NEWS

អ្នកឃុំលាងដៃប្រារព្ធពិធីសុំទឹកភ្លៀងដែលជាទំនៀមពីបុរាណ

Published on 19 August 2019 09:33 AM Post By ៖ Apsara National Authority

ដូចសព្វមួយដង ឱ្យតែមានគ្រោះរាំងស្ងួត ឬខ្សត់ភ្លៀង អ្នកភូមិលាងដៃ បានកៀងគរគ្នាដើម្បីរៀបចំប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនៅបរិវេណប្រាសាទនាគព័ន្ធដែលជាទំនៀមពីបុរាណ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៣ និង១៤ ខែសីហា ដោយមានអ្នកចូលរួមប្រមាណ២០០អង្គ/នាក់។

លោកយាយ ហៃ វឿន វ័យ៧០ឆ្នាំជាចាស់ព្រឹទ្ធិចារ្យមួយរូប ដែលផ្តើមគំនិតរៀបចំពិធីបួងសួងសុំទឹកភ្លៀងនេះបានឱ្យដឹងថា ពិធីនេះជាទំនៀមអ្នកភូមិលាងដៃតែងធ្វើមិនដែលរំលងឡើយ គឺរាល់ឆ្នាំដែលក្រមានភ្លៀងឬជាប់គ្រោះរាំងស្ងួតជាដើម។ លោកយាយបន្ថែមថា នៅឆ្នាំនេះសង្កេតឃើញថាមានគ្រោះរាំងស្ងួតខ្លាំង អ្នកភូមិមិនរំពឹងទទួលបានទឹកភ្លៀងច្រើនពេកទេបន្ទាប់ពីរៀបចំពិធីសុំទឹកភ្លៀងរួច តែយ៉ាងណាអ្នកភូមិនៅតែធ្វើដើម្បីបន់អស់បារមីទេវតាថែរក្សាភពផែនដី ឱ្យផ្តល់ទឹកភ្លៀងជួយសង្រ្គោះស្រូវស្រែនិងជីវិតសត្វលោក។

បារមីស័ក្ដិសិទ្ធិនៅប្រាសាទនាគព័ន្ធ បានធ្វើឱ្យអ្នកភូមិនៅទីនោះមានជំនឿជាខ្លាំង ដោយសាររាល់ពេលប្រារព្ធពិធីសុំទឹកភ្លៀងម្ដងៗ គឺតែងមានភ្លៀងធ្លាក់រហូត។ លោកយាយ ហៃ វឿន បញ្ជាក់ថា អំឡុងពេលកំពុងបួងសួងនៅល្ងាចថ្ងៃទី១៣ ស្រាប់តែមានភ្លៀងមួយមេធ្វើឱ្យអ្នកភូមិទទឹកជោកខ្លួនតែម្ដងខណៈដែលពេលមុនៗពុំមានភ្លៀងសោះនោះ។ លោកយាយបន្តថា នៅទីនេះឱ្យតែបន់គឺដឹងតែបាន។

ចំណែកលោកយាយ ឌួង ឆោម អ្នកដឹកនាំរៀបចំពិធីនេះមួយដែរនោះបាននិយាយថា អ្នកភូមិមានជំនឿនឹងពិធីនេះណាស់ ហើយតែងមិនសុខស្រណុកនៅពេលមិនបានធ្វើពិធីនេះ។ លោកយាយថា បុណ្យសុំទឹកភ្លៀងនេះមិនមែនសុំតែទឹកភ្លៀងមួយមុខទេ គឺបន់ស្រន់សុំសេចក្ដីសុខជូនដល់ប្រជារាស្រ្ដខ្មែរទាំងមូលផងដែរ។ ជាមួយគ្នានេះ ក្នុងនាមជាចាស់ទុំមួយរូប និងជាអ្នកប្រឹងប្រែងខំធ្វើពិធីនេះតពីដូចតាមក លោកយាយ ឌួង ឆោម ចង់ឱ្យក្មេងៗជំនាន់ក្រោយ បន្តធ្វើពិធីនេះជាប់រហូតទៅ ដ្បិតថាជាទំនៀមពីបុរាណ ក៏ដូចជាអត្ដសញ្ញាណមួយរបស់អ្នកភូមិលាងដៃនេះផងដែរ។ សម្រាប់ពិធីនេះដែរ បើតាមការពន្យល់របស់លោកយាយ ឌួង ឆោម គឺមានសារសំខាន់ណាស់ដើម្បីបង្ហាញពីស្នាដៃដល់ក្មេងៗជំនាន់ក្រោយក្នុងការអភិរក្សប្រពៃណីពីដូនតាខ្មែរ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរដែលចង់ដឹងចង់ស្វែងយល់ក្នុងពិធីនេះ៕


















អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី    រូបភាព៖ ហ៊ុំ រិទ្ធី
រមណីយដ្ឋានអង្គរមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់ទៅដោយព្រៃឈើ៥.៧៣៧ហិកតា និងដីមិនមានគម្របព្រៃឈើ៣៤.៣៧៨ហិចតា ព្រមទាំងមានប្រាសាទចំនួន៩១។ តាមប្រាសាទនីមួយៗមានដើមឈើដុះចម្រុះលាយឡំគ្នាជាច្រើន នៅក្នុងបរិវេណប្រាសាទទាំងអស់នោះ។ ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់មនុស្ស និងប្រាសាទ ព្រៃឈើក៏អាចបង្កគ្រោះថ្នាក់មួយចំនួនផងដែរ ដូចជា ការដួលរលំ ឬបាក់មែកប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ ឬមនុស្សដែលឆ្លងកាត់ជាដើម។
មួយរយៈកន្លងមកនេះ មានព័ត៌មានមួយចំនួនក្នុងបណ្តាញទំនាក់ទំនងសង្គម និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅបារាយណ៍ខាងលិច មានការមិនសប្បាយចិត្ត ព្រមទាំងរិះគន់យ៉ាងច្រើនមកលើអាជ្ញាធរជាតិអប្សរាថា ការដែលបារាយណ៍រីងស្ងួតទឹកដូច្នេះ មកពីអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកមិនបានល្អ បង្ហូរទឹកចោលខ្ជះខ្ជាយ។
បើនិយាយពីការទុកជុកឬកំប៉ោយឱ្យកូនសម្រាប់ប្រជាជនខ្មែរសម័យនេះ យើងកម្របានឃើញណាស់ ព្រោះការរក្សាទំនៀមទម្លាប់នេះបានថមថយទៅតាមពេលវេលា អ្នកប្រតិបត្តិ ជីវភាព ការវិវត្តនៃបច្ចេកវិទ្យាទំនើប។ល។ ហើយដែលមានសេសសល់តិចតួច ក៏មានតែនៅទីជនបទស្រុកស្រែចម្ការប៉ុណ្ណោះ។ ចំណែកការរៀបចំពិធីក្នុងការកោរផ្តាច់ជុកឬកំប៉ោយចោលវិញ ក៏កាន់តែថមថយ និងរៀបចំដោយសង្ខេបៗទៅតាមធនធានផងដែរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
12266
Yesterday
:
16086
This Week
:
128745
This Month
:
0273187
Total
:
010229334