ព័ត៌មានថ្មីៗ

មនុស្សសម័យដើមចាត់ទុកសិលាចារឹកជាវត្ថុសក្ការបូជា

បានផ្សាយនៅ ថ្ងៃទី 21 ខែ សីហា ឆ្នាំ2019 11:17 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រឿងរ៉ាវប្រវត្តិសាស្រ្ដខ្មែរជាច្រើនសន្ធឹក ត្រូវបានអ្នកស្រាវជ្រាវសិក្សាតាមរយៈវត្ថុតាងជាច្រើន ក្នុងនោះសិលាចារឹកក៏ជាភស្ដុតាងដ៏សំខាន់មួយដែរ។ សិលាចារឹកដែលចារដោយបុព្វបុរសខ្មែរ បានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែលអាចឱ្យមនុស្សសម័យថ្មីដឹងពីសាច់រឿងនិងរបៀបរស់នៅរបស់មនុស្សបុរាណ។ អ្នកសិក្សាស្រាវជ្រាវយល់ថា មនុស្សពីដើមចារអក្សរលើថ្មដើម្បីមូលហេតុសាសនា។

បណ្ឌិត ឆោម គន្ធា ក្នុងបាឋកថាស្ដីពី «សាកល្បងពិនិត្យមើលសិលាចារឹកកម្ពុជាតាមក្រសែភ្នែកមនុស្សសម័យចាស់» ដែលរៀបចំនៅអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៦ សីហា បានពន្យល់ថា មានភស្ដុតាងមួយចំនួនដែលបង្ហាញថា មនុស្សសម័យដើមចាត់ទុកសិលាចារឹកជាវត្ថុសក្ការបូជា ប្រៀបដូចជាព្រះបដិមាដូច្នោះដែរ តួយ៉ាងផ្ទាំងចម្លាក់នៅប្រាសាទបាយ័ន ដែលក្នុងនោះគេឃើញមានកិច្ចពិធីមួយដោយមានផ្ទាំងសិលាចារឹកតម្កល់នៅកន្លែងខ្ពស់មួយនិងមានមនុស្សម្នារៀបចំកិច្ចពិធីអបអរនិងលើកតម្កើង។ អក្សរថ្មឬសិលាចារឹកគឺជាវត្ថុដែលគេការពារយ៉ាងយកចិត្តទុកដាក់។ លើសពីនេះទៅទៀត មានភស្តុតាងខ្លះបញ្ជាក់ថា អ្នកស្រុកសម័យដើមចារសិលាចារឹកទុកសម្រាប់ជាការបង្រៀនមនុស្សទូទៅឲ្យស្គាល់ «ធម៌» ពោលគឺធ្វើតែបុណ្យ មិនធ្វើបាប។

«សិលាចារឹកបើនិយាយសង្ខេបទៅ គឺទាក់ទងនឹងព្រះនិងព្រះរាជា គឺសុទ្ធតែជាអ្នកគួរគោរពបូជា មិនមានចារអំពីប្រធានបទផ្សេងដូចជាការបូកលេខនព្វន្ដខាងគណិតសាស្រ្ដអ្វីទេ។ មែនទែនទៅ មនុស្សសម័យបុរាណស្ទើរទាំងអស់ មិនថាតែជនជាតិខ្មែរទេ តែងគោរពអក្សរឬអត្ថបទសំណេរ ព្រោះអក្សរនេះប្រហែលជាបច្ចេកវិទ្យាទីមួយដែលមនុស្សជាតិបានបង្កើតឡើង។ ហេតុនេះមិនមានអ្វីគួរឆ្ងល់ទេថា មនុស្សនាំគ្នាគោរពកោតខ្លាចអក្សរឬសំណេរ »។ នេះជាការបញ្ជាក់បន្ថែមរបស់បណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹកនៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា។

ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់បណ្ឌិត ឆោម គន្ធា មកដល់បច្ចុប្បន្ននេះ សិលាចារឹកប្រមាណជាង ១,៤០០ ត្រូវបានស្រាវជ្រាវរកឃើញនិងចុះបញ្ជីរួច ក្នុងនោះមានទាំងជាភាសាខ្មែរនិងសំស្រ្កឹត។ យ៉ាងហោចណាស់ សិលាចារឹកជាងមួយពាន់បានបកប្រែរួចនិងខ្លះទៀតកំពុងបន្តបកប្រែ ។ អ្វីដែលសំខាន់នោះ តាមការបញ្ជាក់របស់អ្នកជំនាញ សិលាចារឹកជាភាសាសំស្ក្រឹតនិពន្ធនៅប្រទេសកម្ពុជាមានភាពល្បីល្បាញជាងសិលាចារឹកជាភាសាសំស្ក្រឹតដូចគ្នានៅប្រទេសឥណ្ឌាជាស្រុកដើមនៃភាសានេះទៅទៀត។ បណ្ឌិត ឆោម គន្ធាពន្យល់ថា ភាពល្បីល្បាញនោះគឺឃើញច្បាស់ទាំងរូបរាង ទាំងអត្ថន័យ៕








អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី        រូបភាព៖ ហ៊ុំ រិទ្ធី
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូនៃគណៈកម្មការទី៧នៃព្រឹទ្ធសភា ដឹកនាំដោយប្រធានគណៈកម្មការឯកឧត្តម ម៉ុម ជឹមហ៊ុយ, ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធាន, ឯកឧត្តម សុខ យាត និងឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកគណៈកម្មការ បានចុះស្វែងយល់ពីការងារទូទៅនៅអាជ្ញាធរជាតិអប្សរា។ បេសកកម្មរបស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ និងបញ្ហាប្រឈមរបស់អាជ្ញាធរជាតិអប្សរា។
ជំនឿនៃការលាបំណន់
( ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2019 )
បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។
ដើមដំបូងមុន12345...246247បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
11841
ម្សិលមិញ
:
13042
សប្តាហ៍នេះ
:
11841
ខែនេះ
:
0094796
សរុប
:
009054367