ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបន្តរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាននៅក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីលើកកម្ពស់បរិស្ថានក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ2019 10:28 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងកិច្ចការដើម្បីបរិស្ថាន និងភាពបៃតងក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ ដាំស្មៅ និងដើមឈើនៅបរិវេណវត្តអង្គរខាងត្បូង ក្នុងន័យធ្វើយ៉ាងណាបង្កើនភាពស្រស់ស្អាតនៅតំបន់ជុំវិញនោះ។ ក្នុងកិច្ចការនេះ ក្រុមការងារចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានស្នើឱ្យអ្នកលក់ដូរនៅក្បែរបន្ទប់ទឹកខាងត្បូងប្រាសាទអង្គរវត្ត រុះរើរោងលក់ដូរចេញ ហើយធ្វើការកាយថ្ម និងដីគ្រួសចេញពីបរិវេណទាំងនោះ ដើម្បីចាក់បំពេញដីមានជីជាតិសម្រាប់ដាំដុះ។

ពីមួយជំហានទៅមួយជំហាន អាជ្ញាធរជាតិអប្សរាបានខិតខំធ្វើកិច្ចការជាច្រើន ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ។ ការចុះរៀបចំដាំស្មៅ និងដើមឈើឡើងវិញនៅជុំវិញបរិវេណវត្តអង្គរខាងត្បូងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងការប្ដេជ្ញាចិត្តខ្ពស់លើការរៀបចំបរិស្ថាន ក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាសម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានចុះទៅដឹកនាំការរៀបចំដោយផ្ទាល់ បានសម្ដែងការអរគុណ និងអារម្មណ៍រីករាយ នៅពេលឃើញអាជីវករដែលលក់ដូរនៅជុំវិញនោះ មានការយល់ដឹងអំពីតម្លៃនៃបរិស្ថាន បានសហការចូលរួម និងបានសម្រួលដល់ការអនុវត្តការងារនេះ បើទោះជាមានផលប៉ះពាល់ដល់ការលក់ដូររបស់ខ្លួនយ៉ាងណាក្ដី។

ទាក់ទងនឹងការរៀបចំនេះដែរ តាមការបញ្ជាក់ពីឯកឧត្តម យិត ចាន់ដារដ្ឋ ក្នុងនោះអាជ្ញាធរជាតិអប្សរាក៏គ្រោងនឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងបរិវេណអង្គរវត្ត នៅដើមឆ្នាំ២០២០ខាងមុខនេះ ផងដែរ ដើម្បីឱ្យវាលស្មៅមានភាពបៃតងទាំងខួបប្រាំង និងខួបវស្សា៕












អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
ប្រជាពលរដ្ឋដែលរស់នៅស្របច្បាប់ក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីជួសជុល ឬសាងសង់ថ្មីជំនួសនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ការសាងសង់តូចៗក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានីមួយៗ ដែលចុះទៅជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។ ការចុះប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងការអនុញ្ញាតសាងសង់ផ្ទាល់នៅមូលដ្ឋានគឺជាសេវាកម្មមួយដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជាខ្លាំងក្នុងសម្រួលការលំបាកដល់ប្រជាជនក្នុងការធ្វើដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ។
នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍ទី៣ ប្រចាំស្រុកពួក ដឹកនាំដោយលោក គង់ មរកត តំណាង ឯកឧត្ដម ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សរារួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក (ឃីត) និងថវិកាមួយចំនួនទៅចែកជូនដល់ស្ត្រីទើបឆ្លងទន្លេរួចចំនួន ៣៣ គ្រួសារ នៅសាលាឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។
អាជ្ញាធរជាតិអប្សរានឹងសហការជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីបុគ្គលិកបច្ចេកទេស ដើម្បីប្រើប្រាស់ក្នុងទំនាក់ទំនងទូទៅ ក៏ដូចជាពាក់ព័ន្ធនឹងការងារជំនាញរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយមានលោកស្រី Kitty Johnson គ្រូបង្រៀនភាសាអង់គ្លេសនៅសហរដ្ឋអាមេរិកជាគ្រូបង្គោល។
អ្នកជំនាញបុរាណវិទ្យាពីររូប រួមនឹងកម្លាំងពលករជាង២០នាក់នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលខ្លោងទ្វារទី៣ ផ្លូវចូលខាងកើត នៃប្រាសាទបន្ទាយស្រី។ ដំណើរការជួសជុលនេះក្នុងគោលបំណងធំៗចំនួនពីរគឺ កាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាងស្ថិតនៅលើស៊ុមទ្វារនៃច្រកចូល កណ្តាលខាងកើតពីសំណាក់ភ្ញៀវចូលទស្សនាប្រាសាទប្រចាំថ្ងៃ និងសង្រ្គោះរចនាសម្ព័ន្ធប្រាសាទដែលកំពុងរងការហានិភ័យ។
នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍ទី៥ ប្រចាំស្រុកបន្ទាយស្រី ដឹកនាំដោយ ឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងក្រុមការងារសហគមន៍ទី០៤ ប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក លឹម អួក តំណាងឯកឧត្ដម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរារួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បានចុះទៅពិនិត្យសំណើសុំសាងសង់ និងជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិតាកុះ ភូមិថ្នល់ទទឹង ភូមិអូរទទឹង និងភូមិប្រដាក ឃុំប្រដាក ស្រុកបន្ទាយស្រី និងនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
1990
ម្សិលមិញ
:
6412
សប្តាហ៍នេះ
:
20131
ខែនេះ
:
0246995
សរុប
:
012072626