ព័ត៌មានថ្មីៗ

អង្គការមូលនិធិប្រាសាទពិភពលោកប្រារព្ធខួប៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទក្នុងរមណីយដ្នានអង្គរ

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ2019 09:12 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) បានប្រារព្ធខួប ៣០ឆ្នាំ លើការងារអភិរក្សនិងជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ ពិធីនេះប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោក Michael Newbill ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី Gineavra Boato តំណាងអង្គការមូលនិធិប្រាសាទពិភពលោកប្រចាំអាស៊ីអាគ្នេយ៍ មន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួនប្រមាណ២០០នាក់។

លោកស្រី Gineavra Boato តំណាង WMF ប្រចាំអាស៊ីអាគ្នេយ៍ បានលើកឡើងថា អង្គការនេះបានចូលមកបំពេញការងារនៅតំបន់អង្គរនៅឆ្នាំ១៩៨៩ ដោយការងារអាទិភាពដំបូងគឺការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើការងារអភិរក្សនិងជួសជុលប្រាសាទ។ ជាបន្តបន្ទាប់មក WMF បានធ្វើវាយតម្លៃលើការខូចខាតរបស់ប្រាង្គប្រាសាទបុរាណដែលកម្ពុជាបានជួបប្រទះ និងការខ្វះកិច្ចអភិរក្សជួសជុលក្រោយពីសង្រ្គាមស៊ីវិល។ នៅឆ្នាំ ២០០៨ WMF បានចាប់ផ្តើមគម្រោងអភិរក្សប្រាសាទភ្នំបាខែងដែលការងារនេះត្រូវបានគ្រប់គ្រងរៀបចំនិងអនុវត្តន៍ដោយអ្នកជំនាញការខ្មែរដែលទទួលបានការបណ្ដុះបណ្ដាលនាពេលកន្លងមក។

ក្នុងនាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Michael Newbill បានចាត់ទុកការប្រារព្ធពិធីនេះជាការបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិកតាមរយៈ WMF ជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសក្នុងរយៈពេល៣០ឆ្នាំមកនេះ WMF បានបណ្ដុះបណ្ដាលអ្នកជំនាញខ្មែរជាច្រើនរូប ហើយនឹងផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជាជាង១០០នាក់។ ចំពោះគម្រោងជួសជុលប្រាសាទភ្នំបាខែង គឺជាគម្រោងដែលមានភាពលេចធ្លោនិងមានការចូលរួមភាគច្រើនដោយបុគ្គលិកជំនាញកម្ពុជា។

មានប្រសាសន៍ក្នុងពិធីនេះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណដល់ WMF ដែលបានរួមចំណែកក្នុងការកសាងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា និងបានអនុវត្តកិច្ចការអភិរក្សនិងជួសជុលប្រាសាទចាប់ពីឆ្នាំ១៩៩២ ជាពិសេសប្រាសាទព្រះខ័ន តាសោម អង្គរវត្ត និងប្រាសាទភ្នំបាខែង។ លោកជំទាវ ក៏បានរំលេចអំពីផលប្រយោជន៍នៃកត្តាសន្តិភាពព្រោះកត្តានេះបានចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុដុមរមនារបស់ប្រទេសនាពេលបច្ចុប្បន្ននិងអនាគត រួមទាំងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ៕
















អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី     រូបភាព៖ សឿន ប៊ុនស៊រ
នៅព្រឹកថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញពិនិត្យតាមដានការងារទូទៅស្តីពីការជួសជុលនិងផ្គុំ រូបព្រះសីវៈរាំឡើងវិញនៅអភិរក្សដ្ឋានអង្គរ។
នាព្រឹកថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមកពី៥៤ស្ថាប័ន ដែលកំពុងប្រកបអាជីវកម្មទាក់ទងនឹងការបម្រើសេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរ។
នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសបំពេញភារកិច្ចនាខេត្តសៀមរាប លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យនិងតាមដានការវិវត្តនៃដំណើរការជួសជុលព្រះវិហារវត្តរាជបូណ៌។
ថ្មីៗកន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងស្តីអំពីការបញ្ឈប់ប្រតិបត្តិការចំណតរថយន្តបណ្តោះអាសន្ននៅខាងមុខប្រាសាទអង្គរវត្តនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ដោយធ្វើការកែសម្រួលទីតាំងចំណតរថយន្តបណ្តោះអាសន្ននេះមួយផ្នែកជាចំណតរ៉ឺម៉កកង់បី និងមួយផ្នែកទៀតសម្រាប់ដាំកូនឈើឡើងវិញ។
ស្របតាមផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងមានការគាំទ្រពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីជំនាញគ្រប់នាយកដ្ឋានបានចុះពិនិត្យទីតាំងដើម្បីសិក្សាអំពីលទ្ធភាព បញ្ហាប្រឈម និងផលប៉ះពាល់នានាមុននឹងអនុវត្តគម្រោងស្ថាបនាផ្លូវកង់ដាច់ដោយឡែកពីផ្លូវម៉ូតូ-ឡាន សម្រាប់បម្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ ជាពិសេសសិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរបានស្រួលនៅក្នុងរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...228229បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3615
ម្សិលមិញ
:
3074
សប្តាហ៍នេះ
:
03615
ខែនេះ
:
0143817
សរុប
:
008750825