NEWS

អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណ៥ប្រភេទ ពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ

Published on 22 August 2019 03:07 PM Post By ៖ Apsara National Authority
កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នំា២០១៩ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ទទួលបានវត្ថុបុរាណចំនួន៥ប្រភេទពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ យកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនាយកដ្ឋាន ដើម្បីចុះបញ្ជីទៅតាមបច្ចេកទេស និងរៀបចំសំណើរសម្រាប់យកទៅរក្សាទុកនៅសារមន្ទីរនរោត្តម សីហនុអង្គរ។

វត្ថុបុរាណទាំង៥ប្រភេទដែលទទួលបានរួមមាន៖
១)បំណែកដងខ្លួនព្រះពុទ្ធរូប ធ្វើពីថ្មភក់ មានកម្ពស់ ៦២ សង់ទីម៉ែត្រ ទទឹង ៣៨ សង់ទីម៉ែត្រ និងកម្រាស់ ១៨
២)បំណែកកញ្ចាំង ធ្វើពីថ្មភក់ មានកម្ពស់៤៣ សង់ទីម៉ែត្រ ទទឹង៣៤ សង់ទីម៉ែត្រ និងកម្រាស់ ៣០ សង់ទីម៉ែត្រ
៣)បំណែកភ្នែនទេវរូប ធ្វើពីថ្មភក់ មានកម្ពស់១១សង់ទីម៉ែត្រ ទទឹង១១សង់ទីម៉ែត្រ និងកម្រាស់៩ សង់ទីម៉ែត្រ
៤)កុលាលភាជន៍(ថូ) ធ្វើពីដីដុត កម្ពស់២៥ សង់ទីម៉ែត្រ និងទទឹង២០ សង់ទីម៉ែត្រ
៥)កុលាលភាជន៍(ខួច) ធ្វើពីដីដុត កម្ពស់៧,៥ សង់ទីម៉ែត្រ និងទទឹង៨ សង់ទីម៉ែត្រ។


សូមបញ្ចាក់ថា វត្ថុបុរាណទាំង៥ប្រភេទត្រូវបានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរទទួលបានតាមរយៈប្រជាជនដែលប្រទះឃើញដោយចៃដន្យក្នុងតំបន់ខ្លួនរស់នៅ ហើយរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ដែលមានសមត្ថកិច្ចដើម្បីយកមករក្សាទុក។ បន្ទាប់ពីទទួលបានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានប្រគល់ឱ្យអាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងថែរក្សា។

រមណីយដ្ឋានអង្គរសម្បូរបុរាណដ្ឋានមានសំណល់បុរាណវិទ្យាទាំងលើដី និងក្រោមដី ដូច្នេះអាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណៈជនចូលរួមថែរក្សា ជៀសវាងការជីកកកាយ ឬឈួសឆាយទីតាំងបុរាណដ្ឋាន និងរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរជាតិអប្សរាក្នុងរកណីបានជួបប្រទះនូវបុរាណវត្ថុទាំងនោះ។

អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលយកចិត្តទុកដាក់ការពារនូវសម្បត្តិបេតិកភណ្ឌដែលជារបស់យើងទាំងអស់គ្នា ពិសេសប្រជាពលរដ្ឋដែលបានចូលរួមថែរក្សាតាមរយៈការប្រគល់ឬផ្តល់ព័ត៌មានដល់សមត្ថកិច្ច។ សកម្មភាពនេះ សរបញ្ជាក់ឱ្យឃើញពីការយល់ដឹងពីតម្លៃនៃមរតកដូនតា និងចង់ថែរក្សាឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
















អត្ថបទ និង រូបភាព៖ លោក ឈូក សុម៉ាឡា
តាមការព្យាករណ៍ទុក នៅព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ នាវេលាប្រមាណចាប់ម៉ោង៥ទៅ៦ភ្លឺ យើងនឹងឃើញព្រះអាទិត្យនឹងរះឡើងតាមកំពូលប្រាង្គកណ្តាលនៃអង្គរវត្ត។ ហេតុការណ៍នេះតែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ ហេតុអ្វីមានព្រឹត្តិការណ៍បែបនេះកើតឡើង? តើជាព្រឹត្តការណ៍មានពាក់ព័ន្ធអ្វីនឹងសំណង់ស្ថាបត្យកម្មអង្គរវត្ត?
ក្រុមការងារសហគមន៍នីមួយៗរបស់អាជ្ញាធរជាតិអប្សរាត្រូវបានចុះទៅតាមគោលដៅរៀងៗខ្លួន ក្នុងមួយសប្តាហ៍ ២ ដង ដើម្បីបញ្ជ្រាបចំណេះដឹងអំពីបេតិកភណ្ឌសំដៅជម្រុញការចូលរួមរបស់ប្រជាជនក្នុងកិច្ចការអភិរក្ស។ ក្រៅពីនោះទៀត ក្រុមការងារក៏បានសាកសួរសុខទុក្ខ និងស្វែងយល់ឱ្យដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងផ្តល់នូវសេវាកម្មនានាពាក់ព័ន្ធការសាងសង់សំណង់។ លើសពីនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋាន ត្រូវបានអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់យ៉ាងខ្លាំងទាក់ទងនឹងជីវភាពគ្រួសារ និងសុខុមាលភាព។
មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរានឹងធ្វើការកាត់តួដើមស្ពង់ងាប់ដែលនៅសល់ពីការកាត់លើកមុនចំនួន ០២ដើម ពាក់កណ្តាលបន្ថែមទៀត ដើមជ្រៃងាប់ ០១ដើម និងកាត់ក្រីមែកងាប់ ដើមខ្នុរព្រៃ ០១ដើម នៅក្នុងបរិវេណប្រាសាទតាព្រហ្ម ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិតរបស់មនុស្ស និងការខូចខាតដល់ថ្មប្រាសាទ។
ការថែរក្សាការពារនិងអភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណីនិងបរិស្ថានគឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋនិងគ្រប់គូភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់នូវតម្លៃសម្បត្តិបេតិកភណ្ឌដ៏ល្អឯកដល់មនុស្សជាតិជំនាន់ក្រោយទៀត។ ហេតុផលនេះហើយ ដែលអាជា្ញធរជាតិអប្សរាបង្កើតក្រុមការងារសហគមន៍ អប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សាលារៀន និងតាមបណ្តាសាកលវិទ្យាល័យនានាក្នុងក្រុងខេត្តសៀមរាបទាំងមូល ដើម្បីឲ្យគ្រប់គ្នាបានយល់ ហើយរួមគ្នាជួយថែរក្សាការពារនិងអភិរក្សនូវសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តល់បទពិសោធន៍ការងារកសិកម្ម ដល់សហគមន៍កសិកម្មមួយដែលមកពីភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សហគមន៍កសិកម្មភូមិដំណាក់ខ្ចាស់ ជាសហគមន៍វ័យក្មេងដែលទើបបង្កើតឡើងបានជាងមួយឆ្នាំ ផ្តោតសំខាន់លើការងារកសិកម្ម និងចិញ្ចឹមសត្វ ដែលជាការបង្កើតឡើងដោយប្រជាពលរដ្ឋក្នុងភូមិផ្ទាល់។ ការមកទទួលយកបទពិសោធន៍ពីគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិតាឯកនៅពេលនេះ គឺក្នុងគោលបំណងពង្រឹងចំណេះដឹងលើវិស័យកសិកម្ម និងជាពិសេសគឺការធ្វើជីធម្មជាតិ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
2435
Yesterday
:
17878
This Week
:
105275
This Month
:
0222574
Total
:
011685170