NEWS

រហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សទី៦០ នឹងមានការជួសជុលឡើងវិញដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាក្រោមជំនួយពីសប្បុរសជន

Published on 16 August 2019 02:03 PM Post By ៖ Apsara National Authority

រហាត់ទឹកឈើដ៏ធំមួយស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយ អមដោយផ្ទះលម្ហែកាយមួយនៅក្បែរនោះ ប៉ុន្តែត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងដោយសារអាយុកាល និងសង្គ្រាមនាសម័យប៉ុលពត។ នេះបើតាមការរៀបរាប់របស់លោក ម៉ៃ មួន ដែលជាអតីតអ្នកគ្រប់គ្រងរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ដែលសព្វថ្ងៃបម្រើការនៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។

លោក ម៉ៃ មួន បន្តថា ចូលដល់សម័យខ្មែរក្រហម រហាត់ទឹកនេះក៏បានខូចខាតទាំងស្រុង តែក៏ត្រូវបានរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការសាងសង់ឡើងវិញនៅចុងទស្សវត្សរ៍ទី៨០ ប៉ុន្តែមិនមានផ្ទះលម្ហែកាយដូចមុនទេ ដើម្បីទាញទឹកពីស្ទឹងសៀមរាបមកស្រោចស្រពកូនឈើនៅក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវដែលខ្លួនគ្រប់គ្រង។

ក្រោយមក ពេលអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រហាត់ទឹកនិងសួនបណ្តុះកូនឈើប្រាសាទតាកែវ ត្រូវបានប្រគល់សិទ្ធិគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាជំនួសរដ្ឋបាលព្រៃឈើខេត្តសៀមរាប។ ក្នុងដំណាក់កាលគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រហាត់ទឹកនេះ ក៏មានការជួសជុលដោយសហការជាមួយជប៉ុន និងសាលាសង្កាត់នគរធំ និងមានដំណើរការផ្គត់ផ្គត់ទឹកសម្រាប់ស្រោចកូនឈើបានតិចតួចប៉ុណ្ណោះ ព្រោះរហាត់ធំ ឯទឹកស្ទឹងមានតិច។ តែបច្ចុប្បន្ន រហាត់ទឹកនេះ បានរងនូវការខូចខាតជាដំណំ សល់តែរូបរាងពុកផុយមិនអាចដំណើរការបានតែម្តង។

ដោយមើលឃើញពីតម្លៃដ៏មានសារៈសំខាន់ក្នុងការទាញយកពីទឹកស្ទឹងសៀមរាប មកស្រោចស្រពកូនឈើនៅសួនបណ្តុះកូនឈើប្រាសាទតាកែវ និងជាការអត្តសញ្ញាណមួយនៃខេត្តសៀមរាបតាមរយៈប្រវត្តិនៃរហាត់ទឹកនេះ រួមនឹងតម្រូវការផ្សេងៗជាប្រយោជន៍ក្នុងការទាក់ទាញភ្ញៀវទេសជាតិ និងអន្តរជាតិផងនោះ ព្រះតេជគុណព្រះសទ្ធម្មប្បកាសេនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសានិងអាជ្ញាធរជាតិអប្សរា បានស្នើសុំដល់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ សុំជួយជួសជុលរហាត់ទឹកនេះឡើងវិញ។

ជាកិច្ចឆ្លើយតប លោកជំទាវ ក៏បានទទួលយកសំណើរជួសជុលដើម្បីឱ្យរហាត់ទឹកនេះដំណើរការឡើងវិញ ហើយក៏បានស្នើសុំឱ្យខាងអាជ្ញាធរជាតិអប្សរា សិក្សានិងពិភាក្សាអំពីតម្លៃក្នុងការជួសជុល រួមទាំងសម្ភារៈដែលត្រូវយកមកប្រើប្រាស់ឱ្យបានគង់វង្សយូរអង្វែង។

អាជ្ញាធរជាតិអប្សរាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការរួមចំណែករបស់លោកជំទាវ ឧកញ៉ា សៀង ចាន់ហេង រួមទាំងព្រះតេជគុណព្រះសទ្ធម្មប្បកាសេនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា ក្នុងការកសាងសមិទ្ធិផលក្នុងតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរាសម្រាប់ជាប្រយោជន៍ដល់ជនរួមជាតិគ្រប់ជំនាន់៕






















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី កែសម្រួល៖ កញ្ញា ហ៊ីង ស្រីរ័ត្ន 
រូបភាព៖ លោក ហាប់ គឹមអាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យ
មកដល់ពេលនេះ ក្រុមការងារជួសជុលកែលម្អផ្លូវថ្នល់នៃអាជ្ញាធរជាតិអប្សរាកំពុងយកចិត្តទុកដាក់លើដំណើរការជួសជុលកែលម្អផ្លូវវង់ធំ នៅចំណុចមុខប្រាសាទបន្ទាយក្តី ឆ្ពោះទៅស្រះស្រង់ដែលមានប្រវែង ១៤០០ ម៉ែត្រ និងទទឹង ៦ទៅ៩ម៉ែត្រ បានចំនួន៨០ភាគរយហើយ ដែលបច្ចុប្បន្នក្រុមការងារបាននិងកំពុងក្រាលថ្ម បុកបង្ហាប់គ្រឹះទៅតាមបច្ចេកទេស និងធ្វើស្មាផ្លូវចុះទៅស្រះស្រង់ដើម្បីការពារទឹកហូរច្រោះពេលមានភ្លៀងធ្លាក់ និងលើកសោភណ្ឌភាពមាត់កសិន្ធុស្រះស្រង់ឱ្យកាន់តែល្អប្រសើរ ហើយត្រៀមនឹងក្រាលកៅស៊ូនាពេលខាងមុខឆាប់នេះ៕
បន្ទាប់ពីបញ្ចប់គម្រោងអភិរក្សដំណាក់កាលទី១ នៅខែកក្កដា ឆ្នាំ២០១៩ លើកម្មវិធីសិក្សាស្រាវជ្រាវឯកសារ ចុះបញ្ជីថ្មរាយប៉ាយ រកថ្មនិងរៀបផ្គុំសាកល្បង ធ្វើសម្រង់ប្លង់ និងការរុះរើថ្ម (តួប្រាសាទទាំងស្រុងចាប់ពីដំបូលរហូតដល់គ្រឹះ) រួចរាល់កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ ពេលនេះក្រុមការងារកំពុងបន្តគម្រោងដំណាក់កាលទី២ (ឆ្នាំ២០២០) ដោយចាប់ផ្តើមជួសជុលពង្រឹងគ្រឹះ រៀបផ្គុំថ្មខឿន និងតួប្រាសាទវិញរហូតដល់ស្រទាប់ទី១៥ (ត្រឹមធ្នឹមទ្វារ) ហើយគម្រោងដំណាក់កាលទី៣ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១។
ដំណើរទេសចរណ៍របស់ភ្ញៀវទេសចរនៅតែមានជាប្រក្រតីក្នុងរមណីយដ្ឋានអង្គរ។ យើងឃើញថា ភ្ញៀវទេសចរទាំងនោះហាក់មានការយល់ដឹង ការថែទាំសុខភាព និងមិនមានការភ័យខ្លាចក្នុងដំណើរកម្សាន្តដ៏អស្ចារ្យមកកាន់ តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាខេត្តសៀមរាបឡើយ។
នៅរសៀលថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដោយមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកពាក់ព័ន្ធនៅតាមនាយកដ្ឋាននីមួយៗ ក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា ដើម្បីប្រជុំពិភាក្សាស្តីពីការកាត់បន្ថយការចំណាយនៅតាមផ្នែករបស់ខ្លួនរៀងៗខ្លួន។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
1604
Yesterday
:
1770
This Week
:
08170
This Month
:
0003374
Total
:
010591472