ព័ត៌មានថ្មីៗ

សិក្ខាកាម៤ប្រទេសក្នុងតំបន់អាស៊ានចូលរួមសិក្ខាសាលាស្តីអំពី «យុវជននិងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌»

បានផ្សាយនៅ ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ2019 08:43 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងគោលបំណងជំរុញស្មារតីស្រលាញ់ ចូលរួមថែរក្សា បង្កើនការយល់ដឹងអំពីកិច្ចការគ្រប់គ្រងសម្បត្តិបេតិភណ្ឌវប្បធម៌ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក យុវជនមកពីកម្ពុជា ថៃ វៀតណាម ឡាវ បានចូលរួមសិក្ខាសិលាស្តីអំពី «យុវជននិងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ សិក្ខាសាលានេះរៀបចំដោយគណៈកម្មាធិការយូណេស្កូជាតិកម្ពុជា ដោយសហការជាមួយអាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកសាស្រ្តាចារ្យ Azedine Beschaouch ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖ ជោគជ័យរបស់កម្ពុជាក្នុងវិស័យបេតិកភណ្ឌគឺការបណ្តុះបណ្តាលយុវជន ព្រោះបច្ចុប្បន្នអ្នកជំនាញខ្មែរមានសមត្ថភាពពេញលេញអាចធ្វើការជាមួយអន្តរជាតិបាន។ ដូច្នេះ សូមយុវជនយកចិត្តទុកដាក់រៀនសូត្រដើម្បីបន្តវេនជាបន្តទៀត ព្រោះថាតំបន់អង្គរមិនត្រឹមជាសម្បត្តិបេតិកភណ្ឌពិភពលោក ឬគ្រាន់ជាប្រាសាទធម្មតានោះទេ តែជាព្រលឹងជាតិខ្មែរទាំងមូល ដែលយុវជនខ្មែរត្រូវស្វែងយល់កិច្ចការបេតិកភណ្ឌឱ្យបានទូលំទូលាយ និងយល់ច្បាស់លាស់ពីតម្លៃព្រលឹងជាតិខ្មែរ។

ក្នុងនាមជាប្រធានយុវជនវិស័យបេតិកភណ្ឌនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា៖ នេះមិនមែនជាលើកទីមួយទេដែលស.ស.យ.ក. បានសហការជាមួយស្ថាប័នផ្សេងៗដើម្បីបណ្តុះបណ្តាលយុវជនឱ្យយល់ដឹងពីបេតិកភណ្ឌ កីឡា និងកិច្ចការសំខាន់ៗផ្សេងៗគ្រប់វិស័យនៅក្នុងសង្គម ដើម្បីផ្តល់ឱ្យយុវជនមានការយល់ដឹងនូវការងារដែលត្រូវបន្តវេនពីអ្នកជំនាន់មុន។

អគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា ឯកឧត្តម លឹម ប៊ុនហុក ក៏បានលើកឡើងក្នុងឱកាសដែលយុវជនទាំងអស់នឹងទទួលបានតាមរយៈការសិក្សារៀនសូត្រនិងបទពិសោធន៍ពីអ្នកជំនាញជាន់មុនៗ ព្រោះថាអ្នកជំនាញទាំងនោះមិនអាចនៅជាយូរអង្វែងបានឡើយ មានតែយុវជនប៉ុណ្ណោះដែលអាចបន្តការងារនេះ ប្រៀបបានជាទំពាំងស្នងឫស្សី។

សូមបញ្ជាក់ដែរថា សិក្ខាកាមជាតិ-អន្តរជាតិដែលបានចូលរួមមានចំនួនសរុប២០រូប មកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក យុវជនស.ស.យ.ក. រមណីយដ្ឋានវត្តភូប្រទេសឡាវ រមណីយដ្ឋានមីសឺង ប្រទេសវៀតណាម រមណីយដ្ឋានសុខោទ័យ និងក្រុងរណបនៃរមណីយដ្ឋានវាំងឃុំខាម ប្រទេសថៃ៕

















អត្ថបទ៖ លោក យី សុថា រូបភាព៖ លោក ហ៊ុំ រិទ្ធី
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងសូហ្វីយ៉ានៃសាធារណរដ្ឋប៊ុលការីមានរៀបចំសមាជអន្តរជាតិស្តីពី “អរិយធម៌ពិភពលោក និងការច្នៃប្រឌិតក្នុងវិស័យទេសចរណ៍”។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំសមាជនេះ ក្រសួងទេសចរណ៍នៃសាធារណរដ្ឋប៊ុលការីបានសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើងក្នុងគោលបំណង ដើម្បីពិភាក្សាពីតួនាទីវិស័យទេសចរណ៍ក្នុងការអភិរក្ស និងលើកតម្លៃបេតិកភណ្ឌរូបី និងអរូបី ក៏ដូចជាក្នុងការចូលរួមផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម។ សមាជនេះមានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នកដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ មកពី៤០ប្រទេសជុំវិញពិភពលោក។
សិក្ខាកាមចំនួន២៥នាក់ មកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការបង្ការការអភិរក្សបេតិកភណ្ឌដោយជោគជ័យកាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។ កម្មវិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល អង្គរនៃអាជា្ញធរជាតិអប្សរា ក្រោមអធិបតីភាព ឯកឧត្តម រស់ បូរ៉ាត់ អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ។
ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា តែងតែចុះទៅតាមស្រុកគោលដៅរបស់ខ្លួនជារៀងរាល់សប្តាហ៍ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីបេតិកភណ្ឌ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ចុះផ្តល់សេវាកម្មនានាពាក់ព័ន្ធការសាងសង់ និងជួសជុលសំណង់ផ្សេងៗ ផ្តល់បច្ចេកទេសកសិកម្ម និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរព្រមទាំងលើកកម្ពស់សុខុមាលភាពស្រ្តីទើបឆ្លងទន្លេរួច។
នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ingo Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ បានជជែកគ្នាច្រើនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងសហការគ្នា រវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នអាឡឺម៉ង់ ដែលកំពុងដំណើរការក្នុងរមណីយដ្ឋានអង្គរ។
គណៈប្រតិភូតំបន់ Miyun ក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Jiang Xeufu អភិបាលរងនៃតំបន់Miyun បានមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ជំនួបពិភាក្សានេះបានផ្តោតសំខាន់លើលទ្ធភាព ដែលអាជ្ញាធរជាតិអប្សរា និងតំបន់Miyunអាចនឹងបង្កើតកិច្ចសហការគ្នានាពេលខាងមុខ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1830
ម្សិលមិញ
:
1920
សប្តាហ៍នេះ
:
01830
ខែនេះ
:
0273916
សរុប
:
010585132