NEWS

មនុស្សសម័យដើមចាត់ទុកសិលាចារឹកជាវត្ថុសក្ការបូជា

Published on 21 August 2019 11:17 AM Post By ៖ Apsara National Authority

រឿងរ៉ាវប្រវត្តិសាស្រ្ដខ្មែរជាច្រើនសន្ធឹក ត្រូវបានអ្នកស្រាវជ្រាវសិក្សាតាមរយៈវត្ថុតាងជាច្រើន ក្នុងនោះសិលាចារឹកក៏ជាភស្ដុតាងដ៏សំខាន់មួយដែរ។ សិលាចារឹកដែលចារដោយបុព្វបុរសខ្មែរ បានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែលអាចឱ្យមនុស្សសម័យថ្មីដឹងពីសាច់រឿងនិងរបៀបរស់នៅរបស់មនុស្សបុរាណ។ អ្នកសិក្សាស្រាវជ្រាវយល់ថា មនុស្សពីដើមចារអក្សរលើថ្មដើម្បីមូលហេតុសាសនា។

បណ្ឌិត ឆោម គន្ធា ក្នុងបាឋកថាស្ដីពី «សាកល្បងពិនិត្យមើលសិលាចារឹកកម្ពុជាតាមក្រសែភ្នែកមនុស្សសម័យចាស់» ដែលរៀបចំនៅអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៦ សីហា បានពន្យល់ថា មានភស្ដុតាងមួយចំនួនដែលបង្ហាញថា មនុស្សសម័យដើមចាត់ទុកសិលាចារឹកជាវត្ថុសក្ការបូជា ប្រៀបដូចជាព្រះបដិមាដូច្នោះដែរ តួយ៉ាងផ្ទាំងចម្លាក់នៅប្រាសាទបាយ័ន ដែលក្នុងនោះគេឃើញមានកិច្ចពិធីមួយដោយមានផ្ទាំងសិលាចារឹកតម្កល់នៅកន្លែងខ្ពស់មួយនិងមានមនុស្សម្នារៀបចំកិច្ចពិធីអបអរនិងលើកតម្កើង។ អក្សរថ្មឬសិលាចារឹកគឺជាវត្ថុដែលគេការពារយ៉ាងយកចិត្តទុកដាក់។ លើសពីនេះទៅទៀត មានភស្តុតាងខ្លះបញ្ជាក់ថា អ្នកស្រុកសម័យដើមចារសិលាចារឹកទុកសម្រាប់ជាការបង្រៀនមនុស្សទូទៅឲ្យស្គាល់ «ធម៌» ពោលគឺធ្វើតែបុណ្យ មិនធ្វើបាប។

«សិលាចារឹកបើនិយាយសង្ខេបទៅ គឺទាក់ទងនឹងព្រះនិងព្រះរាជា គឺសុទ្ធតែជាអ្នកគួរគោរពបូជា មិនមានចារអំពីប្រធានបទផ្សេងដូចជាការបូកលេខនព្វន្ដខាងគណិតសាស្រ្ដអ្វីទេ។ មែនទែនទៅ មនុស្សសម័យបុរាណស្ទើរទាំងអស់ មិនថាតែជនជាតិខ្មែរទេ តែងគោរពអក្សរឬអត្ថបទសំណេរ ព្រោះអក្សរនេះប្រហែលជាបច្ចេកវិទ្យាទីមួយដែលមនុស្សជាតិបានបង្កើតឡើង។ ហេតុនេះមិនមានអ្វីគួរឆ្ងល់ទេថា មនុស្សនាំគ្នាគោរពកោតខ្លាចអក្សរឬសំណេរ »។ នេះជាការបញ្ជាក់បន្ថែមរបស់បណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹកនៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា។

ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់បណ្ឌិត ឆោម គន្ធា មកដល់បច្ចុប្បន្ននេះ សិលាចារឹកប្រមាណជាង ១,៤០០ ត្រូវបានស្រាវជ្រាវរកឃើញនិងចុះបញ្ជីរួច ក្នុងនោះមានទាំងជាភាសាខ្មែរនិងសំស្រ្កឹត។ យ៉ាងហោចណាស់ សិលាចារឹកជាងមួយពាន់បានបកប្រែរួចនិងខ្លះទៀតកំពុងបន្តបកប្រែ ។ អ្វីដែលសំខាន់នោះ តាមការបញ្ជាក់របស់អ្នកជំនាញ សិលាចារឹកជាភាសាសំស្ក្រឹតនិពន្ធនៅប្រទេសកម្ពុជាមានភាពល្បីល្បាញជាងសិលាចារឹកជាភាសាសំស្ក្រឹតដូចគ្នានៅប្រទេសឥណ្ឌាជាស្រុកដើមនៃភាសានេះទៅទៀត។ បណ្ឌិត ឆោម គន្ធាពន្យល់ថា ភាពល្បីល្បាញនោះគឺឃើញច្បាស់ទាំងរូបរាង ទាំងអត្ថន័យ៕








អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី        រូបភាព៖ ហ៊ុំ រិទ្ធី
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៦របស់ខ្លួន នៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៦ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
របៀបហាត់ប្រាណបែបសមាធិ ដែលហៅថា យោគៈ (YOGA) មានប្រភពដើមមកពីឥណ្ឌាហើយត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។ យោគៈ បានទាក់ទាញការចូលរួមពីមនុស្សម្នាជាច្រើន ដោយហេតុថា វាជាវិធីមួយដែលអាចជួយសម្រួលស្មារតី គ្រប់គ្រងអារម្មណ៍ និងនាំមកនូវសុខភាពទៀតផង។
ជារៀងរាល់ថ្ងៃ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សា សោភ័ណភាពក្នុងឧទ្យានអង្គរឱ្យស្រស់បំព្រង ដូចជាការដាំដើមឈើ ព្យាបាលដើមឈើ កាត់ក្រីមែកឈើ ដាំស្មៅ ស្រោចទឹកស្មៅជាដើម ធ្វើយ៉ាងណាឱ្យទេសភាពបៃតងមានគ្រប់រដូវ ដើម្បីលម្អប្រាសាទផងនិងទាក់ទាញអារម្មណ៍ទេសចរឱ្យមានភាពរីករាយចំពោះទិដ្ឋភាពទាំងនោះផង។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
0957
Yesterday
:
5945
This Week
:
25043
This Month
:
0251907
Total
:
012077538