ព័ត៌មានថ្មីៗ

កំពែងអង្គរធំដែលជួសជុលដោយអ្នកជំនាញអប្សរាទទួលបានការសាទរគាំទ្រពីអ្នកជំនាញអាយស៊ីស៊ី-អង្គរ

បានផ្សាយនៅ ថ្ងៃទី 25 ខែ មករា ឆ្នាំ2017 01:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កំពែងអង្គរធំ ត្រូវបានជួសជុលដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា។ គម្រោងនេះ បានដំណើរការជួសជុលរួចជាស្ថាពរបានប្រវែង៨៣ម៉ែត្ររួចហើយ។ គម្រោងមួយនេះសោត ត្រូវបានសាទរ និងកោតសរសើរពីសំណាក់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor)។

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់ក្នុងឱកាសនៃកិច្ចប្រជុំICC.Angkor ថា របាយការណ៍បច្ចេកទេសអំពីលទ្ធផលនៃការងារជួសជុលកំពែងអង្គរធំ ត្រូវបានដាក់ជូនអ្នកជំនាញក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលកំពុងដំណើរការនៅស្នាក់ការអាជ្ញាធរជាតិអប្សរា។ តាមការបញ្ជាក់របស់លោក វណ្ណា អ្នកជំនាញការអាយស៊ីស៊ី-អង្គរ បានសាទរ និងគាំទ្រពីសមិទ្ធផល ដែលក្រុមការងាររបស់លោកបានសម្រេចបានពីការជួសជុលកំពែងអង្គរធំនេះ។

កំពែងអង្គរធំ ត្រូវបានជួសជុលរួលរាល់ជាស្ថាពរបានចំនួន ៨៣ម៉ែត្រ ដោយប្រើពេល២ឆ្នាំកន្លះ។ ការជួសជុលនេះ គឺប្រើប្រាស់កម្លាំងពលកម្មមនុស្សផ្ទាល់ បូករួមទាំងសម្ភារជួសជុលបែបបុរាណផងដែរ។ លោក វណ្ណា ពន្យល់ថា ការជួសជុលនេះ គឺក្រុមការងារបានប្រើប្រាស់សម្ភារបុរាណដែលមានស្រាប់តាមរយៈការបង្ហាប់ដី ទប់ដីកុំឲ្យច្រោះឬហូរ ក៏ដូចជាបង្កើតទីជម្រាលកុំឲ្យហូរច្រោះដីនៅលើជញ្ជាំងជាដើម។

ក្នុងដំណើរការជួសជុលនេះដែរ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានគោរពទៅតាមអនុសាសន៍របស់អាយស៊ីស៊ី-អង្គរ ដែលលោក វណ្ណា បញ្ជាក់ថា មាន១៥ចំណុច។ ហើយដំណើរការនេះទៀតសោត ក៏ស្ថិតក្រោមការតាមដានពីអ្នកជំនាញការអាយស៊ីស៊ី-អង្គរដោយយកចិត្តទុកដាក់ផងដែរ។

កំពែងអង្គរធំមានប្រវែងសរុប១២គីឡូម៉ែត្រ ក្នុងមួយជ្រុងមានប្រវែង៣គីឡូម៉ែត្រ។ កំពែងនេះមានកម្ពស់ចន្លោះ៦ម៉ែត្រ ទៅជាង៦ម៉ែត្រ ទៅតាមទីតាំងផ្សេងៗគ្នា គឺកន្លែងខ្លះមានជញ្ជាំងថ្មបាយក្រៀមពី១៩ ទៅ២០ស្រទាប់។

គម្រោងជួសជុលកំពែងអង្គរធំមិនទាន់រួចរាល់នោះទេ។ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានដាក់សំណើមួយចំនួនទៅកាន់អ្នកពាក់ព័ន្ធ ដើម្បីស្នើសុំបន្តគម្រោងជួសជុលនេះជាបន្តបន្ទាប់ទៀត៕








ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាជាចំណងដៃត្រូវបានផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ៨គ្រួសារ ដែលស្ថិតនៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៨ខែមិនថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
ទឹកក្រោមដីជាទឹកដែលសល់ពីការប្រើប្រាស់ និងហួតឬជាទឹកដែលស្ថិតនៅក្នុងស្រទាប់ដី ស្រទាប់ថ្មអាចបម្លាស់ទី ធ្វើចលនាបាន។ ទឹកនៅលើដីជាប្រភពនៃទឹកក្រោមដីតាមរយៈការជ្រាបចូលក្នុងដី។ កាលណាទឹកនៅលើដីរីងស្ងួតអស់វាធ្វើឲ្យប៉ះពាល់ដល់ទឹកក្រោមដី ដូចគ្នាដែរ បើគេប្រើប្រាស់ទឹកក្រោមដីច្រើន ក៏នឹងធ្វើឲ្យទឹកលើដីឆាប់រីងស្ងួតដែរ។ ដូច្នេះ ក្រៅពីគ្រប់គ្រងទឹកលើដី ទឹកក្រោមដីក៏គេត្រូវគិតគូរឲ្យបានហ្មត់ចត់ផងដែរ ជាពិសេសក្នុងតំបន់អង្គរ ដែលគ្រឹះប្រាសាទទាំងអស់សុទ្ធតែត្រូវការសំណើមជាប្រចាំ ធ្វើឲ្យកំហាប់ខ្សាច់រឹងមាំអាចទ្រទម្ងន់រាប់លានតោននៃថ្មប្រាសាទបាន។
បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំជាច្រើនមេ គ្របដណ្តប់ស្ទើរពេញផ្ទៃប្រទេសមក ការខ្វះខាតទឹកប្រើប្រាស់ជាប្រចាំថ្ងៃលែងជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទៀតហើយ។
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើតពិសាខ អ្នកភូមិកក្រាញ់និងអ្នកភូមិចំណុះជើងវត្តអាធ្វា ស្រុកសៀមរាប តែងតែនាំគ្នាធ្វើពិធីឡើងអ្នកតា ដើម្បីឱ្យអ្នកតាបានរាំរែកសប្បាយ ហើយគេតែងមកធ្វើពិធីនេះជុំគ្នានៅនឹងប្រាសាទវត្តអាធ្វា ទួលយាយ ប៉ុក និងទួលតា មឿង មិនដែលខានឆ្នាំណាឡើយ។
បារាយណ៍ខាងជើង(ជ័យតដាក) មានបណ្តោយប្រវែង៣៦០០ម៉ែត្រ និងទទឹងប្រវែង៩៣០ម៉ែត្រ ដែលនៅពីដើមដំបូងអាចផ្ទុកទឹកបាន៥លានម៉ែត្រគូប ហើយទឹកនៅក្នុងបារាយណ៍នេះមានតួនាទីសំខាន់ណាស់ក្នុងប្រព័ន្ធជំនឿរបស់ដូនតាខ្មែរ។ ដូនតាខ្មែរ រក្សាទឹកទុកក្នុងបារាយណ៍នេះសម្រាប់ប្រើប្រាស់នៅក្នុងក្រុងអង្គរធំ ក្រុងជ័យស្រី (ប្រាសាទព្រះខ័ន) និងមន្ទីរពេទ្យនាគព័ន្ធ។ បារាយណ៍ខាងជើងនេះ បានរីងស្ងួតហួតហែងអស់រយៈពេលជាង៥០០ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០០៨បារាយណ៍នេះចាប់ផ្តើមមានទឹកសាជាថ្មីឡើងវិញ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
16739
ម្សិលមិញ
:
33216
សប្តាហ៍នេះ
:
234223
ខែនេះ
:
0234223
សរុប
:
015304026