ព័ត៌មានថ្មីៗ

សិក្ខាកាម៤ប្រទេសក្នុងតំបន់អាស៊ានចូលរួមសិក្ខាសាលាស្តីអំពី «យុវជននិងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌»

បានផ្សាយនៅ ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ2019 08:43 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងគោលបំណងជំរុញស្មារតីស្រលាញ់ ចូលរួមថែរក្សា បង្កើនការយល់ដឹងអំពីកិច្ចការគ្រប់គ្រងសម្បត្តិបេតិភណ្ឌវប្បធម៌ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក យុវជនមកពីកម្ពុជា ថៃ វៀតណាម ឡាវ បានចូលរួមសិក្ខាសិលាស្តីអំពី «យុវជននិងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ សិក្ខាសាលានេះរៀបចំដោយគណៈកម្មាធិការយូណេស្កូជាតិកម្ពុជា ដោយសហការជាមួយអាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកសាស្រ្តាចារ្យ Azedine Beschaouch ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖ ជោគជ័យរបស់កម្ពុជាក្នុងវិស័យបេតិកភណ្ឌគឺការបណ្តុះបណ្តាលយុវជន ព្រោះបច្ចុប្បន្នអ្នកជំនាញខ្មែរមានសមត្ថភាពពេញលេញអាចធ្វើការជាមួយអន្តរជាតិបាន។ ដូច្នេះ សូមយុវជនយកចិត្តទុកដាក់រៀនសូត្រដើម្បីបន្តវេនជាបន្តទៀត ព្រោះថាតំបន់អង្គរមិនត្រឹមជាសម្បត្តិបេតិកភណ្ឌពិភពលោក ឬគ្រាន់ជាប្រាសាទធម្មតានោះទេ តែជាព្រលឹងជាតិខ្មែរទាំងមូល ដែលយុវជនខ្មែរត្រូវស្វែងយល់កិច្ចការបេតិកភណ្ឌឱ្យបានទូលំទូលាយ និងយល់ច្បាស់លាស់ពីតម្លៃព្រលឹងជាតិខ្មែរ។

ក្នុងនាមជាប្រធានយុវជនវិស័យបេតិកភណ្ឌនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា៖ នេះមិនមែនជាលើកទីមួយទេដែលស.ស.យ.ក. បានសហការជាមួយស្ថាប័នផ្សេងៗដើម្បីបណ្តុះបណ្តាលយុវជនឱ្យយល់ដឹងពីបេតិកភណ្ឌ កីឡា និងកិច្ចការសំខាន់ៗផ្សេងៗគ្រប់វិស័យនៅក្នុងសង្គម ដើម្បីផ្តល់ឱ្យយុវជនមានការយល់ដឹងនូវការងារដែលត្រូវបន្តវេនពីអ្នកជំនាន់មុន។

អគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា ឯកឧត្តម លឹម ប៊ុនហុក ក៏បានលើកឡើងក្នុងឱកាសដែលយុវជនទាំងអស់នឹងទទួលបានតាមរយៈការសិក្សារៀនសូត្រនិងបទពិសោធន៍ពីអ្នកជំនាញជាន់មុនៗ ព្រោះថាអ្នកជំនាញទាំងនោះមិនអាចនៅជាយូរអង្វែងបានឡើយ មានតែយុវជនប៉ុណ្ណោះដែលអាចបន្តការងារនេះ ប្រៀបបានជាទំពាំងស្នងឫស្សី។

សូមបញ្ជាក់ដែរថា សិក្ខាកាមជាតិ-អន្តរជាតិដែលបានចូលរួមមានចំនួនសរុប២០រូប មកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក យុវជនស.ស.យ.ក. រមណីយដ្ឋានវត្តភូប្រទេសឡាវ រមណីយដ្ឋានមីសឺង ប្រទេសវៀតណាម រមណីយដ្ឋានសុខោទ័យ និងក្រុងរណបនៃរមណីយដ្ឋានវាំងឃុំខាម ប្រទេសថៃ៕

















អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក ហ៊ុំ រិទ្ធី
ប្រាសាទទន្លេស្ងួត គឺជាមន្ទីរពេទ្យបុរាណកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ និងដើមទី១៣។ បច្ចុប្បន្ន ប្រាសាទនេះរងនូវការខូចខាតជាខ្លាំង ដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងកាត់យកចេញនូវដើមឈើដែលដុះលើតួប្រាសាទ និងដំណើរការរុះរើថ្មប្រាសាទទន្លេស្ងួត ដើម្បីធ្វើការអភិរក្សនិងជួសជុលពង្រឹងឡើងវិញ។
យោងតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ឱ្យមានការកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ទើបអាជ្ញាធរជាតិអប្សរាបានប្រកាសរកនិស្សិតដែលមានសមត្ថភាពបញ្ចេញស្នាដៃលើគម្រោងកែលម្អផ្លូវនេះដែលបញ្ចូលទាំងគំនិតអភិវឌ្ឍន៍និងអភិរក្ស។
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ផ្នែកព័ត៌មានវិទ្យាជំនាន់ទី១ និងទី២ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងារទូទៅរបស់អាជ្ញាធរជាតិអប្សរា។ ទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងបំណងដើម្បីស្វែងយល់ពីការគ្រប់គ្រងទូទៅរបស់អាជ្ញាធរជាតិអប្សរា។
តាមរយៈការស្នើសុំរបស់សាលាសង្កាត់ស្លរក្រាម រួមទាំងព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ នៅពីថ្ងៃទី០១ ខែកញ្ញា ឆ្នំា២០១៩ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានអនុវត្តការងារកាត់ក្រៃមែកឈើ និងកាប់ដើមឈើដែលមានហានិភ័យខ្ពស់នៅជុំវិញបរិវេណវត្តព្រះឥន្ទកោសីយ៍។
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា កងកម្លាំងមានសមត្ថកិច្ច ក្រសួង មន្ទីរចំណុះឲ្យរដ្ឋ សិស្សានុសិស្ស សសយក កាកបាទក្រហម និងប្រជាពលរដ្ឋជាច្រើយរយនាក់ បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើចំនួន១៧១៧៩ដើមនៅលើភ្នំគូលែន ក្រោមប្រធានបទ «សៀមរាបផ្ទះខ្ញុំ ភ្នំគូលែនខ្ញុំ» ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ នាភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
11921
ម្សិលមិញ
:
13042
សប្តាហ៍នេះ
:
11921
ខែនេះ
:
0094876
សរុប
:
009054447