ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាននៅក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីលើកកម្ពស់បរិស្ថានក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ2019 10:28 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងកិច្ចការដើម្បីបរិស្ថាន និងភាពបៃតងក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ ដាំស្មៅ និងដើមឈើនៅបរិវេណវត្តអង្គរខាងត្បូង ក្នុងន័យធ្វើយ៉ាងណាបង្កើនភាពស្រស់ស្អាតនៅតំបន់ជុំវិញនោះ។ ក្នុងកិច្ចការនេះ ក្រុមការងារចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានស្នើឱ្យអ្នកលក់ដូរនៅក្បែរបន្ទប់ទឹកខាងត្បូងប្រាសាទអង្គរវត្ត រុះរើរោងលក់ដូរចេញ ហើយធ្វើការកាយថ្ម និងដីគ្រួសចេញពីបរិវេណទាំងនោះ ដើម្បីចាក់បំពេញដីមានជីជាតិសម្រាប់ដាំដុះ។

ពីមួយជំហានទៅមួយជំហាន អាជ្ញាធរជាតិអប្សរាបានខិតខំធ្វើកិច្ចការជាច្រើន ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ។ ការចុះរៀបចំដាំស្មៅ និងដើមឈើឡើងវិញនៅជុំវិញបរិវេណវត្តអង្គរខាងត្បូងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងការប្ដេជ្ញាចិត្តខ្ពស់លើការរៀបចំបរិស្ថាន ក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាសម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានចុះទៅដឹកនាំការរៀបចំដោយផ្ទាល់ បានសម្ដែងការអរគុណ និងអារម្មណ៍រីករាយ នៅពេលឃើញអាជីវករដែលលក់ដូរនៅជុំវិញនោះ មានការយល់ដឹងអំពីតម្លៃនៃបរិស្ថាន បានសហការចូលរួម និងបានសម្រួលដល់ការអនុវត្តការងារនេះ បើទោះជាមានផលប៉ះពាល់ដល់ការលក់ដូររបស់ខ្លួនយ៉ាងណាក្ដី។

ទាក់ទងនឹងការរៀបចំនេះដែរ តាមការបញ្ជាក់ពីឯកឧត្តម យិត ចាន់ដារដ្ឋ ក្នុងនោះអាជ្ញាធរជាតិអប្សរាក៏គ្រោងនឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងបរិវេណអង្គរវត្ត នៅដើមឆ្នាំ២០២០ខាងមុខនេះ ផងដែរ ដើម្បីឱ្យវាលស្មៅមានភាពបៃតងទាំងខួបប្រាំង និងខួបវស្សា៕












អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
នៅសាលប្រជុំបេងមាលា នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ លោក Hu Laingsong អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃខេត្តអានហួយ បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
កុលាលភាជន៍ខ្មែរបុរាណ ដែលត្រូវបានយកមកថែរក្សាទុក និងកំពុងសិក្សាស្រាវជ្រាវលម្អិតនៅក្នុងអង្គភាពកុលាលភាជន៍អង្គរនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកស្រាវជ្រាវ និងអ្នកស្រឡាញ់បេតិកភណ្ឌវប្បធម៌កាន់តែច្រើនឡើងៗ។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ស្ទើរតែគ្រប់ក្រុមស្រាវជ្រាវនិងក្រុមអ្នកសិក្សាអំពីបេតិកភណ្ឌពិភពលោក ដែលបានមកដល់អង្គរច្រើនតែមិនមើលរំលងអង្គភាពដ៏សំខាន់នេះឡើយ។
ព្រៃឈើជាសម្បត្តិរួមរបស់សហគមន៍ ព្រៃឈើជាសោភ័ណភាពធម្មជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរ ព្រៃឈើជារនាំងការពារខ្យល់ព្យុះ និងគ្រោះទឹកជំនន់ ព្រៃឈើជាអ្នកការពារដ៏អង់អាចចំពោះប្រាង្គប្រាសាទ។ ដោយយល់ឃើញនូវតម្លៃនេះ អាជ្ញាធរជាតិអប្សរាបានចេញយុទ្ធនាការដាំដើមឈើក្នុងតំបន់អង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើម ក្នុងឆ្នាំ២០១៦នេះ។ ដើម្បីឲ្យយុទ្ធនាការនេះទទួលជោគជ័យ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើតាមបណ្តាទីតាំងផ្សេងៗជាច្រើនមកហើយ។ ដោយឡែកនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ តាមរយៈក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋ បានប្រារព្ធពិធីដាំកូនឈើចំនួន៤០០០ពាន់ដើម នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
រង្វាន់លើកទឹកចិត្តមានដូចជាកង់ កាបូបស្ពាយ សៀវភៅ ប៊ិក និងខោអាវកីឡា ត្រូវបាន អាជ្ញាធរជាតិអប្សរាយកទៅចែកជូនសិស្សពូកែចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ នៅក្នុងកម្មវិធីអប់រំបេតិភណ្ឌនៃឧទ្យានអង្គរ ចំនួន៦៣នាក់ មកពី២១សាលា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាប្រាសាទគោកចក-ខូបេយូម៉ិ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
29257
ម្សិលមិញ
:
15332
សប្តាហ៍នេះ
:
74933
ខែនេះ
:
0393058
សរុប
:
013375372