៅយ៉ាងស្អេកស្កះ។ សកម្មភាពនេះ សំដៅធ្វើយ៉ាងណាឱ្យសំណង់ប្រាសាទ ដែលមានការខូចខាត ទទួលបានល្អប្រសើរឡើងវិញផ្នែកបេតិកភណ្ឌជាតិ វិស័យទេសចរណ៍ រួមទាំងទុកជាមរតកវប្បធម៌របស់កូនខ្មែរគ្រប់ជំនាន់។
នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តម សឺង គង់ ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរានិងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមក្នុងពិធីដាំកូនឈើជាមួយនឹងអាជ្ញាធរស្រុក ឃុំ ភូមិ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករតាមផ្លូវចូលទៅក្នុងវត្តបរិវេណវត្តខ្នារធ្នង់និងបឋមសិក្សា-អនុវិទ្យាល័យខ្នារធ្នង់ស្ថិតនៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
ការចេះដឹងអំពីបេតិកភណ្ឌរបស់ខ្លួន នឹងជំរុញឲ្យយុវជនរឹងរឹតតែស្រឡាញ់ និងមានឆន្ទៈមុតមាំក្នុងការថែរក្សាអភិរក្សឲ្យបានគង់វង្ស។ កាលបើយុវជនដែលជាទំពាំងស្នងឫស្សីមានការយល់ដឹងច្បាស់ និងរួមចំណែកថែរក្សាហើយនោះ បេតិកភណ្ឌដូនតានឹងអាចតាំងនៅយូរអង្វែងតជំនាន់វែងឆ្ងាយទៅទៀត។ ដូច្នេះ មានតែអប់រំទេដែលអាចសម្រេចបំណងនេះបាន។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
11
Today
:
9114
Yesterday
:
9079
This Week
:
09114
This Month
:
0162623
Total
:
012932055