ព័ត៌មានថ្មីៗ

យុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក-យូណេស្កូ ២០១៩ ចំនួន៨ប្រទេសចុះកម្មសិក្សាស្វែងយល់អំពីកិច្ចការអភិរក្សនិងគ្រប់គ្រងតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 09 ខែ សីហា ឆ្នាំ2019 09:15 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សម្រាប់ឆ្នាំ២០១៩ គឺជាលើកទី៣ហើយនៃកម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក-យូណេស្កូ នៅរមណីយដ្ឋានអង្គរ ដែលមានយុវជនចូលរួម១៨នាក់ មកពី៨ប្រទេស គឺកម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងចិន។ កម្មវិធីនេះមានរយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីសិក្សានិងទទួលបទពិសោធន៍អំពីការងារអភិរក្សនិងគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា។

ពិធីនេះបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែសីហា ក្រោមវត្តមានឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ី កុសល តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប និងអ្នកស្រី Boram SHIN នាយកវិទ្យាស្ថានកូរ៉េ-អង្គរ ដើម្បីបេតិកភណ្ឌ (KACHI)។

មានមតិទៅកាន់កម្មវិធី អ្នកស្រី Boram SHIN បានឱ្យដឹងថា កម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌយូណេស្កូឆ្នាំ២០១៩ បានរៀបចំឡើងដោយកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ។ កម្មវិធីនេះធ្វើឡើងក្នុងបំណងបង្កើនការយល់ដឹងនិងពង្រឹងការចូលរួមរបស់យុវជននៅថ្នាក់មូលដ្ឋាននិងពិភពលោកទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌និងបេតិកភណ្ឌធម្មជាតិ។

អ្នកស្រីបន្តទៀតថា សម្រាប់យុទ្ធនាការអ្នកស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកឆ្នាំ២០១៩ មានគម្រោងចំនួន៦៨ទាក់ទងនឹងបេតិកភណ្ឌចំនួន៦២ ក្នុងប្រទេសចំនួន៣៦ ហើយមានអង្គភាពយុវជនស្ម័គ្រចិត្តចំនួន៥៥ អាយុចន្លោះពី១៨ទៅ៣០ឆ្នាំ ដែលបានប្តេជ្ញាអនុវត្តសកម្មភាពឆ្ពោះទៅកាន់គោលដៅរួមនៃការអភិរក្សនិងផ្សព្វផ្សាយ។ អ្នកស្រីក៏បានសម្តែងការអរគុណដល់អាជ្ញាធរជាតិអប្សរា ស.ស.យ.ក.ខេត្តសៀមរាប និងអង្គការយូណេស្កូដែលគាំទ្រគម្រោងយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកលើកទី៣ឱ្យដំណើរការបានយ៉ាងរលូន ហើយសង្ឃឹមថារយៈពេល២សប្តាហ៍នេះ នឹងធ្វើឱ្យសិក្ខាកាមទាំង១៧នាក់ទទួលបានបទពិសោធន៍និងការចងចាំដ៏ល្អពីអង្គរ។

ជួសមុខឱ្យថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ សង្វារ ក៏បានលើកឡើងពីគុណតម្លៃដ៏អស្ចារ្យនៃអង្គរ ដែលជាបុរាណដ្ឋានដ៏ធំមួយនៅក្នុងចំណោមបុរាណដ្ឋានល្បីៗលើពិភពលោក។ អង្គរ មានគម្រោងស្រាវជ្រាវជាច្រើនទាក់ទងនឹងសំណង់ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និងរបកគំហើញផ្សេងៗដែលបានបកសា្រយតាមបែបវិទ្យាសាស្ត្រគួរឱ្យកត់សម្គាល់។ ក្រៅពីនេះ អង្គរគឺជាដួងព្រលឹងនៃជនជាតិខ្មែរ ដែលសម្បូរទៅដោយមរតកវប្បធម៌រូបីនិងអរូបីជាច្រើន ហើយនៅតែមានការគោរពប្រតិបត្តិរហូតដល់សព្វថ្ងៃនិងបណ្តុះគំនិតនៃការគោរព ថែរក្សាអង្គររបស់ប្រជាជនក្នុងនោះជាស្រេច។

តាមរយៈការងារស្ម័គ្រចិត្តលើការងារបេតិភណ្ឌផ្ទាល់ ការចុះជួបសហគមន៍ និងស្តាប់បទបង្ហាញពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាលើផ្នែកផ្សេងៗ ឯកឧត្តមជឿជាក់ថា យុវជននឹងមានការយល់ដឹងកាន់តែច្បាស់អំពីបេតិកភណ្ឌ ស្រឡាញ់បេតិកភណ្ឌ គោរពបេតិកភណ្ឌ ហើយនឹងចូលរួមថែរក្សាបេតិកភណ្ឌគ្រប់ៗគ្នា។ ជាពិសេស សកម្មភាពនេះក៏នឹងបង្ហាញភាពជាគំរូដល់យុវជន និងសាធារណជនដទៃទៀត ឱ្យបណ្តុះស្មារតីគោរពស្រឡាញ់ និងចូលរួមការពារបេតិកភណ្ឌទាំងអស់គ្នា៕




















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន          រូបភាព៖ លោក ហាប់ គឹមអាន
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា មុនរដូវវស្សាឆ្នាំនេះចូលមកដល់ ក្រុមការងារបានចុះពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង និងលូរំដោះទឹក និងបានស្តារសម្អាតឡើងវិញនូវកកកំណកដីដែលអាចធ្វើឱ្យស្ទះដល់លំហូរទឹកបាន។
ដូចសព្វមួយដង ឱ្យតែមានគ្រោះរាំងស្ងួត ឬខ្សត់ភ្លៀង អ្នកភូមិលាងដៃ បានកៀងគរគ្នាដើម្បីរៀបចំប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនៅបរិវេណប្រាសាទនាគព័ន្ធដែលជាទំនៀមពីបុរាណ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៣ និង១៤ ខែសីហា ដោយមានអ្នកចូលរួមប្រមាណ២០០អង្គ/នាក់។
រហាត់ទឹកឈើដ៏ធំមួយស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយ អមដោយផ្ទះលម្ហែកាយមួយនៅក្បែរនោះ ប៉ុន្តែត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងដោយសារអាយុកាល និងសង្គ្រាមនាសម័យប៉ុលពត។ នេះបើតាមការរៀបរាប់របស់លោក ម៉ៃ មួន ដែលជាអតីតអ្នកគ្រប់គ្រងរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ដែលសព្វថ្ងៃបម្រើការនៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។
តាមរយៈកម្មវិធីអប់រំបេតិកភណ្ឌកុមារតំបន់អង្គរ កុមារសាលាបឋមសិក្សាស្រះស្រង់ប្រមាណ៧០នាក់ចុះទស្សនសិក្សាស្វែងយល់បន្ថែមអំពីចង្វាក់ផលិតកម្មចម្លាក់ឈើ ចម្លាក់ថ្មកែវ ថ្មភក់ ចម្លាក់ស្ពាន់ ចម្លាក់បិទមាស គំនូរលើសូត្រ លើក្តារ កុលាលភាជន៍ និងតម្បាញសូត្រដែលធ្វើដោយដៃនៅសិប្បកម្មអង្គរ ហៅកាត់ថា (Artisans d’Angkor) ដើម្បីឱ្យកុមារយល់ដឹងដំណើរការផលិតវត្ថុសិល្បៈ ដែលជាផ្នែកមួយបញ្រ្ជាបចំណេះដឹងឱ្យកុមារចូលរួមថែរក្សា និងលើកតម្លៃសម្បត្តិបេតិកភណ្ឌ។
ដើម្បីចូលរួមលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាពបៃតងក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើន អាជ្ញាធរជាតិអប្សរាបាននឹងកំពុងកែប្រែទីតាំងអតីតចំណតបណ្ដោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យក្លាយជាវាលស្មៅបៃតង និងដាំកូនឈើឡើងវិញជុំវិញបរិវេណនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
4359
ម្សិលមិញ
:
4193
សប្តាហ៍នេះ
:
14841
ខែនេះ
:
0082450
សរុប
:
008926593