ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាននៅក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីលើកកម្ពស់បរិស្ថានក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ2019 10:28 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងកិច្ចការដើម្បីបរិស្ថាន និងភាពបៃតងក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ ដាំស្មៅ និងដើមឈើនៅបរិវេណវត្តអង្គរខាងត្បូង ក្នុងន័យធ្វើយ៉ាងណាបង្កើនភាពស្រស់ស្អាតនៅតំបន់ជុំវិញនោះ។ ក្នុងកិច្ចការនេះ ក្រុមការងារចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានស្នើឱ្យអ្នកលក់ដូរនៅក្បែរបន្ទប់ទឹកខាងត្បូងប្រាសាទអង្គរវត្ត រុះរើរោងលក់ដូរចេញ ហើយធ្វើការកាយថ្ម និងដីគ្រួសចេញពីបរិវេណទាំងនោះ ដើម្បីចាក់បំពេញដីមានជីជាតិសម្រាប់ដាំដុះ។

ពីមួយជំហានទៅមួយជំហាន អាជ្ញាធរជាតិអប្សរាបានខិតខំធ្វើកិច្ចការជាច្រើន ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ។ ការចុះរៀបចំដាំស្មៅ និងដើមឈើឡើងវិញនៅជុំវិញបរិវេណវត្តអង្គរខាងត្បូងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងការប្ដេជ្ញាចិត្តខ្ពស់លើការរៀបចំបរិស្ថាន ក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាសម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានចុះទៅដឹកនាំការរៀបចំដោយផ្ទាល់ បានសម្ដែងការអរគុណ និងអារម្មណ៍រីករាយ នៅពេលឃើញអាជីវករដែលលក់ដូរនៅជុំវិញនោះ មានការយល់ដឹងអំពីតម្លៃនៃបរិស្ថាន បានសហការចូលរួម និងបានសម្រួលដល់ការអនុវត្តការងារនេះ បើទោះជាមានផលប៉ះពាល់ដល់ការលក់ដូររបស់ខ្លួនយ៉ាងណាក្ដី។

ទាក់ទងនឹងការរៀបចំនេះដែរ តាមការបញ្ជាក់ពីឯកឧត្តម យិត ចាន់ដារដ្ឋ ក្នុងនោះអាជ្ញាធរជាតិអប្សរាក៏គ្រោងនឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងបរិវេណអង្គរវត្ត នៅដើមឆ្នាំ២០២០ខាងមុខនេះ ផងដែរ ដើម្បីឱ្យវាលស្មៅមានភាពបៃតងទាំងខួបប្រាំង និងខួបវស្សា៕












អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
រដូវប្រាំងចូលមកដល់ បានធ្វើឱ្យស្មៅនិងរុក្ខជាតិមួយចំនួនក្រៀមស្វិតស្រពោននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែទោះជាយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងថែទាំស្រោចស្រពស្មៅនៅតាមសួនកសិន្ធុប្រាសាទអង្គរវត្តឱ្យនៅតែមានពណ៌បៃតង។ ក្នុងនោះដែរ ចំពោះវាលស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក៏អាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅទាំងនោះផងដែរ។
រហាត់ទឹកអង្គរដែលមានអាយុកាលតាំងពីទស្សវត្សរ៍ទី៦០ ស្ថិតក្នុងទីតាំងសួនបណ្តុះកូនឈើប្រាសាទតាកែវ ត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា កាលពីខែកញ្ញា ឆ្នាំ២០១៩ ក្រោមជំនួយថវិការបស់លោកជំទាវឧកញ៉ាមហាឧបាសិកា កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ នឹងត្រូវបញ្ចប់ការជួសជុលក្នុងពេលឆាប់ៗ ហើយដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមេសា ឆ្នាំ២០២០ខាងមុខ។
ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុលដើម្បីសង្គ្រោះនិងអភិរក្ស។
១៖ ភ្ញៀវទេសចរបន្តដើរទស្សនានៅរមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដំណើរទេសចរណ៍របស់ភ្ញៀវទេសចរ នៅតែមានជាប្រក្រតីក្នុងរមណីយដ្ឋានអង្គរ។ យើងឃើញថា ភ្ញៀវទេសចរទាំងនោះ ហាក់មានការយល់ដឹង ការថែទាំសុខភាព និងមិនមានការភ័យខ្លាច ក្នុងដំណើរកម្សាន្តមកកាន់តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាខេត្តសៀមរាបឡើយ។
យោងតាមរបាយការណ៍នៅក្នុងឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យចំនួន២៨៦៧ គ្រួសារ ក្នុងនោះក្រុមការងារបានអនុញ្ញាតឱ្យមានការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចបានចំនួន១៧៩៩គ្រួសារ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0494
ម្សិលមិញ
:
1988
សប្តាហ៍នេះ
:
11297
ខែនេះ
:
0006501
សរុប
:
010594599