NEWS

មនុស្សសម័យដើមចាត់ទុកសិលាចារឹកជាវត្ថុសក្ការបូជា

Published on 21 August 2019 11:17 AM Post By ៖ Apsara National Authority

រឿងរ៉ាវប្រវត្តិសាស្រ្ដខ្មែរជាច្រើនសន្ធឹក ត្រូវបានអ្នកស្រាវជ្រាវសិក្សាតាមរយៈវត្ថុតាងជាច្រើន ក្នុងនោះសិលាចារឹកក៏ជាភស្ដុតាងដ៏សំខាន់មួយដែរ។ សិលាចារឹកដែលចារដោយបុព្វបុរសខ្មែរ បានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែលអាចឱ្យមនុស្សសម័យថ្មីដឹងពីសាច់រឿងនិងរបៀបរស់នៅរបស់មនុស្សបុរាណ។ អ្នកសិក្សាស្រាវជ្រាវយល់ថា មនុស្សពីដើមចារអក្សរលើថ្មដើម្បីមូលហេតុសាសនា។

បណ្ឌិត ឆោម គន្ធា ក្នុងបាឋកថាស្ដីពី «សាកល្បងពិនិត្យមើលសិលាចារឹកកម្ពុជាតាមក្រសែភ្នែកមនុស្សសម័យចាស់» ដែលរៀបចំនៅអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៦ សីហា បានពន្យល់ថា មានភស្ដុតាងមួយចំនួនដែលបង្ហាញថា មនុស្សសម័យដើមចាត់ទុកសិលាចារឹកជាវត្ថុសក្ការបូជា ប្រៀបដូចជាព្រះបដិមាដូច្នោះដែរ តួយ៉ាងផ្ទាំងចម្លាក់នៅប្រាសាទបាយ័ន ដែលក្នុងនោះគេឃើញមានកិច្ចពិធីមួយដោយមានផ្ទាំងសិលាចារឹកតម្កល់នៅកន្លែងខ្ពស់មួយនិងមានមនុស្សម្នារៀបចំកិច្ចពិធីអបអរនិងលើកតម្កើង។ អក្សរថ្មឬសិលាចារឹកគឺជាវត្ថុដែលគេការពារយ៉ាងយកចិត្តទុកដាក់។ លើសពីនេះទៅទៀត មានភស្តុតាងខ្លះបញ្ជាក់ថា អ្នកស្រុកសម័យដើមចារសិលាចារឹកទុកសម្រាប់ជាការបង្រៀនមនុស្សទូទៅឲ្យស្គាល់ «ធម៌» ពោលគឺធ្វើតែបុណ្យ មិនធ្វើបាប។

«សិលាចារឹកបើនិយាយសង្ខេបទៅ គឺទាក់ទងនឹងព្រះនិងព្រះរាជា គឺសុទ្ធតែជាអ្នកគួរគោរពបូជា មិនមានចារអំពីប្រធានបទផ្សេងដូចជាការបូកលេខនព្វន្ដខាងគណិតសាស្រ្ដអ្វីទេ។ មែនទែនទៅ មនុស្សសម័យបុរាណស្ទើរទាំងអស់ មិនថាតែជនជាតិខ្មែរទេ តែងគោរពអក្សរឬអត្ថបទសំណេរ ព្រោះអក្សរនេះប្រហែលជាបច្ចេកវិទ្យាទីមួយដែលមនុស្សជាតិបានបង្កើតឡើង។ ហេតុនេះមិនមានអ្វីគួរឆ្ងល់ទេថា មនុស្សនាំគ្នាគោរពកោតខ្លាចអក្សរឬសំណេរ »។ នេះជាការបញ្ជាក់បន្ថែមរបស់បណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹកនៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា។

ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់បណ្ឌិត ឆោម គន្ធា មកដល់បច្ចុប្បន្ននេះ សិលាចារឹកប្រមាណជាង ១,៤០០ ត្រូវបានស្រាវជ្រាវរកឃើញនិងចុះបញ្ជីរួច ក្នុងនោះមានទាំងជាភាសាខ្មែរនិងសំស្រ្កឹត។ យ៉ាងហោចណាស់ សិលាចារឹកជាងមួយពាន់បានបកប្រែរួចនិងខ្លះទៀតកំពុងបន្តបកប្រែ ។ អ្វីដែលសំខាន់នោះ តាមការបញ្ជាក់របស់អ្នកជំនាញ សិលាចារឹកជាភាសាសំស្ក្រឹតនិពន្ធនៅប្រទេសកម្ពុជាមានភាពល្បីល្បាញជាងសិលាចារឹកជាភាសាសំស្ក្រឹតដូចគ្នានៅប្រទេសឥណ្ឌាជាស្រុកដើមនៃភាសានេះទៅទៀត។ បណ្ឌិត ឆោម គន្ធាពន្យល់ថា ភាពល្បីល្បាញនោះគឺឃើញច្បាស់ទាំងរូបរាង ទាំងអត្ថន័យ៕








អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី        រូបភាព៖ ហ៊ុំ រិទ្ធី
គោយន្តភ្ជួរដីថ្មីមួយគ្រឿងតម្លៃ១៧៥០ដុល្លារ ជាថវិការបស់ក្រុមហ៊ុន SBI MIEN NAM នៃប្រទេសវៀតណាម រួមទាំងការរួមចំណែកពីប្រជាជន និងក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនៃអាជ្ញាធរជាតិអប្សរាផង បានយកមកជូនប្រជាពលរដ្ឋភូមិធម្មជាតិហើយ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ក្រុមអ្នកបុរាណវិទ្យាខ្មែរនិងបរទេស ក្រោមកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ាប្រទេស នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកកំណាយស្រាវជ្រាវមួយ ដែលស្ថិតនៅក្បែរកំពែងព្រះបរមរាជវាំង ខាងលិចទីលានសេ្តចគម្លង់ប្រហែល២០០ម៉ែត្រ។
ព្រៃឈើគឺមានសារៈប្រយោជន៍ណាស់ចំពោះផែនដី និងការរស់នៅរបស់មនុស្ស-សត្វដូចពាក្យថា ព្រៃឈើអាចរស់ដោយគ្មានមនុស្ស តែមនុស្សមិនអាចរស់ដោយគ្មានព្រៃឈើទេ។ ដោយយល់ឃើញពីគុណតម្លៃនៃព្រៃឈើ ជាពិសេស ដើម្បីក្នុងន័យថែរក្សា ក៏ដូចជាដាំដុះនូវព្រៃឈើបន្ថែមផងនោះ អាជ្ញាធរជាតិអប្សរាក៏បានរួមចំណែកក្នុងដាំកូនឈើជាមួយ ព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទវត្តជីក្រែង ដាំកូនឈើចំនួន១០០០ដើម នៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។
ក្រុមការងារអភិរក្សប្រាសាទបេងមាលានៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានរបស់អាជ្ញាធរជាតិអប្សរា បានចុះសម្អាតប្រាសាទបន្ទាយក្បាលទឹកឬប្រាសាទតាគង់ ដែលមានទីតាំងនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីការពាររចនាសម្ពន្ធប្រាសាទនិងសោភ័ណភាពនៃប្រាសាទ។
ស្ពានតាអោង គឺជាស្ពានបុរាណមួយវែងជាងគេក្នុងចំណោមស្ពានទាំង ១៤ ដែលស្ថិតនៅភូមិកំបោរអ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្តោយផ្លូវបេងពីអង្គរទៅបាកាន (ប្រាសាទព្រះខ័នកំពង់ស្វាយ) កសាងឡើងក្នុងចុងសតវត្សទី១២ ដើមសតវត្សទី១៣ដែលគ្រឹះនិងតួរបស់វាធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃថ្មភក់ មានបណ្តោយប្រវែង ៧៧ម៉ែត្រ ទទឹង១៣ម៉ែត្រនិងកម្ពស់៦ម៉ែត្រ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
0969
Yesterday
:
3210
This Week
:
08034
This Month
:
0250773
Total
:
011713369