NEWS

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំដើម្បីតាមដានអនុសាសន៍គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ

Published on 21 August 2019 05:40 PM Post By ៖ Apsara National Authority

ព្រឹកថ្ងៃពុធ ៦រោជ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានអនុសាសន៍ដែលទទួលបានជាផ្លូវការតាមរយៈកិច្ចប្រជុំបច្ចេកទេសលើកទី៣២នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរកន្លងមក លើគោលដៅអនុវត្តការងារនៅតាមការដ្ឋានក្នុងតំបន់អង្គរទាំងផ្នែកអភិរក្ស និងអភិវឌ្ឍន៍។

គោលបំណងសំខាន់នៃអង្គប្រជុំនេះ ដើម្បីតាមដានរាល់អនុសាសន៍ដែលបានកំណត់ ជំរុញការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៀត ក៏បានជជែកវែកញែកអំពីអនុសាសន៍នីមួយៗដើម្បីស្វែងយល់ពីបញ្ហា ភាពខ្វះខាត ចម្ងល់ លទ្ធភាពក្នុងការអនុវត្ត និងដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើងនៅតាមការដ្ឋានរួមគ្នា។

ក្រោយពីកិច្ចប្រជុំ អ្នកជំនាញការអាជ្ញាធរជាតិអប្សរា រួមទាំងសមាជិកតំណាងលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ នឹងចុះតាមដានផ្ទាល់តាមការដ្ឋានទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីមើលស្ថានភាពជាក់ស្តែង ងាយស្រួលរាយការណ៍ជូនអង្គប្រជុំបច្ចេកទេសនៃអាយស៊ីស៊ី-អង្គរលើកទី៣៣ដែលនឹងប្រព្រឹត្តទៅនាខែធ្នូខាងមុខនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងជាប្រចាំដើម្បីតាមដានរាល់ការអនុវត្តកិច្ចការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ជាពិសេសផ្ទៀងផ្ទាត់ភាពសមស្របទាំងលក្ខណៈបច្ចេកទេស ទាំងការអនុវត្តគម្រោង និងទាំងសម្ភារៈ៕












អត្ថបទ៖ លោក យី សុថា      រូបភាព៖ លោក ហាប់ គឹមអាន
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលេខ០៤៣ សខល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីបញ្ជៀសការប្រមូលផ្តុំគ្នាដែលងាយប្រឈមនឹងហានីភ័យនៃការឆ្លងជំងឺកូវីដ ១៩ (Covid 19) អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវសារមន្ទីរចំនួនបី ដូចជា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។

អាជ្ញាធរជាតិអប្សរានឹងអនុញ្ញាតឱ្យភ្ញៀវជាតិ- អន្តរជាតិ និងសាធារណជន ចូលទស្សនាសារមន្ទីរទាំងបីខាងលើឡើងវិញ រហូតដល់ស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលនិងរហូតដល់មានការណែនាំថ្មីរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ៕


នៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ក្រុមការងារអាជ្ញាធរជាតិអប្សរាបានបោសសម្អាតដី ប្រមូលសំរាមស្លឹកឈើ និងរៀបចំអនាម័យបរិស្ថាននៅប្រាសាទតាព្រហ្ម ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្តនៅប្រាសាទនេះ។ ការសម្អាតនេះ តែងធ្វើជាប្រចាំ នៅគ្រប់ប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ។
បរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទាំងលើគោក ក្នុងទឹក និងបរិយាកាស ត្រូវបានអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ក្នុងការសម្អាតជាប្រចាំ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០នេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានចុះសម្អាតនូវវារីជាតិ ដែលដុះក្នុងទឹកនៃកសិន្ធុប្រាសាទអង្គរវត្ត មានលំចង់ សារ៉ាយ កំប្លោកជាដើម ដើម្បីសម្អាតទឹកឱ្យស្អាត និងធ្វើឱ្យទឹកមានគុណភាពល្អ ជំនួយដល់ភាពធំធាត់ដល់សត្វរស់នៅក្នុងទឹកផង។
រដូវប្រាំងចូលមកដល់ បានធ្វើឱ្យស្មៅនិងរុក្ខជាតិមួយចំនួនក្រៀមស្វិតស្រពោននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែទោះជាយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងថែទាំស្រោចស្រពស្មៅនៅតាមសួនកសិន្ធុប្រាសាទអង្គរវត្តឱ្យនៅតែមានពណ៌បៃតង។ ក្នុងនោះដែរ ចំពោះវាលស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក៏អាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅទាំងនោះផងដែរ។
រហាត់ទឹកអង្គរដែលមានអាយុកាលតាំងពីទស្សវត្សរ៍ទី៦០ ស្ថិតក្នុងទីតាំងសួនបណ្តុះកូនឈើប្រាសាទតាកែវ ត្រូវបានជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា កាលពីខែកញ្ញា ឆ្នាំ២០១៩ ក្រោមជំនួយថវិការបស់លោកជំទាវឧកញ៉ាមហាឧបាសិកា កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ នឹងត្រូវបញ្ចប់ការជួសជុលក្នុងពេលឆាប់ៗ ហើយដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមេសា ឆ្នាំ២០២០ខាងមុខ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
1225
Yesterday
:
4529
This Week
:
08208
This Month
:
0018188
Total
:
010606286