NEWS

សិស្សានុសិស្សសាលាបឋមសិក្សាស្រះស្រង់ទស្សនកិច្ចសិក្សានៅសិប្បកម្មអង្គរ(Artisans d’Angkor)

Published on 15 August 2019 04:02 PM Post By ៖ Apsara National Authority

តាមរយៈកម្មវិធីអប់រំបេតិកភណ្ឌកុមារតំបន់អង្គរ កុមារសាលាបឋមសិក្សាស្រះស្រង់ប្រមាណ៧០នាក់ចុះទស្សនសិក្សាស្វែងយល់បន្ថែមអំពីចង្វាក់ផលិតកម្មចម្លាក់ឈើ ចម្លាក់ថ្មកែវ ថ្មភក់ ចម្លាក់ស្ពាន់ ចម្លាក់បិទមាស គំនូរលើសូត្រ លើក្តារ កុលាលភាជន៍ និងតម្បាញសូត្រដែលធ្វើដោយដៃនៅសិប្បកម្មអង្គរ ហៅកាត់ថា (Artisans d’Angkor) ដើម្បីឱ្យកុមារយល់ដឹងដំណើរការផលិតវត្ថុសិល្បៈ ដែលជាផ្នែកមួយបញ្រ្ជាបចំណេះដឹងឱ្យកុមារចូលរួមថែរក្សា និងលើកតម្លៃសម្បត្តិបេតិកភណ្ឌ។

កម្មវិធីនេះជាផ្នែកមួយក្នុងកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់អប់រំដល់កុមារដែលបានផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីបេតិកភណ្ឌ សិក្សាទ្រឹស្តីក្នុងថ្នាក់ និងចុះសិក្សាតាមរមណីយដ្ឋាននានា ដឹកនាំដោយក្រុមការងារអប់រំបេតិកភណ្ឌ សហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការគាំពារកេរមរតក កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

លោកស្រី ដួង សុភាព នាយកគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុនចម្រុះសិប្បកម្មអង្គរ ឱ្យដឹងថា នេះជាលើកទីមួយហើយដែលកុមារបានមកធ្វើទស្សនកិច្ចសិក្សា កត្តានេះពិតជាសំខាន់ណាស់អាចបញ្រ្ជាបចំណេះដឹងពាក់ព័ន្ធនឹងសម្បត្តិបេតិភណ្ឌដល់កុមារ ដោយហេតុថាសិប្បកម្មអង្គរជាកន្លែងផលិតវត្ថុអនុស្សាវរីយ៍ហើយវត្ថុសិល្បៈទាំងនោះដកស្រង់ប្រវត្តិសាស្រ្ត ប្រាង្គប្រាសាទនានា និងបរិស្ថាន។ អ្នកស្រីបញ្ចាក់ថា ក្រៅពីទស្សនាតាមប្រាសាទនានាអង្គរ នៅទីនេះក៏ជាកន្លែងសំខាន់សម្រាប់ភ្ញៀវដែលចង់មកឃើញសកម្មភាពពិតៗរបស់សិប្បករបានបញ្ចេញនូវស្នាដៃ ធ្វើដោយដៃ បង្ហាញថាខ្មែរយើងមានសមត្ថភាពដូចដូនតាសាងអង្គរវត្តដែរ។ លោកស្រីស្វាគមន៍ជានិច្ចគ្រប់ជាតិសាសន៍ដែលចង់មកទស្សនា ជាពិសេសកូនខ្មែរដែលចង់ស្វែងយល់ពីសិប្បកម្មផលិតដោយដៃ និងដោយស្នាដៃកូនខ្មែរជំនាន់ថ្មី។

លោក ខៀវ ច័ន្ទ ជាគ្រូបណ្តុះបណ្តាលក្នុងកម្មវិធីអប់រំបេតិកភណ្ឌ លើកឡើងថា ឆ្នាំនេះមានអាទិភាពពិសេសដែលភាគីសិប្បកម្មអង្គរ និងជាសប្បុរសជនមួយក្នុងខេត្តសៀមរាបបានអនុញ្ញាតសិស្សមកទស្សនកិច្ចសិក្សា ប្រការនេះដូចបានតម្រង់ទិសដល់កុមារទៅថ្ងៃអនាគត ក្នុងករណីសិស្សណាម្នាក់គ្នានលទ្ធភាពបន្តការសិក្សាពួកគាត់អាចចាប់យកជំនាញណាមួយដែលខ្លួនពេញចិត្ត។

លោកបន្តថា អ្វីដែលសំខាន់នោះធ្វើឱ្យកុមារមកឃើញទិដ្ឋភាពនៃរោងជាង ការដាប់ឆ្លាក់តាំងពីជំហានដំបូងរហូតដល់ចប់ទទួលបានផលិតផលសម្រេច។ លោកជឿជាក់ថា កុមារពិតជាយល់តម្លៃរូបនីមួយៗ ថាមុននឹងបានរូបមួយៗគេត្រូវចំណាយអ្វីខ្លះ កត្តានេះអាចធ្វើឱ្យកុមារចេះគិត កាត់បន្ថយការបំផ្លាញដោយចេតនា ឬអចេតនាពេលទៅទស្សនាប្រាសាទ និងចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌទាំងលើដី និងក្រោមដី៕
















អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក យី សុថា
យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន១៩៥៩គ្រួសារ ។
ក្រុមការងារនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ប្រចាំច្រកទាំង៦របស់អាជ្ញាធរជាតិអប្សរា បានអនុញ្ញាត ឱ្យប្រជាពលរដ្ឋធ្វើលំនៅដ្ឋាននិងជួសជុលតិចតួចចំនួន២១ករណី ក្នុងចំណោម ពាក្យស្នើសុំទាំងអស់ចំនួន៤៩ករណី នាក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមិថុនាឆ្នាំ ២០២០។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងត្រៀមរៀបចំការងារមួយចំនួន នៅតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ សកម្មភាពនេះ ជាយន្តការក្នុងការជំរុញឱ្យការងារទាំងឡាយប្រព្រឹត្តដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀតឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនគ្រប់ក្រសួងស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ តទៅ អាជ្ញាធរជាតិអប្សរានឹងប្រើប្រាស់ត្រាស្ថាប័នថ្មី ជំនួសត្រាស្ថាប័នចាស់ដូចមានគម្រូខាងក្រោម។ ដើម្បីបានព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
0220
Yesterday
:
14627
This Week
:
117687
This Month
:
0234986
Total
:
011697582