NEWS

រហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សទី៦០ នឹងមានការជួសជុលឡើងវិញដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាក្រោមជំនួយពីសប្បុរសជន

Published on 16 August 2019 02:03 PM Post By ៖ Apsara National Authority

រហាត់ទឹកឈើដ៏ធំមួយស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយ អមដោយផ្ទះលម្ហែកាយមួយនៅក្បែរនោះ ប៉ុន្តែត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងដោយសារអាយុកាល និងសង្គ្រាមនាសម័យប៉ុលពត។ នេះបើតាមការរៀបរាប់របស់លោក ម៉ៃ មួន ដែលជាអតីតអ្នកគ្រប់គ្រងរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ដែលសព្វថ្ងៃបម្រើការនៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។

លោក ម៉ៃ មួន បន្តថា ចូលដល់សម័យខ្មែរក្រហម រហាត់ទឹកនេះក៏បានខូចខាតទាំងស្រុង តែក៏ត្រូវបានរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការសាងសង់ឡើងវិញនៅចុងទស្សវត្សរ៍ទី៨០ ប៉ុន្តែមិនមានផ្ទះលម្ហែកាយដូចមុនទេ ដើម្បីទាញទឹកពីស្ទឹងសៀមរាបមកស្រោចស្រពកូនឈើនៅក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវដែលខ្លួនគ្រប់គ្រង។

ក្រោយមក ពេលអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រហាត់ទឹកនិងសួនបណ្តុះកូនឈើប្រាសាទតាកែវ ត្រូវបានប្រគល់សិទ្ធិគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាជំនួសរដ្ឋបាលព្រៃឈើខេត្តសៀមរាប។ ក្នុងដំណាក់កាលគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រហាត់ទឹកនេះ ក៏មានការជួសជុលដោយសហការជាមួយជប៉ុន និងសាលាសង្កាត់នគរធំ និងមានដំណើរការផ្គត់ផ្គត់ទឹកសម្រាប់ស្រោចកូនឈើបានតិចតួចប៉ុណ្ណោះ ព្រោះរហាត់ធំ ឯទឹកស្ទឹងមានតិច។ តែបច្ចុប្បន្ន រហាត់ទឹកនេះ បានរងនូវការខូចខាតជាដំណំ សល់តែរូបរាងពុកផុយមិនអាចដំណើរការបានតែម្តង។

ដោយមើលឃើញពីតម្លៃដ៏មានសារៈសំខាន់ក្នុងការទាញយកពីទឹកស្ទឹងសៀមរាប មកស្រោចស្រពកូនឈើនៅសួនបណ្តុះកូនឈើប្រាសាទតាកែវ និងជាការអត្តសញ្ញាណមួយនៃខេត្តសៀមរាបតាមរយៈប្រវត្តិនៃរហាត់ទឹកនេះ រួមនឹងតម្រូវការផ្សេងៗជាប្រយោជន៍ក្នុងការទាក់ទាញភ្ញៀវទេសជាតិ និងអន្តរជាតិផងនោះ ព្រះតេជគុណព្រះសទ្ធម្មប្បកាសេនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសានិងអាជ្ញាធរជាតិអប្សរា បានស្នើសុំដល់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ សុំជួយជួសជុលរហាត់ទឹកនេះឡើងវិញ។

ជាកិច្ចឆ្លើយតប លោកជំទាវ ក៏បានទទួលយកសំណើរជួសជុលដើម្បីឱ្យរហាត់ទឹកនេះដំណើរការឡើងវិញ ហើយក៏បានស្នើសុំឱ្យខាងអាជ្ញាធរជាតិអប្សរា សិក្សានិងពិភាក្សាអំពីតម្លៃក្នុងការជួសជុល រួមទាំងសម្ភារៈដែលត្រូវយកមកប្រើប្រាស់ឱ្យបានគង់វង្សយូរអង្វែង។

អាជ្ញាធរជាតិអប្សរាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការរួមចំណែករបស់លោកជំទាវ ឧកញ៉ា សៀង ចាន់ហេង រួមទាំងព្រះតេជគុណព្រះសទ្ធម្មប្បកាសេនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា ក្នុងការកសាងសមិទ្ធិផលក្នុងតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរាសម្រាប់ជាប្រយោជន៍ដល់ជនរួមជាតិគ្រប់ជំនាន់៕






















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី កែសម្រួល៖ កញ្ញា ហ៊ីង ស្រីរ័ត្ន 
រូបភាព៖ លោក ហាប់ គឹមអាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យ
ក្រុមអភិរក្សនិងជួសជុលវត្ថុសិល្បៈ (I.T.A.L.I.A) នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានប្រគល់វត្ថុសិល្បៈចំនួន៤០ប្រភេទ ដែលក្នុងនោះមានលោហៈចំនួន៣៦ និងកុលាលភាជន៍ចំនួន៤ ពីមន្ទីរពិសោធន៍នៃក្រុមអភិរក្សនិងជួសជុលវត្ថុសិល្បៈ (I.T.A.L.I.A) នៅក្នុងអភិរក្សដ្ឋានអង្គរ ជូនទៅវត្តរាជបូព៌វិញ។
អាជ្ញាធរជាតិអប្សរា សូមសម្ដែងនូវការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ក្នុងឱកាសដែល កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្ដរជាតិល្អបំផុត (Best Destination-Heritage International) ដែលផ្តល់ដោយសមាគមអ្នកសរសេរអំពីការធ្វើដំណើរក្នុងតំបន់ប៉ាស៊ីហ្វិក (Pacific Area Travel Writers Association-PATWA)។
នាព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការីជំនាញ បានចុះពិនិត្យកិច្ចការអភិរក្សនិងការអភិវឌ្ឍនៅក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។
នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ បានរៀបចំពិធីបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំបេតិកភណ្ឌដល់សិក្ខាកាមចំនួន២២នាក់ មពីនាយកដ្ឋានជំនាញចំនួន៨ រួមមានមាន៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គ រដ្ឋបាលនិងបុគ្គលិក អភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ អភិវឌ្ឍន៍កសិកម្មនិងសហគមន៍ អភិរក្សប្រាសាទក្រៅឧទ្យានអង្គរ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ផ្សព្វផ្សាយ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ក្រោមអធិបតីភាពឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ទេសភាពបៃតង សណ្ដាប់ធ្នាប់សាធារណៈមុខបរិវេណប្រាសាទអង្គរវត្តដែលកិច្ចការទាំងនេះផ្តោតទៅលើការបញ្ជៀសការដក់ទឹកក្នុងរដូវវស្សា ការពង្រីកវាលស្មៅបៃតង ការដាំកូនឈើប្រណិត ការរៀបចំអ្នកលក់ដូរចល័ត ការរៀបចំឲ្យចូលទៅចតក្នុងទីតាំងចំណត និងបញ្ឈប់ការចតឬឈប់រថយន្តឬរម៉កកង់បីក្រៅទីតាំងចំណត។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
1838
Yesterday
:
1770
This Week
:
08404
This Month
:
0003608
Total
:
010591706