NEWS

អ្នកឃុំលាងដៃប្រារព្ធពិធីសុំទឹកភ្លៀងដែលជាទំនៀមពីបុរាណ

Published on 19 August 2019 09:33 AM Post By ៖ Apsara National Authority

ដូចសព្វមួយដង ឱ្យតែមានគ្រោះរាំងស្ងួត ឬខ្សត់ភ្លៀង អ្នកភូមិលាងដៃ បានកៀងគរគ្នាដើម្បីរៀបចំប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនៅបរិវេណប្រាសាទនាគព័ន្ធដែលជាទំនៀមពីបុរាណ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៣ និង១៤ ខែសីហា ដោយមានអ្នកចូលរួមប្រមាណ២០០អង្គ/នាក់។

លោកយាយ ហៃ វឿន វ័យ៧០ឆ្នាំជាចាស់ព្រឹទ្ធិចារ្យមួយរូប ដែលផ្តើមគំនិតរៀបចំពិធីបួងសួងសុំទឹកភ្លៀងនេះបានឱ្យដឹងថា ពិធីនេះជាទំនៀមអ្នកភូមិលាងដៃតែងធ្វើមិនដែលរំលងឡើយ គឺរាល់ឆ្នាំដែលក្រមានភ្លៀងឬជាប់គ្រោះរាំងស្ងួតជាដើម។ លោកយាយបន្ថែមថា នៅឆ្នាំនេះសង្កេតឃើញថាមានគ្រោះរាំងស្ងួតខ្លាំង អ្នកភូមិមិនរំពឹងទទួលបានទឹកភ្លៀងច្រើនពេកទេបន្ទាប់ពីរៀបចំពិធីសុំទឹកភ្លៀងរួច តែយ៉ាងណាអ្នកភូមិនៅតែធ្វើដើម្បីបន់អស់បារមីទេវតាថែរក្សាភពផែនដី ឱ្យផ្តល់ទឹកភ្លៀងជួយសង្រ្គោះស្រូវស្រែនិងជីវិតសត្វលោក។

បារមីស័ក្ដិសិទ្ធិនៅប្រាសាទនាគព័ន្ធ បានធ្វើឱ្យអ្នកភូមិនៅទីនោះមានជំនឿជាខ្លាំង ដោយសាររាល់ពេលប្រារព្ធពិធីសុំទឹកភ្លៀងម្ដងៗ គឺតែងមានភ្លៀងធ្លាក់រហូត។ លោកយាយ ហៃ វឿន បញ្ជាក់ថា អំឡុងពេលកំពុងបួងសួងនៅល្ងាចថ្ងៃទី១៣ ស្រាប់តែមានភ្លៀងមួយមេធ្វើឱ្យអ្នកភូមិទទឹកជោកខ្លួនតែម្ដងខណៈដែលពេលមុនៗពុំមានភ្លៀងសោះនោះ។ លោកយាយបន្តថា នៅទីនេះឱ្យតែបន់គឺដឹងតែបាន។

ចំណែកលោកយាយ ឌួង ឆោម អ្នកដឹកនាំរៀបចំពិធីនេះមួយដែរនោះបាននិយាយថា អ្នកភូមិមានជំនឿនឹងពិធីនេះណាស់ ហើយតែងមិនសុខស្រណុកនៅពេលមិនបានធ្វើពិធីនេះ។ លោកយាយថា បុណ្យសុំទឹកភ្លៀងនេះមិនមែនសុំតែទឹកភ្លៀងមួយមុខទេ គឺបន់ស្រន់សុំសេចក្ដីសុខជូនដល់ប្រជារាស្រ្ដខ្មែរទាំងមូលផងដែរ។ ជាមួយគ្នានេះ ក្នុងនាមជាចាស់ទុំមួយរូប និងជាអ្នកប្រឹងប្រែងខំធ្វើពិធីនេះតពីដូចតាមក លោកយាយ ឌួង ឆោម ចង់ឱ្យក្មេងៗជំនាន់ក្រោយ បន្តធ្វើពិធីនេះជាប់រហូតទៅ ដ្បិតថាជាទំនៀមពីបុរាណ ក៏ដូចជាអត្ដសញ្ញាណមួយរបស់អ្នកភូមិលាងដៃនេះផងដែរ។ សម្រាប់ពិធីនេះដែរ បើតាមការពន្យល់របស់លោកយាយ ឌួង ឆោម គឺមានសារសំខាន់ណាស់ដើម្បីបង្ហាញពីស្នាដៃដល់ក្មេងៗជំនាន់ក្រោយក្នុងការអភិរក្សប្រពៃណីពីដូនតាខ្មែរ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរដែលចង់ដឹងចង់ស្វែងយល់ក្នុងពិធីនេះ៕


















អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី    រូបភាព៖ ហ៊ុំ រិទ្ធី
ប្រាសាទបុរាណខ្មែរនៅសៀមរាបអង្គរចំនួន៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមនោះ ប្រាសាទអង្គរវត្តដែលបានសាងសង់ឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២នាដើមសតវត្សទី១២ កំពុងទទួលបាននូវការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្មនិងចម្លាក់នានាប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាជាចំណងដៃផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ២០គ្រួសារ ដែលនៅក្នុងភូមិចំនួន២ គឺភូមិកោះជ្រុំ និងភូមិទួលក្រឡាញ់ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។
គម្រោងស្រាវជ្រាវ “ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ” ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) បានបង្ហាញថា ជនជាតិខ្មែរមានរោងស្លលោហកម្ម ធំ និងប្រណីតជាងគេនៅអាស៊ីអាគ្នេយ៍។ លទ្ធផលបឋមនៃកំណាយស្រាវជ្រាវ នៅក្នុងព្រះបរមរាជវាំងអង្គរធំសម័យអង្គរនេះ ថែមទាំងបង្ហាញថា ទំនៀមនៃការផលិតលោហកម្មរបស់បុព្វបុរសខ្មែរនៅតែបន្តអាយុជីវិតនៅឡើយសព្វថ្ងៃ។
នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបតិ្តការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយកងរាជអាវុធហត្ថខេត្ត អង្គភាពនគរបាលការពារបេតិកភណ្ឌ ស្នងការនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះរុះរើសំណង់ទ្វារដែក សង់ដោយគ្មានការអនុញ្ញាត នៅសង្កាត់គោកចក (តំបន់២) ក្រុងសៀមរាប បន្ទាប់ពីម្ចាស់កម្មសិទ្ធិមិនគោរពតាមការសន្យាថារុះរើដោយខ្លួនឯងតាមការកំណត់។
ការសិក្សាស្រាវជ្រាវ លើកុលាលភាជន៍ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឱ្យខ្មែរជំនាន់ក្រោយ បានស្គាល់ពីរបៀបរបបនៃការរស់នៅ និងជីវភាពរបស់មនុស្សជំនាន់មុនៗ។ គេអាចទទួលបានបំណែកកុលាលភាជន៍ទាំងនោះ តាមរយៈកំណាយស្រាវជ្រាវ ពីក្នុងតំបន់ផ្សេងៗ។ តាំងពីឆ្នាំ២០១៥មក អាជ្ញាធរជាតិអប្សរាបានបង្កើតអង្គភាពមួយ ដោយឲ្យឈ្មោះថា អង្គភាពកុលាលភាជន៍អង្គរ ទទួលបន្ទុកស្រាវជ្រាវ និងសិក្សាលម្អិតលើបំណែកកុលាលភាជន៍ទាំងនោះ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
0452
Yesterday
:
4035
This Week
:
67022
This Month
:
0067022
Total
:
011004006