ព័ត៌មានថ្មីៗ

លោកជំទាវ ភឿង សកុណា៖ គ្មានជោគជ័យពីក្រៅណាមួយកើតឡើង ដោយគ្មានជោគជ័យពីផ្ទៃក្នុងខ្លួនឯងនោះឡើយ!

បានផ្សាយនៅ ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ2019 01:44 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អំពីគណៈ​កម្មា​ធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និង អភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិ​អប្សរា បានបញ្ជាក់ថា៖ អាយស៊ីស៊ី-អង្គរបានដំណើរការយ៉ាងល្អប្រសើរ និង ជាគំរូសម្រាប់ពិភពលោករយៈពេល​២៥ឆ្នាំ​មកហើយ និងជាជោគជ័យយ៉ាងត្រចះត្រចង់នៃយន្តការអន្តរជាតិមួយ ដែលមានការចូលរួមពីអង្គ​ការយូណេស្កូ ប្រទេសបារាំង ប្រទេសជប៉ុន ក្នុងនាមជាសហប្រធាន រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិជាច្រើនទៀត។ ទន្ទឹមគ្នានេះដែរ ជោគជ័យ​ទាំងនោះ មិនអាចកើតឡើងបានឡើយ បើគ្មានការ ជោគជ័យពីផ្ទៃក្នុងខ្លួនឯងជាមុន។

ជោគជ័យផ្ទៃក្នុងទាំងនោះរួមមាន ឆន្ទៈដ៏មោះមុតនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ​ថែរក្សាបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្ស ព្រមទាំងការចូលរួមដោយផ្ទាល់របស់អង្គព្រះមហាក្សត្រ ដែលព្រះ​អង្គ​គង់​ជា​ព្រះ​ប្រធាន​កិត្តិយសនៃអាយស៊ីស៊ី-អង្គរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយក​ចិត្តទុក​ដាក់​ខ្ពស់ ព្រមទាំងបានផ្តល់នូវការជួយជ្រោមជ្រែងគ្រប់សព្វបែបយ៉ាងលើកិច្ចការថែរក្សាមរតកដូនតាដ៏ឧត្តុងឧត្តមនេះ។ ជាពិសេសកត្តាសុខសន្តិភាពពេញលេញក្នុងផ្ទៃប្រទេសនាំមកនូវការអភិវឌ្ឍគ្រប់វិស័យ បានអនុញ្ញាតឱ្យ​យើង​ពង្រឹង​ខ្លួន ដើម្បីធ្វើ​ការជាមួយអ្នកជំនាញអន្តរជាតិផងនិងខ្លួនឯងផង។

ការគាំទ្រពីមហាជនទូទៅ ការយល់ដឹងពីតម្លៃនៃបេតិកភណ្ឌជាតិ ក៏ជាចំណុច​យ៉ាងសំខាន់ក្នុងការចូល​រួម​ចំណែក​​នៃជោគជ័យ​នេះដែរ។ ឧទាហរណ៍ជាក់ស្តែង​ គឺការ​សម្រេចព្រះទ័យរបស់ព្រះសង្ឃគង់នៅវត្តលលៃ​ដោយស្ម័​គ្រ​ព្រះទ័យ​ធ្វើការផ្លាស់ប្តូរកុដិនិងសំណង់ក្នុងវត្តពីលើខឿនប្រាសាទលលៃ មកគង់នៅផ្នែកខាងក្រោម​នៃបរិវេណ​ប្រា​សាទ​លលៃវិញ។ នេះគឺជាគំរូដ៏ល្អសម្រាប់ជាតិនិងអន្តរជាតិដើម្បីចៀសវាងការប៉ះពាល់ដល់បុរាណដ្ឋាននានា។

កត្តាជោគជ័យចុងក្រោយ គឺការពង្រីកនិងពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើរបស់អ្នកជំនាញជាតិ។ បច្ចុប្បន្នអ្នកជំនាញខ្មែរ ពិសេសអ្នកជំនាញវ័យក្មេងមានសមត្ថភាព​ក្នុងការបំពេញការងារបានយ៉ាងល្អប្រសើរ និង​ពង្រឹ​ង​សមត្ថភាពខ្លួនបន្ថែម ព្រោះថាបើខ្លួនយើងមិនរឹងមាំ យើងមិនអាចសហការជាមួយស្ថាប័ន​ខាងក្រៅបាន​ឡើយ​។ ជាក់​ស្តែង អ្នកជំនាញខ្មែរកំពុងតែបានដឹកនាំនិងអនុវត្តដោយផ្ទាល់នូវគម្រោងជួសជុលយ៉ាង​ច្រើនក្នុងរមណីយដ្ឋាន​អង្គរ៕







អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន        រូបភាព៖ លោក ហាប់ គឹមអាន / លោក ហ៊ុំ រិទ្ធី / លោក សឿន ប៊ុនស៊រ
អាជ្ញាធរជាតិអប្សរា សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្រ្តី-បុគ្គលិក អាជ្ញាធរជាតិអប្សរា មគ្គុទ្ទេសក៍ទេសចរណ៍ និងសិស្ស-និស្សិតទាំងអស់ ឱ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំបាឋកថាស្តីពី "ដំណើរទៅកាន់ឋានសួគ៌៖ សាកល្បងបង្កើតពិភពជំនឿសាសនារបស់ព្រះបាទជ័យវរ្ម័នទី៧ឡើងវិញ" ដោយលោក ហ្សង់ ឌុយ ផ្លេសីស (Jean de Plessis) និងមានការប្រែសម្រួលជាភាសាខ្មែរដោយ លោក អ៊ឹម សុខរិទ្ធី
នាពេលថ្មីៗនេះ ល្បែង Pokémon Go ដែលទើបបង្កើតឡើង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានពិភពលោក ជាពិសេសយុវជននិងអ្នកនិយមលេងហ្គេម។ ល្បែងនេះតម្រូវឱ្យអ្នកលេងត្រូវសម្លឹងមើលទូរសព្ទនិងដើរតាមទីតាំងភូមិសាស្ត្រនានា ទោះបីក្នុងកាលៈទេសៈឬទីកន្លែងណាក៏ដោយ ដើម្បីស្វែងរកតាមចាប់តុក្កតា Pokémon។
អ្នកជំនាញបុរាណវិទ្យាខ្មែរ និងជប៉ុននៃគម្រោងអប់រំបេតិកភណ្ឌរបស់សាកលវិទ្យាល័យសូហ្វីយ៉ាបានកាន់ដៃគ្នាតាំងពីឆ្នាំ១៩៨៩មក ដើម្បីធ្វើកំណាយស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សទាក់ទងនឹងចំណេះដឹងបុរាណវិទ្យា ស្ថាបត្យកម្ម ក្នុងគោលដៅអភិរក្សបេតិកភណ្ឌអង្គរ។ មិនមែនបណ្តុះបណ្តាលឲ្យមានតែអ្នកជំនាញប៉ុណ្ណោះទេ គម្រោងអប់រំបេតិកភណ្ឌនេះក៏បានបណ្តុះបណ្តាលដល់អ្នកស្រុក និងសិស្សានុសិស្សរាប់រយនាក់មកហើយ ដើម្បីឲ្យអ្នកអង្គរផ្ទាល់កាន់តែយល់ កាន់តែស្រឡាញ់ និងចូលរួមថែរក្សានូវមរតកដូនតាដ៏មានតម្លៃរបស់ខ្លួន។
ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេស ពីអាជ្ញាធរជាតិ។ ជាក់ស្តែងអាជ្ញាធរជាតិអប្សរាសហការជាមួយគម្រោង ACHA បានធ្វើការងារជាច្រើន ដោយផ្តោតលើការអប់រំ និង ផ្តល់បច្ចេកទេសវិជ្ជាជីវៈផ្នែកកសិកម្ម បច្ចេកទេសក្នុងការចិញ្ចឹមសត្វ ថាមពលសូឡាប្រើដោយកម្តៅព្រះអាទិត្យ និងរៀបចំទេសចរណ៍រទេះគោជាដើម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
នៅសាលប្រជុំបេងមាលា នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ លោក Hu Laingsong អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃខេត្តអានហួយ បានដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1769
ម្សិលមិញ
:
2032
សប្តាហ៍នេះ
:
89907
ខែនេះ
:
0222033
សរុប
:
009690790