ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសសង្គ្រោះបឋមបន្ទាប់ពីបានបណ្តុះបណ្តាលរយៈពេល៤ថ្ងៃរួចមក

បានផ្សាយនៅ ថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ2016 02:02 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសសង្គ្រោះបឋមដោយមានចែកវិញ្ញាបនបត្រជូនសិក្ខាកាមចំនួន៤៤នាក់ មានដូចជា ភ្នាក់ងារទេសចរណ៍ មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ នគរបាលចរាចរណ៍ និងមន្ត្រីបុគ្គលិកមកពីនាយកដ្ឋាននានានិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតក្រោមអធិបតីភាព ឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងតំណាង ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅប្រាសាទអង្គរវត្ត។វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងតាំងពីថ្ងៃទី១៣ ខែធ្នូ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ រវាងអាជា្ញធរជាតិអប្សរា និងក្រុមគ្រូពេទ្យជំនាញThe CPR HERO Training Center មកពីសហរដ្ឋអាមេរិក ។

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម ហុក ប៉េងសែ បានលើកឡើង ថាវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិក្ខាកាម ព្រោះចំណេះដឹងនេះមិនត្រឹមតែអាចជួយភ្ញៀវទេសចរបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបងប្អូនសាច់ញាតិ និងអ្នកស្រុកអ្នកភូមិរបស់ពួកគាត់បានទៀតផង។ ឯកឧត្តមសង្ឃឹមថា សិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះរួចហើយនឹងយកចំណេះដឹងនេះទៅអនុវត្តឲ្យមានប្រសិទ្ធភាពដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរ និងជួយអប់រំបន្តដល់អ្នកផ្សេងទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានអរគុណចំពោះក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិកដែលបានខំប្រឹងចំណាយកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃមកជួយបណ្តុះបណ្តាលសិក្ខាកាមកម្ពុជា។

លោក MICHAEL QUOCMINH PHAM ប្រធានក្រុមការងារ The CPR HERO Training Center និងជាអ្នកបណ្តុះបណ្តាលផ្ទាល់បានលើកឡើងថា លោកពិតជាមានសប្បាយរីករាយខ្លាំងណាស់ នៅពេលបានឃើញសិក្ខាកាមរៀនរហ័សយល់ និងខិតខំយកចិត្តទុកដាក់រៀន ព្រមទាំងចូលរួមអនុវត្តទ្រឹស្តីយ៉ាងសស្រាក់សស្រាំ ។ ថ្វីដ្បិតវគ្គបណ្តុះបណ្តាលនេះនិយាយជាភាសាអង់គ្លេស និងមានសម្រួលជាភាសាខ្មែរខ្លះៗក្តី ក៏ប៉ុន្តែគុណភាពនៃការសិក្សានេះមានលក្ខណៈស្តង់ដារដូចជាការសិក្សានៅសហរដ្ឋអាមេរិកដែរ។ លោកក៏បានអរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យរបស់លោកបានផ្ទេរចំណេះដឹង និងដកស្រង់បទពិសោធន៍ពីកម្ពុជា។

លោក សេ សូវ នគរបាលការពារបេតិកភណ្ឌបានលើកឡើងថាលោកពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋមដ៏មានសារៈសំខាន់ និងមានតម្លៃនេះ ។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនដល់លោក ហើយលោកប្តេជ្ញាថានឹងយកមេរៀននេះទៅអនុវត្ត និងជួយផ្សព្វផ្សាយដល់អ្នកដទៃទៀត ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។ លោកសូមអរគុណចំពោះថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ឱកាសឲ្យរូបលោកបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្រ្គោះបឋមនេះ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្រ្គោះបឋមនេះហើយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យនេះនឹងចុះទៅពិនិត្យសុខភាពជូនប្រជាពលរដ្ឋប្រមាណជា១០០នាក់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុននឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕














ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
ដើមដំបូងមុន12345...319320បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2749
ម្សិលមិញ
:
4682
សប្តាហ៍នេះ
:
65284
ខែនេះ
:
0065284
សរុប
:
011002268