ព័ត៌មានថ្មីៗ

អ្នកស្រុកអង្គរបានស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណចំនួន២ជូនអាជ្ញាធរជាតិអប្សរាយកទៅអភិរក្សនិងថែរក្សា

បានផ្សាយនៅ ថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ2019 10:44 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ពលរដ្ឋពីរនាក់នៅភូមិតានីនិងភូមិធម្មជាតិរុនតាឯក នាស្រុកបន្ទាយស្រី ខេត្តសៀមរាប បាន ប្រគល់កុលាលភាជន៍បុរាណចំនួនពីរជូនអាជ្ញាធរជាតិអប្សរានាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបំណងចូលរួមចំណែកអភិរក្សសម្បត្តិដូនតាដែលមិនអាចកាត់ថ្លៃបាន។ ការស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណ ជូនអាជ្ញាធរជាតិអប្សរាឱ្យយកទៅរក្សាទុកនេះ គឺក្រោយពីពួកគាត់បានយកទៅរក្សាទុកនៅសារមន្ទីរឡតានីអស់ជាច្រើនឆ្នាំមក។

កុលាលភាជន៍ទាំងពីរដែលពលរដ្ឋយកមកជូនអាជ្ញាធរជាតិអប្សរានេះ ទី១គឺ ភាជន៍តូចហៅថា «កុណ្ឌី» មានរាងដូចប៉ាន់តែ គ្មានគម្រប កម្ពស់ប្រមាណ៩ស.ម. និងទទឹង១៣ស.ម. ជាប្រភេទភាជន៍ផុ យ គ្មានស្រទាប់រលោងឡើយ។ ក្រុមអ្នកជំនាញនៅមិនទាន់ហ៊ានសន្និដ្ឋានថា ភាជន៍ប្រភេទនេះស្ថិត នៅក្នុងសម័យណានោះទេ គឺក្រុមការងារនឹងធ្វើការសិក្សាស្រាវជ្រាវនៅពេលក្រោយ។

ភាជន៍ «កុណ្ឌី» បានរកឃើញនៅឆ្នាំ២០១៨ ដោយលោក អន់ អម ជាអ្នកភូមិតានី ស្រុកបន្ទាយ ស្រី ក្នុងពេលដែលគាត់ឈូសឆាយដីផ្ទះឱ្យគេនៅក្នុងភូមិ។ បន្ទាប់ពីរកឃើញលោកក៏យកទៅរក្សាទុក នៅក្នុងផ្ទះដើម្បីគោរពបូជា ព្រោះភាជន៍នេះស្អាតនិងជារបស់បុរាណ។ លុះដឹងថាក្រុមអ្នកអភិរក្សចង់យកទៅរក្សាទុក លោក អន់ អម ក៏បានយកមកប្រគល់ឱ្យអាជ្ញាធរជាតិអប្សរារក្សាតែម្ដង ដោយលោក យល់ថា ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាអាចរក្សាទុកបានល្អជាងនៅផ្ទះរបស់គាត់។

ចំណែកភាជន៍ធំវិញមានរូបរាងស្អាត ល្អ តែបែកមាត់មួយចំហៀង មានកម្ពស់៤៨ស.ម. ទទឹង ៣៥ស.ម. ជាប្រភេទភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត ប្រគល់ជូនដោយលោក ង៉ា ចន្ធូ ប្រធានភូមិធម្មជាតិរុនតាឯក។ ភាជន៍ធំនេះបានរកឃើញនៅឆ្នាំ២០១១ នៅពេលឪពុកមារបស់លោកភ្ជួរស្រែនៅខាងក្រោយប្រាសាទបន្ទាយសំរ៉ែ។ បន្ទាប់ពីប្រទះឃើញ គាត់ក៏យកមកដាក់ក្នុងផ្ទះ រួចក៏យកទៅទុកចោលក្នុងគុម្ពឫស្សី។

លោក ចន្ធូ បានសុំភាជន៍នេះពីឪពុកមាលោកមករក្សាទុកនាឆ្នាំ២០១២ ហើយអះអាងថា ភាជន៍បុរាណមួយនេះហាក់ដូចជាមានវិញ្ញាណឬក៏ឫទ្ធបារមីអ្វីម្យ៉ាងនៅពេលលោកទុកពុំបានល្អដូចការសន្យា ដោយច្រកក្នុងការ៉ុង ហើយដាក់នៅក្រោមគ្រែមិនអើពើ។ បន្ទាប់មកដូចជាមានអ្វីម្យ៉ាងចេះតែធ្វើឱ្យលោកដេកមិនលក់អស់៧ថ្ងៃ និងចេះតែមានសំឡេងរំខាន ជួនឮសំឡេងគោះគ្រែ វាយជណ្តើរ ឡើងជណ្តើរ បើកទ្វារទាំងទ្វារជាប់សោ រហូតដល់រូបលោកលបមើល ក៏មិនឃើញមានអ្វី ប្រាប់ប្រពន្ធក៏មិនជឿ។ លុះដល់យប់ទី៧ប្រពន្ធរបស់លោកក៏យល់សប្តឃើញថាមានគេមកគោះទ្វារស្តែងៗ ទើបជឿ។

ម្តាយលោកឱ្យយកភាជន៍នោះទៅទុកកន្លែងដើមវិញ តែលោកអុជធូបសុំទុកនៅភូមិតានីផ្ទះម្តាយមីង។ លុះមិត្តភក្តិលោកឃើញភាជន៍ស្អាត ក៏ចង់ទិញយកទៅតាំងលម្អនៅផ្ទះ ស្រាប់តែកូនមីងរបស់លោកពីរនាក់យល់សប្តឃើញមានសុទ្ធតែស្រីៗ ស្លៀកពាក់បុរាណដូចស្រីស្នំស្តេច ស្រែកឱ្យជួយផងៗ មានគេចង់លក់ខ្ញុំហើយ។ ដោយសារតែហេតុចម្លែកនិងការរំខាន លោក ចន្ធូ ក៏សម្រេចចិត្តយកមករក្សាទុកនៅសារមន្ទីរឡតានី ហើយប្រគល់ជូនអាជ្ញាធរជាតិអប្សរា ព្រោះជាកន្លែងមានសុវត្ថិភាពនិងសុខសាន្តចំពោះវត្ថុនេះ។ លោក ចន្ធូ បញ្ជាក់ថា កាលទុកនៅព្រះដាក់ ភាជន៍នេះក៏មានគេចង់ទិញដែរ តែក្រោយដឹងថាភាជន៍នេះប្រហែលជាដាក់អដ្ឋិធាតុមន្ត្រីជាន់ខ្ពស់ មានបុណ្យសក្តិពីបរមបុរាណដែលកប់មុខប្រាសាទ អ្នកទិញក៏បដិសេធ ព្រោះខ្លាចមិនសុខសាន្ត។

អ្នកជំនាញផ្នែកអភិរក្សកុលាលភាជន៍នៃអាជ្ញាធរជាតិអប្សរា អ្នកស្រី ស៊ង់ ស្រីទូច ឱ្យដឹងថា តាម ការពិនិត្យសាច់ដីនិងស្រទាប់រលោងរបស់ភាជន៍នេះ គឺវាប្រហាក់ប្រហែលគ្នាទៅនឹងភាជន៍ដែលគេរកឃើញច្រើននៅតំបន់ឡទ័ពជ័យ បច្ចុប្បន្ននៅក្នុងស្រុកស្វាយលើចម្ងាយប្រមាណជាង៧០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប។ ប្រភេទកុលាលភាជន៍ដែលគេរកឃើញនៅតំបន់ឡទ័ពជ័យនោះ ត្រូវគេសន្និដ្ឋានថា វាអាចផលិតឡើងនៅក្នុងអំឡុងស.វ.ទី១១-ទី១៣ក្នុងសម័យអង្គរ។

ប្រជាពលរដ្ឋទាំងពីរនាក់ដែលបានប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ បងប្អូនដែលបានប្រទះឃើញវត្ថុបុរាណគ្រប់ប្រភេទ សូមកុំលក់ដូរឬរក្សាទុកនៅផ្ទះឡើយ ពីព្រោះភាគ ច្រើនវាមិនសូវជួបរឿងល្អក្នុងជីវិតនោះទេ។ សូមយកវាទៅប្រគល់ជូនសារមន្ទីរឬអ្នកមានសមត្ថកិច្ចដើម្បីអភិរក្សទុកជូនកូនចៅជំនាន់ក្រោយបានឃើញនិងសិក្សាស្វែងយល់ ក៏ដូចជាការស្រាវជ្រាវផ្សេងៗ ពីប្រវត្តិនៃវត្ថុបុរាណទាំងនោះផង ពិសេសគឺមានសុវត្ថិភាព៕




















អត្ថបទនិងរូបភាព៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងពលករ មប្រើការងារនៅអាជ្ញាធរជាតិអប្សរាទាំងអស់ មានសេចក្តីសោកសង្រេងជាទីបំផុតចំពោះការចូលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន។ យើងខ្ញុំនឹងចងចាំនូវរាល់គំរូដឹកនាំ និងវីរភាពរបស់សម្តេច និងបេ្តជ្ញាបន្តការងារជាប្រវត្តិសាស្ត្រនៃអាជ្ញាធរជាតិអប្សរាដើម្បីជម្រុញកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរឲ្យកាន់តែល្អប្រសើថែមទៀត។
(ភ្នំពេញ)៖ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា និងមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងលោក ហ៊ីង យឿន បានចេញមកសុំទោសដល់វិញ្ញាណក្ខន្ធសពសម្តេចវិបុលបញ្ញា សុខ អាន គឺដោយមន្រ្តីគណបក្សសង្រ្គោះជាតិ​នាំយកលិខិត​មកដល់គេហដ្ឋានតែម្តង នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ហើយក្មួយប្រុសសម្តេចវិបុលបញ្ញា សុខ អាន ឈ្មោះ សុខ ខាវ៉ាន់ ជាអ្នកទទួលនូវលិខិតសុំទោសជាសាធារណៈនេះ។
លោកជំទាវបានបញ្ជាក់ថា "មរណភាពរបស់សម្តេចវិបុល បញ្ញា សុខ អាន គឺជាការបាត់បង់ដ៏ធំធេងសម្រាប់សហគមន៍ពិភពលោកដែលយកចិត្តទុកដាក់លើការងារបេតិកភណ្ឌ។ សម្តេចគឺជាស្ថាបនិកដ៏សំខាន់មួយរូបនៅក្នុងយុទ្ធនាការអន្តរជាតិដើម្បីសង្រ្គោះ ស្រោចស្រង់ និងគាំពារអភិរក្សរមណីយដ្ឋានបុរាណអង្គរ ព្រមទាំងនៅក្នុងដំណើរការចុះរមណីយដ្ឋាននេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូកាលពីឆ្នាំ១៩៩២។ អាស្រ័យដោយឆន្ទៈ ជំនាញ និងភាពប៉ិនប្រសព្វគ្មានពីររបស់សម្តេច បានធ្វើឲ្យសម្តេចវិបុលបញ្ញា សុខ អាន ក្លាយជាបុគ្គលដ៏សំខាន់មួយរូបក្នុងបណ្តាឥស្សរជនដ៏កម្ររកបាននៅលើសកលលោក ដែលអាចជះឥទ្ធិពលជាវិជ្ជមាន ព្រមទាំងលើកកម្ពស់ដល់កិច្ចការពារ និងអភិរក្សរមណីយដ្ឋានធម្មជាតិ និងវប្បធម៌យ៉ាងទូលំទូលាយ គឺមិនត្រឹមតែនៅក្នុងព្រំប្រទល់ខណ្ឌសីមា នៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ»។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាបានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនិងបំពាក់កម្រងផ្កាជូនសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងប្រធានអាជ្ញាធរជាតិអប្សរា ដែលបានទទួលមរណភាពកាលពីថ្ងៃ៣រោជ ខែផល្គុន ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧វេលាម៉ោង១៨:៣២នាទីដោយរោគាពាធក្នុងជន្មាយុ៦៦នៅប្រទេសចិន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
4116
ម្សិលមិញ
:
20186
សប្តាហ៍នេះ
:
60490
ខែនេះ
:
0298607
សរុប
:
014358462