NEWS

អ្នកស្រុកអង្គរបានស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណចំនួន២ជូនអាជ្ញាធរជាតិអប្សរាយកទៅអភិរក្សនិងថែរក្សា

Published on 18 December 2019 10:44 AM Post By ៖ Apsara National Authority
ពលរដ្ឋពីរនាក់នៅភូមិតានីនិងភូមិធម្មជាតិរុនតាឯក នាស្រុកបន្ទាយស្រី ខេត្តសៀមរាប បាន ប្រគល់កុលាលភាជន៍បុរាណចំនួនពីរជូនអាជ្ញាធរជាតិអប្សរានាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបំណងចូលរួមចំណែកអភិរក្សសម្បត្តិដូនតាដែលមិនអាចកាត់ថ្លៃបាន។ ការស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណ ជូនអាជ្ញាធរជាតិអប្សរាឱ្យយកទៅរក្សាទុកនេះ គឺក្រោយពីពួកគាត់បានយកទៅរក្សាទុកនៅសារមន្ទីរឡតានីអស់ជាច្រើនឆ្នាំមក។

កុលាលភាជន៍ទាំងពីរដែលពលរដ្ឋយកមកជូនអាជ្ញាធរជាតិអប្សរានេះ ទី១គឺ ភាជន៍តូចហៅថា «កុណ្ឌី» មានរាងដូចប៉ាន់តែ គ្មានគម្រប កម្ពស់ប្រមាណ៩ស.ម. និងទទឹង១៣ស.ម. ជាប្រភេទភាជន៍ផុ យ គ្មានស្រទាប់រលោងឡើយ។ ក្រុមអ្នកជំនាញនៅមិនទាន់ហ៊ានសន្និដ្ឋានថា ភាជន៍ប្រភេទនេះស្ថិត នៅក្នុងសម័យណានោះទេ គឺក្រុមការងារនឹងធ្វើការសិក្សាស្រាវជ្រាវនៅពេលក្រោយ។

ភាជន៍ «កុណ្ឌី» បានរកឃើញនៅឆ្នាំ២០១៨ ដោយលោក អន់ អម ជាអ្នកភូមិតានី ស្រុកបន្ទាយ ស្រី ក្នុងពេលដែលគាត់ឈូសឆាយដីផ្ទះឱ្យគេនៅក្នុងភូមិ។ បន្ទាប់ពីរកឃើញលោកក៏យកទៅរក្សាទុក នៅក្នុងផ្ទះដើម្បីគោរពបូជា ព្រោះភាជន៍នេះស្អាតនិងជារបស់បុរាណ។ លុះដឹងថាក្រុមអ្នកអភិរក្សចង់យកទៅរក្សាទុក លោក អន់ អម ក៏បានយកមកប្រគល់ឱ្យអាជ្ញាធរជាតិអប្សរារក្សាតែម្ដង ដោយលោក យល់ថា ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាអាចរក្សាទុកបានល្អជាងនៅផ្ទះរបស់គាត់។

ចំណែកភាជន៍ធំវិញមានរូបរាងស្អាត ល្អ តែបែកមាត់មួយចំហៀង មានកម្ពស់៤៨ស.ម. ទទឹង ៣៥ស.ម. ជាប្រភេទភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត ប្រគល់ជូនដោយលោក ង៉ា ចន្ធូ ប្រធានភូមិធម្មជាតិរុនតាឯក។ ភាជន៍ធំនេះបានរកឃើញនៅឆ្នាំ២០១១ នៅពេលឪពុកមារបស់លោកភ្ជួរស្រែនៅខាងក្រោយប្រាសាទបន្ទាយសំរ៉ែ។ បន្ទាប់ពីប្រទះឃើញ គាត់ក៏យកមកដាក់ក្នុងផ្ទះ រួចក៏យកទៅទុកចោលក្នុងគុម្ពឫស្សី។

លោក ចន្ធូ បានសុំភាជន៍នេះពីឪពុកមាលោកមករក្សាទុកនាឆ្នាំ២០១២ ហើយអះអាងថា ភាជន៍បុរាណមួយនេះហាក់ដូចជាមានវិញ្ញាណឬក៏ឫទ្ធបារមីអ្វីម្យ៉ាងនៅពេលលោកទុកពុំបានល្អដូចការសន្យា ដោយច្រកក្នុងការ៉ុង ហើយដាក់នៅក្រោមគ្រែមិនអើពើ។ បន្ទាប់មកដូចជាមានអ្វីម្យ៉ាងចេះតែធ្វើឱ្យលោកដេកមិនលក់អស់៧ថ្ងៃ និងចេះតែមានសំឡេងរំខាន ជួនឮសំឡេងគោះគ្រែ វាយជណ្តើរ ឡើងជណ្តើរ បើកទ្វារទាំងទ្វារជាប់សោ រហូតដល់រូបលោកលបមើល ក៏មិនឃើញមានអ្វី ប្រាប់ប្រពន្ធក៏មិនជឿ។ លុះដល់យប់ទី៧ប្រពន្ធរបស់លោកក៏យល់សប្តឃើញថាមានគេមកគោះទ្វារស្តែងៗ ទើបជឿ។

ម្តាយលោកឱ្យយកភាជន៍នោះទៅទុកកន្លែងដើមវិញ តែលោកអុជធូបសុំទុកនៅភូមិតានីផ្ទះម្តាយមីង។ លុះមិត្តភក្តិលោកឃើញភាជន៍ស្អាត ក៏ចង់ទិញយកទៅតាំងលម្អនៅផ្ទះ ស្រាប់តែកូនមីងរបស់លោកពីរនាក់យល់សប្តឃើញមានសុទ្ធតែស្រីៗ ស្លៀកពាក់បុរាណដូចស្រីស្នំស្តេច ស្រែកឱ្យជួយផងៗ មានគេចង់លក់ខ្ញុំហើយ។ ដោយសារតែហេតុចម្លែកនិងការរំខាន លោក ចន្ធូ ក៏សម្រេចចិត្តយកមករក្សាទុកនៅសារមន្ទីរឡតានី ហើយប្រគល់ជូនអាជ្ញាធរជាតិអប្សរា ព្រោះជាកន្លែងមានសុវត្ថិភាពនិងសុខសាន្តចំពោះវត្ថុនេះ។ លោក ចន្ធូ បញ្ជាក់ថា កាលទុកនៅព្រះដាក់ ភាជន៍នេះក៏មានគេចង់ទិញដែរ តែក្រោយដឹងថាភាជន៍នេះប្រហែលជាដាក់អដ្ឋិធាតុមន្ត្រីជាន់ខ្ពស់ មានបុណ្យសក្តិពីបរមបុរាណដែលកប់មុខប្រាសាទ អ្នកទិញក៏បដិសេធ ព្រោះខ្លាចមិនសុខសាន្ត។

អ្នកជំនាញផ្នែកអភិរក្សកុលាលភាជន៍នៃអាជ្ញាធរជាតិអប្សរា អ្នកស្រី ស៊ង់ ស្រីទូច ឱ្យដឹងថា តាម ការពិនិត្យសាច់ដីនិងស្រទាប់រលោងរបស់ភាជន៍នេះ គឺវាប្រហាក់ប្រហែលគ្នាទៅនឹងភាជន៍ដែលគេរកឃើញច្រើននៅតំបន់ឡទ័ពជ័យ បច្ចុប្បន្ននៅក្នុងស្រុកស្វាយលើចម្ងាយប្រមាណជាង៧០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប។ ប្រភេទកុលាលភាជន៍ដែលគេរកឃើញនៅតំបន់ឡទ័ពជ័យនោះ ត្រូវគេសន្និដ្ឋានថា វាអាចផលិតឡើងនៅក្នុងអំឡុងស.វ.ទី១១-ទី១៣ក្នុងសម័យអង្គរ។

ប្រជាពលរដ្ឋទាំងពីរនាក់ដែលបានប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ បងប្អូនដែលបានប្រទះឃើញវត្ថុបុរាណគ្រប់ប្រភេទ សូមកុំលក់ដូរឬរក្សាទុកនៅផ្ទះឡើយ ពីព្រោះភាគ ច្រើនវាមិនសូវជួបរឿងល្អក្នុងជីវិតនោះទេ។ សូមយកវាទៅប្រគល់ជូនសារមន្ទីរឬអ្នកមានសមត្ថកិច្ចដើម្បីអភិរក្សទុកជូនកូនចៅជំនាន់ក្រោយបានឃើញនិងសិក្សាស្វែងយល់ ក៏ដូចជាការស្រាវជ្រាវផ្សេងៗ ពីប្រវត្តិនៃវត្ថុបុរាណទាំងនោះផង ពិសេសគឺមានសុវត្ថិភាព៕




















អត្ថបទនិងរូបភាព៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណជន ហើយរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១០ ដល់ទី១២ ខែសីហា ឆ្នាំ២០២០ កូនឈើចំនួន៣,៤០០ដើមទៀត ត្រូវបានចែកចាយ។
ក្នុងគោលបំណងសង្គ្រោះរចនាសម្ពន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្ដីពី «ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ»។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយសៀវភៅប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីពិនិត្យមើលការវិវត្តនៃការងារទូទៅ ក៏ដូចជាស្វែងយល់ពីផលលំបាកនិងបញ្ហាប្រឈមនានាដែលក្រុមការងារភ្នាក់ងារទេសចរណ៍តែងជួបប្រទះជាប្រចាំ។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែច្រើនឡើង និងបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន។ ក្នុងន័យនេះ ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង២ខែមកហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅដែលបានដាក់ពាក្យស្នើសុំយកទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
FirstPrev12345...338339NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
1828
Yesterday
:
5069
This Week
:
30983
This Month
:
0257847
Total
:
012083478