ព័ត៌មានថ្មីៗ

ដំណើរការជួសជុលចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំងជិតរួចរាល់ហើយ!

បានផ្សាយនៅ ថ្ងៃទី 07 ខែ តុលា ឆ្នាំ2019 02:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ដំណើរការគម្រោងជួសជុលចម្លាក់បង្កាន់ដៃអសុរាទ្រនាគ(លេខ០១)និងលើកតម្រង់រូបចម្លាក់ទេវតានៅខ្លោងទ្វារដីឆ្នាំងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩មក គ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

ជិតមួយឆ្នាំកន្លងមកនេះ ដំណើរការជួសជុលប្រព្រឹត្តិទៅយ៉ាងរលូននិងបានលទ្ធផលយ៉ាងល្អប្រសើរដោយមានការចូលរួមពីស្ថាបត្យករ វិស្វករ បុរាណវិទ្យា ក្រុមការងារអភិរក្សថ្ម ពលករ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីដំណើរការពិភាក្សាឱ្យការជួសជុលសមស្របទៅតាមតម្លៃបេតិកភណ្ឌខ្មែរនិងច្បាប់អន្តរជាតិ។

ទាក់ទងនឹងលទ្ធផលដែលទទួលបាន លោក ឃាម មុនី ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលឱ្យដឹងថា ក្រុមការងារសម្រេចនូវការលើករូបបង្កាន់ដៃអសុរាដែលទ្រេត ដួល ខ្វះលំនឹងបានចំនួន៥រូប និងបង្កាន់ដៃទេវតាដែលដួលរលំរាយប៉ាយ ទ្រេត ស្រុត បម្រុងដួលរលំ បាន១៦រូប (លើកតម្រង់រូបចម្លាក់ឱ្យត្រង់ ជាប់មាំឡើងវិញបាន១០០%) និងលើកគម្រោងលម្អិតជួសជុលគ្រឹះចម្លាក់អសុរាកាន់ក្បាលនាគបាន៦៥% តួខ្លួនអសុរាបាន៦៥% និងព្រះកេសនាគខាងលើបាន៦៥% ។ ក្នុងនោះដែរ ក្រុមការងារក៏បានស្វែងរកឃើញព្រះកេសរបស់ទេវតាចំនួន០១ដែលនឹងតភ្ជាប់ឱ្យមានសុវត្ថិភាពឡើងវិញផងដែរ។

ចំពោះការជួសជុល លោក ឃាម មុនី បញ្ជាក់ថា ក្រុមការងារបានលម្អិតខ្លាំងទៅលើរូបនាគនិងមេទ័ពអសុរា(លេខ០១) ព្រោះរូបនេះមានហានិភ័យខ្ពស់ដោយសារដួលទាំងស្រុង រូបប្រេះបែកពីគ្នា ព្រះកេសបែករបេះធ្លាក់ថ្ម ព្រមទាំងគ្រឹះរបស់រូបផងដែរ ដោយសារកត្តាធម្មជាតិ មានបរិយាកាស ទឹកភ្លៀង លំហូរច្រោះដី កត្តាមនុស្សដោយការបំផ្លាញ និងការលំញ័ររបស់យានយន្តដែលឆ្លងកាត់។

តាមរយៈតម្លៃនៃការជួសជុល ប្រធានគម្រោងរូបនេះបានសង្កត់ធ្ងន់ថា ចម្លាក់អសុរានិងទេវតាទ្រនាគនៅខ្លោងទ្វារដីឆ្នាំង គឺជាទីតាំងសំខាន់ដែលទេសចរឆ្លងកាត់ឥតដាច់ ដែលយើងត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អ ដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះ និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរបានច្រើន។ ជាងនេះទៅទៀត វាជាការផ្តល់ឯកសារប្រវត្តិសាស្ត្រជាសំខាន់បំផុតនៃការជួសជុលចម្លាក់មួយនេះ ដើម្បីឱ្យភ្ញៀវទេសចរនិងអ្នកសិក្សាស្រាវជ្រាវទាំងបច្ចុប្បន្ននិងអនាគតបានឃើញ បានសិក្សាជាប្រយោជន៍ ពិសេសគឺលើកតម្លៃស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនដែលបានបន្សល់ស្នាដៃដ៏ល្អឯកសម្រាប់កូនចៅខ្មែរជំនាន់នេះ និងលើកតម្លៃអ្នកដឹកនាំជំនាន់ថ្មីដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសម្បត្តិដូនតា។

ជាអ្នករួមចំណែកមួយរូបក្នុងការជួសជុលចម្លាក់អសុរានិងទេវតាទ្រនាគ លោក ដួង ដឿម អាយុ៥៩ឆ្នាំ អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មានអាជីពជាអ្នកជួសជុលប្រាសាទក្នុងតំបន់អង្គរជាង២០ឆ្នាំហើយ ផ្នែករៀបថ្មប្រាសាទនិងចម្លាក់ និងដាប់ថ្ម លោកសប្បាយចិត្តដែលបានរួមចំណែកក្នុងកិច្ចការបេតិកភណ្ឌដូនតា និងសុំឱ្យក្មេងៗជំនាន់ក្រោយជួយថែរក្សានិងបន្តការរៀនសូត្រ ព្រោះបើអត់ពីចាស់ៗទៅ គឺវិជ្ជាទាំងឡាយនឹងបាត់បង់ហើយ។ លោក ដឿម មិនមានបំណងនឹងបញ្ចប់ការងារនេះទេ នឹងបន្តកិច្ចការនេះរហូត។

មិនខុសគ្នាពីលោក ដឿម លោក ឡយ លឿម អាយុ៥៣ឆ្នាំ ធ្វើការនៅតំបន់អង្គរជាង២០ឆ្នាំដូចគ្នា ជំនាញដាប់ថ្ម តថ្ម សប្បាយចិត្តណាស់ដែលបានជួសជុលចម្លាក់ថ្មអសុរា ព្រោះជារបស់បុរាណដែលត្រូវថែរក្សា វាមិនជាការលំបាកនឿយហត់ទេក្នុងការបំពេញការងារនេះ។ លោកចង់បន្តការងារនេះ ដើម្បីទុកជាស្នាដៃដល់កូនចៅជំនាន់ក្រោយឱ្យពួកគេបានឃើញ បានស្គាល់ និងជួយថែរក្សាមរតកវប្បធម៌ខ្មែរទាំងអស់គ្នា៕




















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក សឿន ប៊ុនស៊រ
ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌបានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ១គ្រឿង ប្រាក់១០០ដុល្លារ កាតVisa១ កាតធនាគារ១ សំបុត្រទស្សនាប្រាសាទ១ និងសម្ភារផ្សេងៗមួយចំនួនទៀតជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន លោក YOSHITAKA SAKAMOTO ដែលបានជ្រុះបាត់ក្នុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ក្នុងបំណងស្វែងរកកិច្ចសហប្រតិបត្តិការទៅវិញទៅមក ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍ និងការគ្រប់គ្រង អភិរក្សសម្បត្តិបេតិកភណ្ឌ។
បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននិងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0286
ម្សិលមិញ
:
1368
សប្តាហ៍នេះ
:
00286
ខែនេះ
:
0164215
សរុប
:
009346497